គណៈប្រតិភូបរទេស នឹងត្រូវបានយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ យ៉ាងឆាប់រហ័ស ពេលមកដល់កម្ពុជា មុនពេលចូលគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬមុនចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី ជាដើម។ នេះបើតាមសេចក្តីណែនាំរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា៖«បើជំនួបនៅពេលព្រឹក ត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅពេលយប់ មុនពេលចូលគាល់ [ព្រះមហាក្សត្រឬព្រះមហាក្សត្រី] ឬមុនពេលចូលជួប [មេដឹកនាំកម្ពុជា]។ បើជំនួបនៅពេលរសៀល ត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅពេលព្រឹក មុនចូលគាល់ [ព្រះមហាក្សត្រឬព្រះមហាក្សត្រី] ឬមុនចូលជួប [មេដឹកនាំកម្ពុជា]»។
លើសពីនេះ លោក ម៉ម ប៉ុនហេង លើកឡើងថា គណៈប្រតិភូបរទេស ត្រូវមានវិញ្ញាបនបត្រ ដែលបញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ និងមិនមានរោគសញ្ញាអំពីជំងឺកូវីដ-១៩ មុនពេលចេញដំណើរ មកកម្ពុជា។ វិញ្ញាបនបត្រនេះ គឺចេញនិងបញ្ជាក់ដោយរដ្ឋាភិបាលរបស់គណៈប្រតិភូបរទេសនោះ។
រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ប្រាប់គណៈប្រតិភូបរទេស ឲ្យចៀសវាងការជួបជុំក្នុងពិធីណា ដែលប្រមូលផ្តុំមនុស្សច្រើន មុនជំនួបកើតឡើង។ លោក បន្តថា បើសមាជិកគណៈប្រតិភូណាម្នាក់ មានរោគសញ្ញាផ្តាសាយ នឹងមិនអនុញ្ញាតឲ្យចូលគាល់ឬជួបសវនាការនោះទេ។ លោក បន្ថែមថា ជំនួប អាចនឹងលុបចោលភ្លាម បើមានការជូនដំណឹងរបស់មន្ទីរពិសោធន៍ពីលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ឬមានការសង្ស័យណាមួយពីជំងឺកូវីដ-១៩។
លោក ណែនាំថា កិច្ចសន្ទនាក្នុងជំនួប មិនគួរលើសពី៤៥នាទីឡើយ ហើយត្រូវពាក់ម៉ាស់ជាប់ជានិច្ច រួមទាំងត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។ សូម្បីតែការទទួលទានអាហារសម្រន់ឬភេសជ្ជៈរយៈពេលខ្លី ក្នុងអំឡុងពេលជួបសវនាការ ក៏លោក មិនចង់ឲ្យមានដែរ ព្រោះដើម្បីចៀសវាងការបង្ហើបម៉ាស។
លោករដ្ឋមន្ត្រី នៅណែនាំទៀតថា គួរតែរៀបចំកន្លែងជំនួប ដែលមានទំហំធំទូលាយ ហើយមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ។ លោក យល់ថា សមាសភាពគណៈប្រតិភូបរទេស មិនគួរមានចំនួនច្រើនពេកទេ នៅក្នុងជំនួប។
លោក ផ្តល់យោបល់បន្ថែមថា មុននិងក្រោយនៃជំនួប គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងជួបសវនាការនោះ ហើយត្រូវធ្វើបដិសណ្ឋារកិច្ចដោយលើកដៃសំពះ ជំនួសការចាប់ដៃគ្នា។ លោក នៅមានយោបល់ទៀតថា ត្រូវបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិឬទែម៉ូមែត្រវាស់កម្តៅដោយដៃ និងដាក់អាល់កុលឬជែលលាងដៃ នៅគ្រប់ច្រកចេញចូលនៃកន្លែងជំនួប។
លោក មានប្រសាសន៍ក្នុងសេចក្តីណែនាំរបស់លោកថា គណៈប្រតិភូបរទេស អាចថតរូបអនុវស្សាវរីយ៍ ដោយពាក់ម៉ាស ឬដោយមិនពាក់ម៉ាស់ តាមព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬតាមការអនុញ្ញាតរបស់ថ្នាក់ដឹកនាំកម្ពុជា ប៉ុន្តែត្រូវរក្សារយៈពេលយ៉ាងខ្លីបំផុត និងត្រូវរក្សាគម្លាតសុវត្ថិភាព ក្នុងពេលថត។
រដ្ឋមន្ត្រីសុខាភិបាល ចេញសេចក្តីណែនាំនេះ បន្ទាប់ពីកម្ពុជា បានជួបព្រឹត្តិការណ៍៣វិច្ឆិកា។ ព្រឹត្តិការណ៍៣វិច្ឆិកា គឺសំដៅដល់ដំណើរទស្សនកិច្ចរបស់លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូរបស់លោក នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ពេលចេញពីកម្ពុជា ទៅដល់ថៃ រដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវរកឃើញថា ផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា។
ភាគីកម្ពុជា រាប់ទាំងតំណាងរាស្ត្រ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីមួយចំនួន រួមទាំងមនុស្ស៣-៤ពាន់នាក់ទៀត ដែលបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៤នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩។
អ្នកទាំង៤នោះ មានជនជាតិខ្មែរ៣នាក់ គឺ អង្គរក្ស តំណាងរាស្ត្រ និង មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ហើយម្នាក់ទៀត គឺឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ ប៉ុន្តែ ក្រសួងសុខាភិបាល ប្រកាសថា តំណាងរាស្ត្ររូបនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩វិញហើយ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាល ប្រកាសបិទបញ្ច់បព្រឹត្តិការណ៍៣វិច្ឆិកានេះ ក្រោយជឿជាក់ថា មិនមានអ្នកណាផ្សេងមានជំងឺកូវីដ-១៩ ក្រៅតែពីមនុស្សទាំង៤នាក់ខាងលើ។
គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០៦នាក់ ដោយក្នុងនោះ មាន២៩៦នាក់ បានជាសះស្បើយវិញ៕