ជាតិ
អាមេរិកផ្ដល់ជំនួយ៦០ម៉ឺនដុល្លារទៀត សម្រាប់ជួយពលរដ្ឋកម្ពុជា ដែលរងគ្រោះទឹកជំនន់
× ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក ផ្ដល់ថវិកា៦០ម៉ឺនដុល្លារទៀត សម្រាប់ជួយដោះស្រាយបញ្ហាពលរដ្ឋកម្ពុជា ដែលរងគ្រោះទឹកជំនន់។ អាមេរិកនឹងផ្ដល់ទឹកប្រាក់ទាំងនេះ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID)។ នេះបើតាមសេចក្តីប្រកាសរួមរបស់ទីភ្នាក់ងារជំនួយ អាមេរិក (USAID) និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
USAID នឹងផ្ដល់ទឹកប្រាក់៦០ម៉ឺនដុល្លារនេះ ទៅអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការជួយពលរដ្ឋកម្ពុជា ៣, ៧២៥ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដើម្បីឲ្យគេទិញស្បៀងអាហារផ្គត់ផ្គង់ជីវភាព។
តាមរយៈសេចក្តីប្រកាសរួមនេះ បានស្រង់សម្តីលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy ដូច្នេះថា៖ «យើងមានការអាណិត ដោយមានប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើន មានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ»។
ជំនួយ៦០ម៉ឺនដុល្លារនេះ គឺបន្ថែមទៅលើទឹកប្រាក់ ១០ម៉ឺនដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យអង្គការ WFPលើកដំបូង បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ដល់ពលរដ្ឋ ២,៥៦០គ្រួសារ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងខេត្តពោធិសាត់។
លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូ នៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់»។
ក្រៅពីនេះ ជំនួយរបស់ទីភ្នាក់ងារ USAID និងអង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ជាពិសេសជួយឲ្យគណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់។
ចាប់តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារ ដែលជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ ,ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយនៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក ក៏បានរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរទៀតផង។
© រក្សាសិទ្ធិដោយ thmeythmey.com