កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Napoli សរសើរ Zlatan ថា ល្អ​ជាង​១០​ឆ្នាំមុន ក្រោយ​ជួយ AC Milan បន្ត​ឈ្នះ​
23, Nov 2020 , 3:49 pm        
រូបភាព
Zlatan Ibrahimovic នៅតែ​អាច​បញ្ចេញ​ភាពខ្លាំង​របស់ខ្លួន​ជា​បន្តបន្ទាប់​ដោយ​រកបាន​២​គ្រាប់​ក្នុង​ជ័យ​ជ្នះ​របស់ AC Milan លើ​ក្រុម SSC Napoli ក្នុង​លទ្ធផល ៣-១ ក្នុងការ​ប្រកួត Serie A​។ AC Milan មិនទាន់​ស្គាល់​ចាញ់​ឡើយ​សម្រាប់​ការប្រកួត​៨​លើក ខណៈ​ខ្សែប្រយុទ្ធ​ចាស់វស្សា​រកបាន​១០​គ្រាប់​ហើយ​រដូវ​កាល​នេះ​។ លោក Gennaro Gattuso គ្រូបង្វឹក​ក្រុម Napoli សរសើរ​ថា Zlatan Ibrahimovic លេង​បានល្អ​ជាង​កាលពី​១០ ទៅ​១២​ឆ្នាំមុន​ទៅទៀត​។​
 
​ក្នុងជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី​សប្តាហ៍​ទី​៨ Ibrahimovic ដែលមាន​វ័យ​៣៩​ឆ្នាំ​រកបាន​ដល់​ទៅ​ពីរ​គ្រាប់​នៅ​នាទី​ទី​២០ និង​៥៤ ឲ្យ AC Milan មុនពេល Dries Mertens តាម​បាន​១​គ្រាប់​វិញ​ឲ្យ Napoli នៅ​នាទី​៦៣​។ ក្នុង​ម៉ោង​បន្ថែម​មុន​បញ្ចប់​ការប្រកួត Jens Petter Hauge បន្ថែម​គ្រាប់​ទី​៣ ដើម្បី​ជួយ​ក្រុម​លោក Daniele Bonera យកឈ្នះ​ក្រុម​លោក Gattuso ៣-១​។​
 
Ibrahimovic ដែល​កំពុង​នាំមុខគេ​ក្នុងនាម​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​បណ្តោះអាសន្ន​ចំនួន​១០​គ្រាប់ បាន​ជួយ AC Milan មិន​ឲ្យ​ទាន់​ស្គាល់​បរាជ័យ​នៅឡើយ និង​នាំ​ក្រុម​ឈរ​នៅ​កំពូល​តារាង Serie A ដោយ​រកបាន​២០​ពិន្ទុ នាំមុខ​Sassuolo ដែល​នៅ​លេខ​ពីរ​ចំនួន​២​ពិន្ទុ និង​លេខ​៣ AS Roma ៣​ពិន្ទុ​។​
 
​មិនតែប៉ុណ្ណោះ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​នៅ​លី​គ​កំពូល​អ៊ីតាលី​ដែល​ស៊ុត​បញ្ចូល​ទី​យ៉ាងហោចណាស់​១០​គ្រ​បាប់ ក្នុង​១០​ប្រកួត ខណៈ Silvio Piola ធ្វើបាន​ដូច្នេះ​សម្រាប់​ក្រុម Lazio ក្នុង​រដូវ​កាល ១៩៤២-៤៣ នៅ​វ័យ​២៩​ឆ្នាំ​។​
 
​តាមរយៈ​ការបង្កើត​ភាពលេច​ធ្លោ​នេះ Gattuso ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម AC Milan ជាមួយ Ibrahimovic នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់ ២០១២ បាន​សរសើរ​អតីត​មិត្ត​រួម​ក្រុម​ចាស់​នេះ​មិន​ដាច់​ពី​មាត់​ឡើយ​។​
 
Gattuso វ័យ​៤២​ឆ្នាំ និង​សព្វ​ថ្ងៃជា​គ្រូបង្វឹក​ក្រុម Napoli បាន​ប្រាប់​ទូរទស្សន៍ Sky Sport របស់​អ៊ីតាលី​ថា​៖ «AC Milan ពិតជា​ជឿជាក់​លើ Ibrahimovic ១០០ ភាគរយ​លើ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​។ Ibrahimovic ឥឡូវនេះ​មើលទៅ​កាន់តែខ្លាំង​ឡើង ជាង​កាលពី​១០ ទៅ​១២​ឆ្នាំមុន​ទៅទៀត​»៕
 

Tag:
 Zlatan Ibrahimovic
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com