ជាតិ
សម្ដេច ហ៊ុន សែន ផ្ដល់​ម៉ាស់​២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​១១​មុខ​ទៀត ដល់​មី​យ៉ាន់​ម៉ា​
24, Nov 2020 , 12:29 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា ២០១៩
លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា ២០១៩
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ម៉ាស​២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ ១១​ទៀត ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​លិខិត​សម្តេច ហ៊ុន សែន ដែល​បាន​ផ្ញើជូន​លោកស្រី អ៊ុង សាន​ស៊ូ​ជី នៅ​ថ្ងៃទី​២៤ វិច្ឆិកា​។​



​សម្ដេច ហ៊ុន សែន បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។ «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ លោកជំទាវ (​អ៊ុង សាន​ស៊ូ​ជី​) ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២ ០០០ ០០០ (​ពីរលាន​) និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​សម្ភារ​វេជ្ជសាស្ត្រ ដែល​សម្ដេច ហ៊ុន សែន ផ្ដល់ជូន​មី​យ៉ាន់​ម៉ា​នោះ​រួមមាន ម៉ាស ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ១០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន​២០,​ម្ស៉ៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ​២៥​គីឡូក្រាម​ក្នុង​១​ធុង ចំ​នួ​៥០០, ស្បែកជើង កវែង​ចំនួន​១០០០ និង​ទឹកសាប៊ូ​លាងដៃ ចំនួន​២០០០​។​
​អម​ជាមួយ​ការបរិច្ចាគ​សម្ភារ​ទាំង​នេះ សម្ដេច ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​៖«​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ក៏បាន​ចាត់ទុក​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ស៊ូ​ជី នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ភាពជា​មេដឹកនាំ ដែល​ពោរពេញ​ដោយ​សមត្ថភាព ក្នុង​ជ្រោង​មី​យ៉ាន់​ម៉ា​ទៅកាន់​ភាព​រីកចម្រើន ក្នុង​កិច្ចការ​ផ្សះផ្សារ និង​កសាង​ជាតិ​។ «​ខ្ញុំ​សូម​អះអាង​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ​ជាមួយ​លោកជំទាវ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ប្រយោជន៍​ជាក់ស្ដែង​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ធំធេង​សម្រាប់​សហគមន៍​អាស៊ាន​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដល់​អំណោយ​ជូន​ដល់​ឡាវ នូវ​ម៉ាស​ចំនួន​២.១​លាន​ម៉ាស និង​បរិក្ខារ​ពេទ្យ​១២​មុខ​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​
 
​បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣០៦​ករណី ក្នុងនោះ​២៩៦​បានជា​សះស្បើយ ខណៈ​មី​យ៉ាន់​ម៉ា មាន​អ្នកជំងឺ​ជាង​៨០,៥០៥​នាក់ និង​ជាសះស្បើយ​៥៩,៨៨៨​នាក់ និង​ស្លាប់​១,៧៦៥​នាក់​។ ចំណែក​ឡាវ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣៩​នាក់ ជាសះស្បើយ​២៤​នាក់ ៕

Tag:
 ហ៊ុន សែន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com