អន្តរជាតិ
​កុមារី Harmonie-Rose ឈ្នះ​ពាន​អន្តរជាតិ​សម្រាប់​ការបង្ហាញ​សមត្ថភាព​កាយសម្ព័ន្ធ​
24, Nov 2020 , 7:59 am        
រូបភាព
ដោយ: ធីតា
​កុមារី Harmonie-Rose បានឈ្នះ​មេដាយមាស​ក្នុងការ​បញ្ចេញ​សមត្ថភាព​កីឡា​ជា​អន្តរជាតិ​មួយ​សម្រាប់​ប្រភេទ​ក្រុម​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​។ កុមារី​អង់គ្លេស ដែល​ពិការ​ទាំង​ដៃ និង​ទាំង​ជើង​ដោយសារ​ជំងឺរលាកស្រោមខួរ បានបង្ហាញ​ពី​ទេពកោសល្យ​ផ្នែក​កាយសម្ព័ន្ធ តាមរយៈ​ឃ្លី​ប​វីដេអូ​ជាង​១​នាទី​។

 
«Harmonie ក្លាយជា​ម្ចាស់​មេដាយមាស​»​។ នេះ​ជា​បញ្ជាក់​ក្នុង​បណ្តាញ​សង្គម Twitter “Hope4Harmonie” ដោយ​បញ្ជាក់ថា នាង​ជា​ស្ថិតក្នុង​ចំណោម​កុមារ​១៣៨​នាក់​ទូទាំង​ពិភពលោក​ដែល​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ United Through Sports នា​ទិវា​យុ​វយជន​ពិភពលោក​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត​។​


 
​ក្នុង​ព្រឹត្តិការណ៍​ដែលជា​ផ្នែក​មួយ​នៃ​ការរៀបចំ​របស់​គណៈកម្មកា​រ​អូឡាំពិក​អន្តរជាតិ កុមារី Harmonie បាន​ថត​វីដេអូ​១​នាទី ទាក់ទង​នឹង​សកម្មភាព​កាយសម្ព័ន្ធ​របស់ខ្លួន​នៅ Baskervilles Gym នា​ក្រុង Bath ប្រទេស​អង់គ្លេស​។ នេះ​បើតាម​ការផ្សាយ​របស់ ITV News 
 
Harmonie-Rose អាយុ​៦​ឆ្នាំ មាន​ជំងឺរលាកស្រោមខួរ (Meningitis B) នៅពេល​មាន​អាយុ​ត្រឹម​១០​ខែ ហើយ​ក្រោយមក មាន​មេរោគ​ក្នុង​ឈាម ដែល​តម្រូវ​ឲ្យ​មានការ​កាត់ដៃជើង​រប​ស់​នាង​ចេញ​។​


 
​តាមរយៈ​ការលើក​ចិត្ត​ពី​សំណាក់​ក្រុមគ្រួសារ សហគមន៍ និង​តារា​ល្បីៗ Harmonie មានជីវិត​រស់នៅ​ដ៏​រីករាយ ហើយ​នាង​តែងតែ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ផងដែរ​។ Harmonie ចង់​ឲ្យ​មនុស្ស​ទាំងអស់​ត្រូវបាន​យកចិត្តទុកដាក់ និង​ពោរពេញ​ទៅដោយ​ការគោរព​៕

© រក្សាសិទ្ធិដោយ thmeythmey.com