ជាតិ
ពីនេះ ពីនោះ
ចូរកុំធ្វើបាបកុមារី យ៉ង់ ស្រីនីត!
× រឿងរ៉ាវ កុមារី យ៉ង់ ស្រីនីត បានធ្វើឲ្យមហាជននៅលើបណ្តាញហ្វេសប៊ុកនាំគ្នានិយាយមិនឈប់ឈរអស់រយៈពេលជិត១សប្តាហ៍មកហើយ។ កុមារីវ័យ១១ឆ្នាំរូបនេះ បាននិយាយថា ខ្លួនគេចង់ក្លាយខ្លួនជាអ្នកចំរៀង ឬគ្រូបង្រៀននាពេលអនាគត។ ដោយសារតែបទសម្ភាស បូកនឹងមុខមាត់បែបធម្មជាតិ និងក្តីស្រមៃនេះហើយ ទើបកុមារីរូបនេះ ល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ រឿងនេះ បានធ្វើឲ្យ សុធីរ និងសំណាង ក៏ទ្រាំមិនបាន ហើយក៏ចូលខ្លួនមកជជែកជាមួយអ្នកដទៃផងដែរ។
សុធីរ៖ ក្រោយគេសម្ភាស និងបង្ហោះរូបថតកុមារី ស្រីនីត កុមារីនេះ ក៏ល្បី ហើយក្រោយមក ក៏មានសប្បុរសធម៌ជាច្រើនចង់ជួយក្មេងហ្នឹងក្នុងទម្រង់ផ្សេងៗគ្នា។
សំណាង៖ តើគេចង់ជួយអីខ្លះអា សុធីរ?
សុធីរ៖ អ្នកខ្លះចង់ជួយលុយ អ្នកខ្លះចង់ជួយកែសម្ផស្ស អ្នកខ្លះចង់ជួយបង្រៀនឲ្យថតសម្តែង អ្នកខ្លះចង់ជួយនេះ ឬនោះ ឬអ្នកខ្លះទៀត ចង់ជួយឪពុកម្តាយក្មេងនោះជាដើម។ គេចង់ជួយច្រើនណាស់លោក ព្រះ!
សំណាង៖ អើ! បើគេចង់ជួយច្រើនហើយ ល្អតើ! អ្ហែងទើសគេទៀតឬ? គេចង់ជួយហើយ អាក្រក់ទៀតឬ? ប្រយ័ត្នគេឈប់ជួយណា៎ អា សុធីរ!
សុធីរ៖ អា សំណាង! បំណងនៃការជួយ គឺល្អហើយតើ! តែអញគិតថា ការជួយកុមារីនេះ គួរធ្វើឡើងឲ្យល្អបន្តិចទៅ! ឲ្យត្រឹមត្រូវទៅ!
សំណាង៖ មានន័យថាម៉េច ឲ្យពិតប្រាកដ អា សុធីរ?
សុធីរ៖ បើតាមយោបល់អញ! បើអាណិតក្មេង ស្រីនីត បើអាណិត គ្រួសារនេះ ចូរសប្បុរសធម៌ទាំងឡាយ កុំជួយកែសម្ផស្សអី កុំទាន់យកគ្នាទៅសម្តែងអី កុំនាំកុមារីស្រីនីតនេះ ទៅធ្វើនេះ ឬនោះអី។ បើចង់ជួយគ្រួសារនេះ ឬកុមារីនេះ ចូរនាំគ្នាជួយឧបត្ថម្ភគ្រួសារ ឬកុមារីនេះឲ្យមានការអប់រំល្អសិន រួចហើយ ចាំជួយគ្នាឲ្យមានជំនាញ ឬអាជីពត្រឹមត្រូវណាមួយនាពេលអនាគត។ ឲ្យគ្នាមានចំណេះមូលដ្ឋានសិន ចាំធ្វើអ្វីផ្សេងទៀត។
សំណាង៖ អើ! អា សុធីរ វាមានយោបល់អ៊ីចឹង ក៏ម្យ៉ាងដែរតើ! អ្ហែងគិតត្រូវ!
សុធីរ៖ អញខ្លាចតែគេទាញចុះ ទាញឡើង កុមារី ស្រីនីត អស់អនាគតទេវ៉ើយ! ខ្លាចមិនមានសំណាង តែបែរជាក្លាយទៅជាជនរងគ្រោះនៃឱកាស និងសំណាងហ្នឹងទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com