ជាតិ
អភិបាលខេត្តព្រះសីហនុ ចេញវិធានការពិន័យអ្នកចោលសំរាមតាមសាធារណៈ ពី២ម៉ឺនរៀលទៅ៤០ម៉ឺនរៀល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (អាវខៀវពាក់វែនតា) ចុះពិនិត្យស្ថានភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត
× លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាប់ផ្ដើមអនុវត្តវិធានការផាកពិន័យលើអ្នកបោះចោលសំរាមនៅតាមទីសាធារណៈ ចាប់ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល។ លោកអភិបាលខេត្តចេញវិធានការបែបនេះ នៅក្នុងពេលចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្ម កាលពីថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ដោយសង្កេតឃើញបញ្ហាសំរាមនៅតែមានបញ្ហាចម្បងនោះ លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា។ លោក គួច ចំរើន ក៏បានណែនាំដល់មន្ត្រីមូលដ្ឋានឲ្យ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរ ដោយពាក្យថា«ហាមបោះចោលសំរាម»។
ប៉ុន្តែប្រសិនបើពលរដ្ឋនៅតែរំលោភបំពានទៀត ពួកគេនឹងត្រូវផាកពិន័យ ចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល តាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាកពិន័យអន្តរកាល។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងមួយឆ្នាំកម្ពុជា បានបង្កើតសំរាមប្រមាណ ៤លានតោន។ ក្នុងនោះ ៦៥ភាគរយ ជាសំណល់សររីរាង្គ និងប្រមាណ ២០ភាគរយ ជាសំណល់ប្លាស្ទិក ក្រៅពីនោះជាសំណល់ផ្សេងៗ។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ បរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោនក្នុងថ្ងៃ។
បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ តាមរយៈការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរអូរឈើទាល និងការរៀបចំក្រាលថ្មក្រានីត នៅតាមចិញ្ចើមផ្លូវជុំវិញរង្វង់មូលតោពីរ ក្នុងក្រុងព្រះសីហនុជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com