COVID-19
អន្តរជាតិ
ក្រុមហ៊ុន AstraZeneca ថា វ៉ាក់សាំង​កូ​វីដ​-១៩ មាន​ប្រសិទ្ធ​ភាពជា​មធ្យម​៧០​ភាគរយ​
23, Nov 2020 , 4:17 pm        
រូបភាព
វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford។ រូបភាព AFP
វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford។ រូបភាព AFP
​ក្រុមហ៊ុន AstraZeneca នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា បាន​អះអាងថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន មាន​ប្រសិទ្ធិភាព​មធ្យម​ចំនួន​៧០​ភាគរយ​។ នេះ​ជា​លទ្ធផល​ធ្វើតេស្ត​បឋម​របស់​ក្រុមហ៊ុន​អង់គ្លេស ដែល​សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford ។

 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ក្រុមហ៊ុន​ចំនួន ២​ហើយ បាន​អះអាងថា ក្រុមហ៊ុន​របស់ខ្លួន​មាន​ប្រសិទ្ធភាព​រហូតដល់​៩០​ភាគរយ និង​លើស ៩០​ភាគរយ​។ ក្នុងនោះ​មានដូចជា ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech ដែល​អះអាងថា វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព ៩៥​ភាគរយ ខណៈ​ក្រុមហ៊ុន Moderna មាន​ប្រសិទ្ធភាព​ចំនួន ៩៤,៥ ភាគរយ​។ 
 
​ក្រុមហ៊ុន​ចុងក្រោយ AstraZeneca ដែល​សហការ​ជាមួយ​សកល​វិទ្យាល័យ Oxford បានប្រកាសថា​វ៉ាក់សាំង​ខ្លួន មាន​ប្រសិទ្ធភាព​ពី​៦០​ភាគរយ​រហូតដល់ ៩០​ភាគរយ​។ យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​លទ្ធផល​វិភាគ​បឋម​ប៉ុណ្ណោះ​។ 
 
​តាម​ការបញ្ជាក់​របស់​សកលវិទ្យា​ល័យ Oxford ដែលជា​ដៃគូ​អភិវឌ្ឍ វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព​៩០ ភាគរយ​ឯណោះ បន្ទាប់ពី​អ្នកចូលរួម ត្រូវបាន​ចាក់​វ៉ាក់សាំង​ពាក់កណ្តាល​ដូ​ស និង​១​ខែក្រោយ​មក ចាក់​ពេញ​មួយ​ដូ​ស​ថែមទៀត​។ ចំណែក​បេក្ខជន​ផ្សេងទៀត បានបង្ហាញ​លទ្ធផល​ត្រឹមតែ ៦២​ភាគរយ​ប៉ុណ្ណោះ បន្ទាប់ពី​ចាក់​វ៉ាក់សាំង មួយ​ដូ​ស និង​១​ខែក្រោយ​មកចាក់​មួយ​ដូ​ស​ទៀត​។ លទ្ធផល​នេះ យក​ចេញពី​ការធ្វើ​តេស្ត​ដំណាក់កាល​ចុងក្រោយ​នៅ​អង់គ្លេស និង​ប្រេ​ស៊ី​ល​។​
 
​លទ្ធផល​វិភាគ​បញ្ចូល​គ្នា បានបង្ហាញ​ឲ្យ​ឃើញថា វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព​កម្រិត​មធ្យម​ចំនួន ៧០​ភាគរយ​។ ក្នុងការ​វិភា​គនេះ អ្នកជំនាញ​បានធ្វើ​តេស្ត​វ៉ាក់សាំង​លើ​ករណី​កូ​វីដ​-១៩ ចំនួន ១៣១​ករណី​។​
 
«​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ បញ្ជាក់ថា មាន​ឥទ្ធិពល​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩»​។ ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា វ៉ាក់សាំង​នេះ​ប្រភេទ​នេះ នឹង​ជួយ​ស្តារ​ស្ថាន​ភាពអាសន្ន​នៃ​សុខភាព​សាធារណៈ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន ក៏បាន​សាទរ​ដំណឹង​នេះដែរ ដោយ​បញ្ជាក់ថា វា​ជា​ដំណឹង​ដ៏​ល្អ​មួយ ដែល​បានបង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង នៅក្នុង​ដំណាក់កាល​សាកល្បង​។ បើតាម​លោ កច​ន​សុន បើទោះបីជា​វ៉ាក់សាំង​មួយ​នេះ ត្រូវការ​ការត្រួតពិនិត្យ​ប្រសិទ្ធិភាព​បន្ថែមទៀត​ក្តី វា​នៅតែ​ជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​៕

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com