ប្រឡូកអាជីពជាកីឡាករបាល់ទាត់តាំងពីឆ្នាំ២០០៥មក ប៉ុន្តែ គួច សុគម្ភៈ នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិ និងជាកីឡាករដ៏សំខាន់របស់ណាហ្គាវើល។ ហេតុអ្វី? កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានផ្តល់ចម្លើយ តាមរយៈកម្មវិធី សំណួរ/ចម្លើយ (Q&A) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីពេលថ្មីៗកន្លងមក។
ក្នុងឃ្លីបវីដេអូរយៈពេល១៧នាទី សុគម្ភៈ បានឆ្លើយសំណួរជាច្រើនរបស់អ្នកគាំទ្រខ្លួន។ ប្រឡូកតាំងពីកម្រិតបឋមសិក្សា ហើយចាប់អាជីពជាកីឡាករតាំងពីឆ្នាំ២០០៥មក អ្នកខេត្តកំពង់ធំរូបនេះ មិនទាន់គិតដល់ការចូលនិវត្តន៍ឡើយ ដោយប្រាប់ទៅអ្នកគាំទ្រថា «ក្លិបនៅតែត្រូវការ នៅតែបន្តលេង»។
មានអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo ជានិមិត្តរូប និងជាអ្នកគាំទ្រក្លិបអង់គ្លេស Manchester United ផងដែរនោះ កីឡាករ សុគម្ភៈ ប្រឡូកអាជីពដំបូងជាមួយក្លិបខេមរាកីឡា ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ ហើយបន្តជាមួយ ភ្នំពេញក្រោន ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ មុននឹងចូលរួមជាមួយណាហ្គាវើលដ៍រហូតដល់ពេលបច្ចុប្បន្ន។
ជាមួយក្លិបទាំងបីនោះ សុគម្ភៈ បានឈ្នះពានក្របខណ្ឌកំពូល៥លើក ដោយឆ្នាំ២០០៥ និង២០០៦ ជាមួយខេមរាកីឡា ឆ្នាំ២០១០ និង២០១៤ ជាមួយភ្នំពេញក្រោន និងឆ្នាំ២០១៨ ជាមួយណាហ្គាវើលដ៍។ នៅឆ្នាំ២០០៧ ជាមួយខេមរាកីឡា សុគម្ភៈ ក៏បានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូងផងដែរ។
សម្រាប់ពានឯកត្តជនវិញ សុគម្ភៈ ទទួលបានស្បែកជើងមាស (Golden Boot) ពីពានរង្វាន់សម្តេច ហ៊ុន សែន ដល់ទៅ៣លើកក្នុងឆ្នាំ២០០៧ ឆ្នាំ២០០៩ និងឆ្នាំ២០១០។ ខណៈណាហ្គាវើលដ៍ ឈ្នះជើងឯកមិត្តហ្វូនខេមបូឌានលីគ កាលពីឆ្នាំ២០១៨ សុគម្ភៈ ក៏ទទួលបានពានរង្វាន់កីឡាករក្នុងស្រុកល្អជាងគេ និងកីឡាករមានប្រជាប្រិយជាងគេ ពីកម្មវិធី Cambodian Football Award របស់គណៈកម្មធិការបាល់ទាត់ជាតិ (CNCC) ផងដែរ។
នៅក្រុមជម្រើសជាតិវិញ នៅឆ្នាំ២០០៦ គួច សុគម្ភៈ បានកោះហៅដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង លោក Jo Yong-Chol។ កាលណោះ ខេមរាកីឡា ក្លាយជាតំណាងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ AFC Challenge Cup ហើយ សុគម្ភៈ រកបានគ្រាប់បាល់ដំបូង ខណៈកម្ពុជា ឈ្នះ ហ្គាម ៣-០ នាការប្រកួតជម្រុះ។
ក្រោយមក សុគម្ភៈ បានជាប់ជម្រើសជាតិជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកផ្សេងៗគ្នា រួមមាន លោក Scott O’Donell, លោក Yoo Kee-heung, លោក ប្រាក់ សុវណ្ណារ៉ា, លោក Lee Tae Hoon, លោក ហុក សុចិត្រា លោក Ohara Kazunori ជាដើម។ សុគម្ភៈ អវត្តមានក្រោមការដឹកនាំរបស់លោក Leonardo Vitorino កាលពីអំឡុងឆ្នាំ២០១៧ ប៉ុន្តែមានឈ្មោះក្នុងបញ្ជីឡើងវិញ ក្រោមការដឹកនាំរបស់ Keisuke Honda ដែលជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas ដែលជាគ្រូបង្វឹក។
ទាក់ទងនឹងសំណួរដែលនាំឲ្យប្រកបអាជីពជាកីឡាករបានយូរ និងរក្សាកម្លាំងបានល្អ សុគម្ភៈ ឆ្លើយថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ គេងច្រើន ញ៉ាំ ខំប្រឹងហ្វឹកហាត់ ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំអត់ញ៉ាំស្រាបៀរ ហើយនឹងអត់ដើរលេងយប់»។ រីឯពេលទំនេរ គេថាចូលចិត្តមើលកូន និងបោកខោអាវ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករដ៏មានបទពិសោធន៍រូបនេះ ទទួលស្គាល់ចំពោះការរិះគន់ពីទម្រង់លេងធ្លាក់ចុះរបស់ខ្លួន ដោយលើកហេតុផលថា បណ្តាលមកពីអាយុកាន់តែច្រើន ហើយអ្នកគាំទ្របានប្រៀបធៀបខ្លួនជាមួយកីឡាករវ័យក្មេងល្អៗ ដែលមើលទៅមានភាពខុសគ្នា។
នាពេលអនាគត កូនចៅអ្នកកំពង់ធំរូបនេះ មិនមានបំណងចាកចេញឆ្ងាយពីបាល់ទាត់នោះឡើយ។ «ខ្ញុំចង់ក្លាយជាគ្រូបង្វឹក ព្រោះមានជំនាញស្រាប់ ងាយស្រួល»។ នេះជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រ ដោយបង្ហើបឲ្យដឹងថា គេក៏មិនបដិសេធក្នុងការវិលត្រឡប់ទៅជួយពង្រឹងវិស័យបាល់ទាត់នៅខេត្តរបស់ខ្លួននោះឡើយ។
សុគម្ភៈ ផ្លាស់ប្តូរតំណែងលេងជាបន្តបន្ទាប់ ពីខ្សែប្រយុទ្ធ ទៅខ្សែបម្រើ និងខ្សែការពារ ទៅតាមក្បួនលេងរបស់គ្រូបង្វឹក។ មានសំណួរក្រៅបាល់ទាត់មួយពីអ្នកគាំទ្រ៖ «មានលួចមានស្រីក្រៅអត់?»។ កីឡាកររូបនេះ សើច ហើយធានាថា ខ្លួនជាបុរសស្មោះស្នេហ៍។
ក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី អឿ រ៉ាវី កីឡាករ គួច សុគម្ភៈ មានកូនប្រុសម្នាក់ ហើយក៏បង្ហើបឲ្យដឹងថា ភរិយាកំពុងពរពោះកូនស្រីម្នាក់ទៀតផងដែរ៕