COVID-19
អន្តរជាតិ
ពលរដ្ឋ​អាមេរិក អាច​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ចាប់ពី​ដើមខែ​ធ្នូ
23, Nov 2020 , 10:29 pm        
រូបភាព
លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ។ រូបភាព៖ AFP
លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ។ រូបភាព៖ AFP
ដោយ:
​សហរដ្ឋអាមេរិក សង្ឃឹម​ចាប់ផ្ដើម​កម្មវិធី​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នា​ដើមខែ​ធ្នូ ។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​កម្មវិធី​វ៉ាក់សាំង​អាមេរិក នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ខណៈ​ករណី​ឆ្លង​កូ​វីដ​-១៩ ហក់​ឡើង​ខ្លាំង​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​។ ពលរដ្ឋ​អាមេរិក​២០​លាន​នាក់ ត្រូវប៉ាន់​ស្មានថា អាច​ទទួល​វ៉ាក់សាំង​ក្នុង​ខែធ្នូ​ខាងមុខ​។ 

 
​ការចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង អាចជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​ក្នុង​សមរភូមិ​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​បានសម្លាប់​ពលរដ្ឋ​អាមេរិក​ជាង​២៥៧ ០០០​នាក់ ដែលជា​តួលេខ​អ្នកស្លាប់​ខ្ពស់បំផុត​លើ​ពិភពលោក ចាប់តាំងពី​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​ក្នុងប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​មក​។ 
 
​លោក​វេជ្ជបណ្ឌិត Moncef Slaoui ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​កម្មវិធី​វ៉ាក់សាំង​របស់​សេត​វិមាន​អាមេរិក ប្រាប់​ទូរទស្សន៍ CNN ថា ផែនការ​របស់លោក គឺ​ដឹកជញ្ជូន​ថ្នាំ​វ៉ាក់សាំង​ទៅកាន់​មណ្ឌល​សុខភាព​ក្នុងពេល​២៤​ម៉ោង បន្ទាប់ពី​ថ្នាំ​វ៉ាក់សាំង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​។ លោក​បង្ហើប​ថា ថ្ងៃ​បើក​កម្មវិធី​ចាក់​វ៉ាក់សាំង អាច​ត្រូវ​នឹង​ថ្ងៃទី​១១ និង​ទី​១២ ខែធ្នូ ខាងមុខ​។ 
 
​លោក​វេជ្ជបណ្ឌិត Slaoui ប៉ាន់​ស្មានថា មនុស្ស ២០​លាន​នាក់ នៅ​ទូទាំង​សហរដ្ឋអាមេរិក អាច​ទទួលបាន​ការចាក់​ថ្នាំ​វ៉ាក់សាំង​ក្នុង​ខែធ្នូ ហើយ​សង្ឃឹមថា ៣០​លាន​នាក់​រៀងរាល់ខែ ចាប់ពី​ខែមករា​ឆ្នាំ​២០២១​តទៅ​។ 
 
​ជាមួយគ្នានេះ លោក​បញ្ជាក់ទៀតថា ត្រឹម​ខែឧសភា​ឆ្នាំក្រោយ ជាមួយ​ពលរដ្ឋ​អាមេរិក​ប្រមាណ​៧០​ភាគរយ ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​រួចរាល់ សហរដ្ឋអាមេរិក​អាច​សម្រេចបាន​ប្រព័ន្ធ​ស៊ាំ​ទូលំទូលាយ​។ នេះ​មានន័យថា វីរុស​អាច​លែង​ឆ្លង​រាលរាល​ខ្លាំង ហើយ​ប្រជាជន​អាច​វិល​ត្រលប់​ទៅរក​ការរស់នៅ​ដូច​ធម្មតា​វិញ​។​
 
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អាមេរិក​ខ្លះ គណៈកម្មាធិការ​ប្រឹក្សា​ផ្នែក​វ៉ាក់សាំង​របស់​ទីភ្នាក់ងារ​ឱសថ​និង​ស្បៀង​អាមេរិក​អាមេរិក (FDA) នា​ថ្ងៃទី ១០ ខែធ្នូ នឹង​ជួបពិភាក្សា​ស្តីពី​ការអនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង ដែល​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer និង Moderna អះអាងថា មាន​ប្រសិទ្ធភាព​ដល់ ៩៥​ភាគរយ​ប្រឆាំង​កូ​វីដ​-១៩​។ វ៉ាក់សាំង​ចេញពី​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងពីរ​នេះ ត្រូវបាន​លោក Slaoui បញ្ជាក់ថា គ្មាន​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ 
 
​មកទល់ពេលនេះ មន្ត្រី​សុខាភិបាល​អាមេរិក ពុំទាន់​ប្រកាសថា ក្រុមមនុស្ស​ប្រភេទ​ណា​ដែល​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​នោះទេ តែ​គេ​រំពឹងថា បុគ្គលិក​សុខាភិបាល​មាន​អាទិភាព​ខ្ពស់ ខណៈ​មនុស្ស​ចាស់ កូនក្មេង និង​ស្ត្រី ជា​ក្រុមមនុស្ស​បន្ទាប់​។ 
 
​គិត​ត្រឹម​ថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក​ដែលមាន​ប្រជាជន​សរុប​ជាង​៣២៨​លាន​នាក់ រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ១២,៣​លាន​នាក់ ខណៈ​ពិភពលោក​ឡើងដល់ ៥៨,៦​លាន​ករណី ក្នុងនោះ​អ្នកស្លាប់​១,៤​លាន​នាក់​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  វ៉ាក់សាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com