ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលជាមហាសេដ្ឋីលេខមួយរបស់ពិភពលោក ប្រកាសថា លោកបានបរិច្ចាគលុយប្រមាណ ៨០០លានដុល្លារ ដើម្បីជួយការពារភពផែនដី ដែលកំពុងរងគ្រោះដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។
តាមរយៈបណ្ដាញសង្គម Instagram កាលពីសប្ដាហ៍មុន មហាសេដ្ឋីអាមេរិក Bozos បានបញ្ជាក់ថា លោកបានចំណាយពេល២ ឬ៣ខែចុងក្រោយ រៀនសូត្រពីអង្គការដែលធ្វើការលើបញ្ហាប្រែប្រួលអាកាសធាតុ ហើយចុងក្រោយលោកបានសម្រេចចិត្តដកហូតលុយពីមូលនិធិ «Bezos Earth» ទៅឲ្យអង្គការចំនួន១៦។
ទោះមិនបញ្ជាក់ឈ្មោះអង្គការទាំង១៦នេះ លោក Bozos អះអាងថា ពួកគេជាអង្គការដែលធ្វើការលើដំណោះស្រាយចំគោលដៅ ប្រកបដោយមហិច្ឆតា និងមាននវានុវត្តន៍។
មិនត្រឹមតែប៉ុណ្ណោះ លោកសង្កត់ធ្ងន់ថា លុយបរិច្ចាគ៧៩១លានដុល្លារនេះ គឺគ្រាន់តែចំណុចចាប់ផ្ដើមនៃការតាំងចិត្តក្នុងការផ្ដល់លុយ១០ពាន់លានដុល្លាររបស់លោក ដើម្បីជួយផ្គត់ផ្គង់អ្នកវិទ្យាសាស្ត្រ សកម្មជន និងអង្គការក្រៅរដ្ឋាភិបាល ជាដើម។
«យើងទាំងអស់គ្នា អាចការពារអនាគតរបស់ផែនដី ដោយហ៊ានធ្វើសកម្មភាពឥឡូវនេះ»។ លោក Bezos សរសេរបន្ថែមបែបនេះនៅបណ្ដាញសង្គមរបស់លោក។
ក្រុមអ្នកវិទ្យាសាស្ត្រ បានសាទរចំពោះការបរិច្ចាគរបស់លោកមហាសេដ្ឋី Bezos ដោយនិយាយថា លុយមួយកញ្ចប់ធំនេះ នឹងផ្ដល់ឱកាសឲ្យផែនដីប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ប្រាប់សារព័ត៌មាន Wired សាស្ត្រាចារ្យផ្នែកបរិស្ថានម្នាក់នៃសាកលវិទ្យាល័យអាមេរិក Drexel លោក Robert Brulle ការតាំងចិត្តនេះ នឹងជួយផ្ដល់ប្រយោជន៍ច្រើនដល់ភពផែនដីទាំងមូល។
មហាសេដ្ឋី Bezos ដែលមានទ្រព្យសម្បតិ្តជាង១៨០ពាន់លានដុល្លារ បានបង្កើតមូលនិតិ «Bezos Earth » កាលពីខែកុម្ភៈ ដោយអះអាងថា បញ្ហាបម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់ភពផែនដី។ សម្រាប់មូលនិធិនេះ លោកសន្យាបរិច្ចាគលុយ១០ពាន់លានដុល្លារ។
នៅមុនបង្កើតមូលនិធិការពារផែនដីនេះ លោក ក៏ធ្លាប់បានបរិច្ចាគលុយ២ពាន់លានដុល្លារសម្រាប់ក្រុមគ្រួសារអ្នកអត់ផ្ទះសម្បែងរស់នៅ កាលពីឆ្នាំ២០១៨ផងដែរ។ ហើយក្នុងឆ្នាំ២០១៩ នៅពេលប្រទេសអូស្ត្រាលី រងគ្រោះខ្លាំងដោយសារបញ្ហាភ្លើងឆេះព្រៃ លោក Bezos ក៏បានប្រកាសថា ក្រុមហ៊ុន Amazon នឹងបរិច្ចាគលុយ ៦៩ម៉ឹនដុល្លារដើម្បីជួយប្រទេសនេះប្រយុទ្ធគ្រោះមហន្តរាយនេះ។
ចំណែក ភរិយាលោក Bezos អ្នកស្រី Mackenzie Bezos បានសន្យាប្រគល់ពាក់កណ្ដាលនៃទ្រព្យសម្បត្តិ ៣៦ពាន់លានដុល្លាររបស់អ្នកស្រីទៅឲ្យមូលនិធិសប្បុរសធម៌៕