ជាតិ
កសិករ​ដាំ​ស្ពៃក្ដោប​ក្នុងផ្ទះ​សំណាញ់​នៅ​ប៉ៃលិន អាច​ប្រមូល​ផល​ម្ដង​៧០០​គីឡូក្រាម និង​រកប្រាក់​បាន​ជាង ២​លាន​រៀល​
24, Nov 2020 , 8:29 am        
រូបភាព
ដោយ:
កសិករ​ដែលជា​សមាជិក​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ផ្ទះ​សំណាញ់​នៅក្នុង​ខេត្ត​ប៉ៃលិន តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (​អា​ស្ប៉ា​យ​)  អាច​ប្រមូល​ទិន្នផល​ស្ពៃក្ដោប ១០០​គីឡូ​ក្នុង​មួយថ្ងៃ និង​ចំនួន ៧០០​គីឡូ​ក្នុង​មួយ​លើក​។ ស្ពៃក្ដោប​នេះ កសិករ​អាច​លក់បាន​ក្នុងតម្លៃ ៣ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខ​ប្រ​ម៉ាញ់ និង​នេសាទ​។​

 
​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​កសិករ​ចំនួន ៧​នាក់ ជា​សមាជិក​នៃ​កម្មវិធី​(​អា​ស្ប៉ា​យ​) ដែល​ទទួលជោគជ័យ​ក្នុង​ការដាំដុះ​បន្លែ​ក្នុងផ្ទះ​សំណាញ់​។ ភាពជោគជ័យ​របស់​ក​សិ​ករ​ទាំងនេះ ដោយសារ​មានការ​គាំទ្រ​ផ្ទះ​សំណាញ់ និង​ការទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ដុះ​បន្លែ​សុវត្ថិភាព  និង​ការគាំទ្រ​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​។ 
 

ដំណាំស្ពៃក្ដោបក្នុងផ្ទះសំណាញ់របស់កសិករនៅប៉ៃលិន រូបភាពពីលោក វេង សាខុន

​កសិករ​ទទួល​បានកា​រ​សម្របសម្រួល​រក​ទីផ្សារ ដោយមាន​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ក​សិ -​សុវត្ថិភាព  (Argo-Nature)  តាមរយៈ​កម្មវិធី (​អា​ស្ប៉ា​យ​) នៃ​មន្ទីរ​កសិកម្ម​ខេត្ត  បាន​ប្រមូល​ផល និង​ផ្គត់ផ្គង់​ស្ពៃក្តោប​បាន​ចំនួន​ជាង ១០០ គីឡូក្រាម​ក្នុង​មួយថ្ងៃ ក្នុងតម្លៃ​ថេរ ៣ ៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។  តាមរយៈ​ការប៉ាន់ប្រមាណ​នៃ​បរិមាណ​ផល​ការដាំ​ស្ពៃក្តោប​ក្នុងផ្ទះ​សំណាញ់​ដែល​ប្រមូលបាន​មួយ​លើកៗ បាន​ចំនួន ៧០០ គីឡូក្រាម គិត​ជា​ទឹកប្រាក់​ជាង ២​លាន​រៀល​។ ក្នុងករណី​មិនមាន​ការរំខាន​ពី​ទឹកភ្លៀង​ទិន្នផល​ស្ពៃក្ដោប​អាចមាន​ទទួលផល​លើសពីនេះ​។ នេះ​ជាការ​លើកឡើង​របស់​ស​មា​ជិ​ក​កសិករ​ក្នុង​គម្រោង​អា​ស្ប៉ា​យ​។​
 
​កសិករ​ដែលមាន​ផ្ទះ​សំណាញ់ បាន​ចូល​រួមជាមួយ​កម្មវិធី​អា​ស្ប៉ា​យ មាន​ក្ដីរំភើប​និង​រីករាយ​ដែលមាន​ការយកចិត្តទុកដាក់​ពី​ក្រសួង​ក្នុងការ​សម្រួល​ដល់ទី​ផ្សា​រ​កសិផល​របស់​ពួកគាត់ ពិសេស​ជួយ​ឲ្យ​កសិករ​មាន​បច្ចេកទេស​និង​របៀប​ថ្មី​នៃ​ការដាំដុះ​បន្លែ​មាន​សុវត្ថិភាព និង​សមស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​ផងដែរ​៕



Tag:
 ​កសិកម្ម​
 ​ស្ពៃក្ដោប​
 ​ប៉ៃលិន​
 ​ផ្ទះ​សំណាញ់
© រក្សាសិទ្ធិដោយ thmeythmey.com