អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដំណើរការ​ផ្ទេរអំណាច​លោក​បៃ​ឌិន ចាប់ផ្ដើម​ផ្លូវការ ក្រោយ​ទទួល​ភ្លើង​បៃតង​ពី​លោក ត្រាំ
24, Nov 2020 , 11:34 am        
រូបភាព
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ចូ បៃឌិន ថ្លែងនៅមុខអ្នកគាំទ្រនាពេលឃោសនាកន្លងទៅ ។ រូប៖ AFP
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ចូ បៃឌិន ថ្លែងនៅមុខអ្នកគាំទ្រនាពេលឃោសនាកន្លងទៅ ។ រូប៖ AFP
ដោយ:
​ទីបំផុត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​បើកភ្លើង​បៃតង​ឲ្យ​មន្ត្រី​លោក​សហការ​ជាមួយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ចូ បៃ​ឌិន រៀបចំ​ការផ្ទេរអំណាច​។  ចាប់ពីពេលនេះ​តទៅ លោក បៃ​ឌិន នឹង​ទទួល​ការផ្ដល់ជូន​ព័ត៌មាន​សំខាន់ៗ​ជាប្រចាំ ព្រមទាំង​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ផងដែរ ដើម្បី​ដំណើរ​ការរៀបចំ​រដ្ឋបាល​អាណត្តិ​ថ្មី ខណៈ​ថ្ងៃ​ចូល​ស្បថ​កាន់តំណែង​សល់​តែ​ជាង​៥៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

 
១៦​ថ្ងៃ​គត់​ក្រោយ​លោក ចូ បៃ​ឌិន ត្រូវបាន​ប្រកាសថា​ឈ្នះឆ្នោត ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​សេវាកម្ម​ទូទៅ (GSA) បាន​ប្រា​ប់លោក បៃ​ឌិន ថា លោក​អាច​ចាប់ផ្ដើម​រៀបចំ​ដំណើរការ​ផ្ទេរអំណាច​ជា​ផ្លូវការ​បាន​ហើយ​។ 
 
​ក្នុង​លិខិត​ចុះ​ថ្ងៃទី ២៣ ខែវិច្ឆិកា អ្នកស្រី Emily Murphy ប្រធាន GSA បាន​គូសបញ្ជាក់ថា ឥឡូវនេះ លោក បៃ​ឌិន នឹង​ទទួលបាន​ធនធាន​ចាំបាច់​ក្នុង​ដំណើរការ​ផ្ទេរអំណាច​ដែល​ត្រូវបាន​បដិសេធ​ផ្ដល់​ឲ្យ​លោក​កាលពីពេល​កន្លងមក ព្រោះ​តែមាន​បណ្ដឹងតវ៉ា​ប្រឆាំង​លទ្ធផល​ជ័យជម្នះ​លោក​។ 
 
​ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ចោទ​គ្មាន​ភស្តុតាង​ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុងការ​បោះឆ្នោត​ដែល​រៀបចំ​កាលពី​ថ្ងៃទី ៣ ខែវិច្ឆិកា ហើយ​លោក​បានដាក់​ពាក្យបណ្ដឹង​តវ៉ា​ប្រឆាំង តែ​ត្រូវ​ច្រានចោល​ជា​បន្តបន្ទាប់​។ ទោះបីជា​លោក​មិនទាន់​ព្រម​ទទួលស្គាល់​ជោគជ័យ​របស់លោក បៃ​ឌិន ក៏ដោយ​ក្តី ការប្រកាស​របស់លោក​នៅ​ថ្ងៃទី​ចន្ទ​នេះ ត្រូវបាន​មើលឃើញថា​ស្ទើរតែ​ដូចជា​ការព្រម​ចុះចាញ់​ទៅហើយ​។ 
 
«​ការប្ដឹងតវ៉ា នៅតែ​បន្ត​។ យើង នឹង​រក្សា​ការប្រយុទ្ធ​ដ៏​ល្អ ហើយ​ខ្ញុំ​ជឿថា​យើង​នឹង​លាតត្រដាង​[​ការពិត​]»​។ លោក ត្រាំ សរសរ​បែបនេះ​លើ Twitter មុននឹង​បញ្ជាក់​បន្ថែមថា ទោះជា​ដូច្នេះ​ក្តី ដើម្បី​បម្រើ​ប្រយោជន៍​ដ៏​ធំធេង​របស់​ប្រទេស លោក​លើក​យោបល់​ឲ្យ​ប្រធាន GSA អ្នកស្រី Emily និង​ក្រុមការងារ​របស់​អ្នកស្រី អនុវត្ត​កាតព្វកិច្ច​ពួកគេ ហើយ​លោក​ក៏បាន​ប្រាប់​ឲ្យ​ក្រុមមន្ត្រី​លោក​ឲ្យ​ធ្វើបែបនេះ​ដូចគ្នា​។ 
 
​ការប្រកាស​របស់លោក ត្រាំ នេះ​កើតឡើង​ភ្លាមៗ​ក្រោយ មន្ត្រី​រៀបចំ​ការបោះឆ្នោត​ប្រចាំ​រដ្ឋ Michigan បានប្រកាស​ជា​ផ្លូវការ​ថា លោក បៃ​ឌិន ជា​អ្នកឈ្នះ​ក្នុង​រដ្ឋ​ពួកគេ​។ ហើយ​ជោគជ័យ​ក្នុង​រដ្ឋ​ដែលមាន​ប្រតិភូ​បោះឆ្នោត ១៦ នេះ ធ្វើ​ឲ្យ​កិច្ចប្រឹងប្រែង​ផ្លូវច្បាប់​លោក​ត្រាំ ដែល​ព្យាយាម​កែប្រែ​លទ្ធផល​ឆ្នោត ក្លាយជា​សុបិន​។ 
 
​មែនទែនទៅ ការព្រម​សហការ​របស់​ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក GSA មានន័យថា ក្រុមការងារ​របស់លោក បៃ​ឌិន ចាប់ពីពេលនេះ​តទៅ នឹងមាន​ថវិកា​សហព័ន្ធ និង​ការិយាល័យ​ផ្លូវការ​មួយ ដើម្បី​រៀបចំ​ដំណើរការ​ផ្ទេរអំណាចរ​ប​ស់លោក រហូតដល់​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១​។ 
 
​កិច្ចសហការ​នេះ ក៏​បើកផ្លូវ​ឲ្យ​លោក បៃ​ឌិន និង​អនុ​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត កា​ម៉ា​ឡា ហារី​ស ទទួលបាន​ការផ្ដល់​ព័ត៌មាន​សន្តិសុខ​ជាតិ​ជា​ទៀងទាត់​ផង​ផងដែរ​។ ជាមួយគ្នានេះ មន្ត្រីរដ្ឋបាល​លោក​ត្រាំ ២​នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុមការងារ​ផ្ទេរអំណាច​លោក​បៃ​ឌិន អាច​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​ក្រុមមន្ត្រី​លោក​ប្រធានាធិបតី​ចាប់ពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​។ 
 
​សមាជិក​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ដ៏​ចម្រុះ​របស់លោក​បៃ​ឌិន 
 
​នៅមុន​ទទួល​ភ្លើង​បៃតង​ពី​លោក ត្រាំ លោក បៃ​ឌិន បាន​បង្ហើប​សមាជិក​គ​ណៈ​រដ្ឋមន្ត្រី​លោក​ជា​បណ្ដើរៗ ដោយ​រើសយក​ទីប្រឹក្សា​ទទួលបន្ទុក​ការបរទេស​យូរ​ឆ្នាំ​របស់លោក គឺ​លោក Antony Blinken ទៅ​ដឹកនាំ​ក្រសួងការបរទេស​។ 
 
​ចំណែក​លោក Alejandro Mayorkas ដើមកំណើត​គុយបា នឹងត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​។ លោក Mayorkas ធ្លាប់​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​សន្តិសុខ​មាតុភូមិ ក្រោម​អាណត្តិ​ប្រធានាធិបតី​អូ​បា​ម៉ា ហើយក៏​ជា​អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​ប្រចាំ​រដ្ឋ California ផងដែរ​។ បើ​អនុម័ត​ពី​ព្រឹទ្ធសភា​រួច លោក​នឹង​ក្លាយជា​អាមេរិក​ឡាទីន​ទីមួយ ដែល​ចូល​កាន់កាប់​តំណែង​កំពូល​នេះ​។ 
 
​តាម​ការ​សន្យាថា​បង្កើត​រដ្ឋបាល​ដែល​តំណាង​ឲ្យ​ភាព​ចម្រុះ​នៃ​សង្គម​អាមេរិក លោក បៃ​ឌិន រំពឹងថា​តែងតាំង​អតីត​ប្រធាន​ធនាគារកណ្ដាល​អាមេរិក អ្នកស្រី Janet Yellen ឡើង​ធ្វើជា​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​។ បើ​ដូច​ការរំពឹងទុក អ្នកស្រី Yellen នឹង​ក្លាយ​ស្ត្រី​ទីមួយ​ដែល​កាន់​តួនាទី​កំពូល​នេះ​។ 
 
​បេក្ខភាព​ស្ត្រី​ម្នាក់ទៀត ក៏​រំពឹង​ខ្ពស់​ក្នុងការ​ទៅ​ដឹកនាំ​ក្រសួងការពារជាតិ​អាមេរិក​ផងដែរ ហើយ​នោះ​គឺជា​អ្នកស្រី Michèle Flournoy ។ អ្នកស្រី Flournoy ធ្លាប់​កាន់តំណែង​ជា​ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទទួលបន្ទុក​ផ្នែក​យុទ្ធសាស្ត្រ​ក្រោម​អាណត្តិ​ប្រធានាធិបតី Bill Clinton និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​គោលនយោបាយ​ក្នុង​អាណត្តិ អូ​បា​ម៉ា ។​
 
​ក្រៅពីនោះ អ្នកស្រី Avril Haines នឹងត្រូវ​តែងតាំង​ជានា​យក​ចារ​សកម្ម​ជាតិ​អាមេរិក , លោក Jake Sullivan ជាទី​ប្រឹក្ស​សន្តិសុខ​ជាតិ​អាមេរិក​, អ្នកស្រី Linda Thomas-Greenfield ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ និង​លោក John Kerry ប្រធាន​ប្រេសិត​ពិសេស​ទទួលបន្ទុក​កិច្ចការ​បម្រែបម្រួល​អាកាសធាតុ​។​តំណែង​សំខាន់​ដែល​ត្រូវបានតែងតាំង​រួច មាន​លោក Ron Klain ប្រធាន​បុគ្គលិក​សេត​វិមាន​អាមេរិក​៕
 
 
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com