ជាតិ
សង្គមជាតិ
ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ទី​២២ ត្រូវបាន​សាងសង់​នៅ​ត្បូងឃ្មុំ
23, Nov 2020 , 10:59 pm        
រូបភាព
ពិធីក្រុងពាលីក្នុងការបើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា)
ពិធីក្រុងពាលីក្នុងការបើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា)
​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​១​បន្ថែមទៀត ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។ ពិធី​ក្រុង​ពាលី​នៃ​ការបើក​ការដ្ឋាន​សាងសង់​ស្តូប​មិត្តភាព​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VOV (Voice of Vietnam) ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​នេះ គឺជា​ស្តូប​ទី​២២​ហើយ ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៤​ហិកតា​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​នេះ ពី​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​បានទេ ដោយសារតែ​លោក មិន​លើក​ទូរស័ព្ទ​។ 
 
​អ្នកចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ មានដូចជា លោក​វរសេនីយ៍ឯក ង្វៀន ថា​ញ​ជិ​ញ ប្រធាន​អនុព័ន្ធយោធា​ក្រសួងការពារជាតិ​វៀតណាម​ប្រចាំ​កម្ពុជា លោក ញ៉ែម វ៉ា​លី អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិរ​ណ​សិរ្សសាមគ្គី​អភិ​វ​ឌ្ឈ​ន៍​មាតុភូមិ​កម្ពុជា រួមទាំង​អាជ្ញាធរខេត្ត បណ្តា​ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត​។ 


 ស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ចាម ដែលត្រូវបានសាងសង់រួចនិងសម្ពោធជាផ្លូវការ កាលពីអំឡុងខែមករា ឆ្នាំ២០២០ (រូបពីក្រសួងព័ត៌មាន) 

VOV សរសេរថា​៖«​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម បង្ហាញ​ពី​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​២ ហើយនឹង​ជួយ​ឲ្យ​យុវជន​ជំនាន់​ក្រោយ យល់​កាន់តែច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព​និង​សេរីភាព ព្រមទាំង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដែលមាន​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ទាំង​២»​។ 
   
​VOV បាន​ឲ្យ​ដឹងថា ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ចំនួន​១៧ តាម​បណ្តា​ខេត្ត​នានា ត្រូវបាន​សាងសង់និង​សម្ពោធជាផ្លូវ​រួចហើយ ខណៈ​៤​ទៀត នៅ​ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ដែរ​។ VOV អះអាងថា តាម​ការគ្រោងទុក ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ទាំង​៤​នេះ នឹងត្រូវ​រៀបចំ​សម្ពោធ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ 
 
​ជា​ទូ​តទៅ គេ ចាត់ទុក​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ថា​ជា​កន្លែង​ដែល​រម្លឹក​ដល់​ពលីកម្ម​របស់​កងទ័ព​កម្ពុជា​និង​កងទ័ព​វៀតណាម ក្នុងការ​រួមគ្នា​រំដោះ​កម្ពុជា ពី​របប​ខ្មែរក្រហម​៕ 
 
 
 

Tag:
 ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com