ឡាវហាមយានយន្តកម្លាំងក្រោម៣៥០សេសេ បើកនៅផ្លូវល្បឿនលឿន Expressway
រថយន្ត
អន្តរជាតិ
ឡាវហាមយានយន្តកម្លាំងក្រោម៣៥០សេសេ បើកនៅផ្លូវល្បឿនលឿន Expressway
23, Nov 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
រថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ មិនមានសិទ្ធិបើកបរលើផ្លូវល្បឿនលឿន Expressway ចន្លោះពីក្រុងវៀងចន្ទន៍ ទៅក្រុង Vang Vieng នោះឡើយ។ នេះបើតាមរបាយការណ៍មួយដែលដកស្រង់ដោយសារព័ត៌មាន Vientiane Times។


 
រដ្ឋាភិបាលឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿន Expressway ចម្ងាយប្រមាណ១១៣គីឡូម៉ែត្រ ដែលភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ទៅក្រុងទេសចរណ៍ Vang Vieng នាថ្ងៃទី២ ខែធ្នូ ខាងមុខ ចំឱកាសនៃទិវាជាតិ (National Day) លើកទី៤៥។
 
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកឡាវ រថយន្តដែលអាចបើកបរនៅលើផ្លូវ Expressway បាន ត្រូវតែមានកម្លាំងម៉ាស៊ីនចាប់ពី៣៥០សេសេឡើងទៅ ខណៈយានយន្តដែលកែច្នៃគ្រប់ប្រភេទ ត្រូវបានហាមឃាត់ជាដាច់ខាត បើទោះបីជាមានកម្លាំងម៉ាស៊ីនខ្ពស់ក៏ដោយ។
 
ជាមួយគ្នានេះ យានយន្តដែលមានល្បឿនខ្ពស់បំផុត៨០គីឡូម៉ែត្រក្នុង១ម៉ោង ឬតិចជាងនេះ ក៏ត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ Expressway ផងដែរ។
 
នៅផ្លូវ Expressway អ្នកបញ្ជារថយន្តអាចបើកបរក្នុងល្បឿនចន្លោះពី៨០ទៅ១១០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈរថយន្តក្រុង និងរថយន្តដឹកទំនិញ អាចបើកក្នុងល្បឿនចន្លោះពី៨០ ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោង ដោយយោងតាមលក្ខខណ្ឌអាកាសធាតុ។ រថយន្តទាំងត្រូវគោរពភ្លើង និងសញ្ញាចរាចរណ៍ និងរក្សាគម្លាតយ៉ាងហោចណាស់់១០០ម៉ែត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com