មន្ត្រីកម្ពុជា បានប្រតិកម្មក្នុងន័យអស់សំណើចផងនិងហួសចិត្តផង ចំពោះអង្គការអន្តរជាតិមួយ ហៅថា មូលនិធិខ្លូនីដើម្បីយុត្តិធម៌ (Clooney Foundation for Justice) ដែលស្នើឲ្យលុបចោលឬកែប្រែមាត្រាស្តីពីបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។
ដ្បិតមូលនិធិខ្លូនីដើម្បីយុត្តិធម៌ ចង់បាន១ ក្នុងចំណោមការទាមទារទាំង២យ៉ាង គឺលុបចោលឬកែប្រែ តែលោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថា អង្គការនេះ ចង់ឲ្យលុបចោលឬមិនចង់ឲ្យមានមាត្រាស្តីពីបទញុះញង់តែម្តង [ជាជាងចង់ឲ្យកែប្រែ]។ លោក សង្កត់ធ្ងន់ថា ទាំងគោលការណ៍ច្បាប់ ទាំងគោលការណ៍ប្រជាធិបតេយ្យ គឺមិនអាចធ្វើដូច្នេះឡើយ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជិន ម៉ាលីន លើកឡើងថា មាត្រាស្តីពីបទញុះញង់ គឺមានសារសំខាន់ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម។ លោក និយាយដោយឮសំឡេងអស់ចំណើចតិចៗថា ប្រទេសប្រជាធិបតេយ្យណា ក៏មានមាត្រានេះដែរ ហើយបើគ្មានទេ មនុស្សក្នុងសង្គម ចេះតែបញ្ចេញមតិ និងនិយាយអ្វីតាមអំពើចិត្ត ដោយធ្វើឲ្យប៉ះពាល់អ្នកដទៃ និងបង្កភាពវឹកវរដល់សណ្តាប់សាធារណៈ។
អ្នននាំពាក្យក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ថា៖«ដើម្បីរួចខ្លួន ពីបទចោទឬមួយក៏មិនចង់ឲ្យមានការប្រឈមផ្លូវច្បាប់ ទាល់តែកុំធ្វើសកម្មភាពទាំងអស់ហ្នឹង មិនមែននាំគ្នាទៅទាមទារឲ្យលុបបទចោទចោលទេ។ ក្នុងសង្គមប្រជាធិបតេយ្យ គេមិនដែលធ្វើអ៊ីចឹងទេ»។
ចំណែក លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សកាន់អំណាច បញ្ចេញមតិតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា បើមិនចង់រងបទចោទញុះញង់ គឺមិនត្រូវប្រព្រឹត្តអំពើញុះញង់ឡើយ។ លោក មានប្រសាសន៍ថា៖«អ្នកដែលចង់ឲ្យលុបច្បាប់ គឺជាអ្នកចូលចិត្តបំពានច្បាប់»។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មូលនិធិខ្លូនីដើម្បីយុត្តិធម៌ ដែលមានមូលដ្ឋាននៅសហរដ្ឋមេរិក បានចេញ
សេចក្តីថ្លែងការណ៍ ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលឬកែប្រែមាត្រា៤៩៥ ដែលចែងពីបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ និងស្នើឲ្យមានការកាត់ទោសដោយយុត្តិធម៌។ អង្គការនេះ បានលើកករណីរបស់យុវជន គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារពីបទញុះញង់ មកធ្វើជាទឡ្ហីករណ៍។
យុវជន គង់ រ៉ៃយ៉ា ជាប់ឃុំកាលពីខែកក្កដា ឆ្នាំ២០១៩ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារតែរូបគេ ផលិតអាវយឺតលក់ ដោយអាវទាំងនោះ មានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី។ ក្រោយជាប់ឃុំបានជាង៤ខែ គឺនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ យុវជន គង់ រ៉ៃយា ត្រូវបានដោះលែងវិញ។
យុវជន គង់ រ៉ៃយ៉ា ដែលមានទំនោរទៅរកអតីតគណបក្សប្រឆាំង ធ្លាប់ជាប់ពន្ធនាគារដល់ទៅ២ដង។ លើកដំបូង យុវជនរូបនេះ ជាប់ពន្ធនាគារ១ឆ្នាំកន្លះ ដោយសារតែបង្ហោះសារលើបណ្តាញសង្គម ដោយបង្ហាញពីបំណងចង់ធ្វើបដិវត្តពណ៌ ហើយត្រូវបានដោះលែងវិញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។
ថ្មីៗនេះ យុវជន គង់ រ៉ៃយ៉ា បានប្រកាសតាមបណ្តាញសង្គមថា រូបគេ ឈប់ពាក់ព័ន្ធនឹងគណបក្សនយោបាយទៀតហើយ។
មូលនិធិខ្លូនីដើម្បីយុត្តិធម៌ អះអាងក្នុងសេចក្តីថ្លែងការណ៍ថា មាត្រាស្តីពីបទញុះញង់ បាននាំឲ្យមានភាពអយុត្តិធម៌លើយុវជន គង់ រ៉ៃយ៉ា។ អង្គការនេះ ចាត់ទុក ការយកមាត្រាស្តីពីបទញុះញង់ ចោទលើយុវជន គង់ រ៉ៃយ៉ា ថាជាទម្រង់១ នៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ។ អង្គការនេះ បន្តថា ការចោទប្រកាន់លើយុវជន គង់ រ៉ៃយ៉ា គឺខ្វះភស្តុតាង ហើយបំពានសិទ្ធិបញ្ចេញមតិ ដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ។
លើសពីនេះ មូលនិធិខ្លូនីដើម្បីយុត្តិធម៌ ជឿលើរបាយការណ៍ពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថាមានមន្ត្រីការពារសិទ្ធិមនុស្សប្រមាណ២៤នាក់ ត្រូវបានចាប់ខ្លួន ពីអំឡុងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២០ ហើយភាគច្រើនបំផុតក្នុងចំណោមពួកគេ គឺប្រឈមនឹងបទញុះញង់។
លោក ជិន ម៉ាលីន វិនិច្ឆ័យថា ការស្នើឲ្យលុបមាត្រាស្តីពីបទញុះញង់ពីសំណាក់មូលនិធិខ្លូនីដើម្បីយុត្តិធម៌ គឺមិនពឹងផ្អែកលើគោលការណ៍ច្បាប់និងគោលការណ៍ប្រជាធិបតេយ្យឡើយ តែស្ថិតក្រោមហេតុផលនយោបាយ ដើម្បីការពារក្រុមមន្ត្រីនិងសកម្មជនអតីតគណបក្សប្រឆាំង ដែលត្រូវចោទពីញុះញង់នេះ។ លោក សង្កេតឃើញថា សកម្មភាពរបស់មន្ត្រីនិងសកម្មជនអតីតគណបក្សប្រឆាំង ដើម្បីបម្រើផលយោជន៍នយោបាយ គឺមិនមែនជាការអនុវត្តសិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិនោះទេ។
លោក បង្ហាញការហួសចិត្តថា អ្នកប្រព្រឹត្តខុសច្បាប់ មិនព្រមកែខ្លួន តែបែរជាទាមទារឲ្យលុបច្បាប់ទៅវិញ។ លោក ហៅការទាមទារនេះ ថាជាការដោះស្រាយមិនចំបញ្ហា។
យ៉ាងណាក៏ដោយ បើត្រឹមតែការទាមទារឲ្យកែប្រែមាត្រាស្តីពីបទញុះញង់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនបដិសេធនោះទេ។ លោក ថ្លែងថា បើមូលនិធិខ្លូនីដើម្បីយុត្តិធម៌ ឲ្យអ្នកជំនាញច្បាប់ខ្លួន ពិភាក្សាជាមួយអ្នកជំនាញច្បាប់កម្ពុជា ដើម្បីកែប្រែមាត្រាស្តីពីបទញុះញង់ឲ្យមានភាពល្អប្រសើរជាងមុននោះ គឺកម្ពុជា ស្វាគមន៍ ព្រោះ វា ស្របនឹងគោលដៅកែទម្រង់ប្រព័ន្ធច្បាប់កម្ពុជា។
សម្រាប់លោក សុខ ឥសានវិញ លោក មានទស្សនៈថា ការញុះញង់ គឺជាអំពើអាក្រក់ ដែលចង់ឲ្យមានទំនាស់នៅក្នុងសង្គម។ លោក ក៏ចាត់ទុកអំពើញុះញង់ ថាមិនមែនជាសិទ្ធិដែរ។ តាមរយៈសារក្នុងតេឡេក្រាម អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរថា៖«អ្នកញុះញង់មិនមែនជាអាទិទេព ប៉ះពាល់មិនបាននោះទេ។ អ្នកញុះញង់ជាពលរដ្ឋសាមញ្ញាដូចគេឯងដែរ។ បើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
នៅកម្ពុជា អ្នកប្រឆាំង មន្ត្រីសង្គមស៊ីវិល អ្នកកាសែត និង សកម្មជននានា ដែលត្រូវបានចាប់ខ្លួន គឺជាទូទៅរងពីបទញុះញង់បង្កឲ្យភាពភាពវឹកវរដល់សន្តិសុខសង្គមឬបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ អ្នកខ្លះ ចំអកថា បទញុះញង់នេះ គឺមានប្រជាប្រិយភាពជាងគេ នៅកម្ពុជា៕