កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាម​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក ពាក់ព័ន្ធ​សកម្មភាព​ក្នុង​បាល់ទាត់​៥​ឆ្នាំ​ពីបទ​ពុករលួយ​
24, Nov 2020 , 4:04 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ហាម​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក (CAF) លោក Ahmad Ahmad មិន​ឲ្យ​ជាប់ទាក់ទង​ក្នុង​វិស័យ​បាល់ទាត់​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​រកឃើញថា លោក​មាន​ជាប់​ពាក់​នឹង​អំពើពុករលួយ និង​ប្រើ​ថវិកា​មិន​ត្រឹមត្រូវ​។​


FIFA បានប្រកាស​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ថា គណៈកម្មាធិការ​សីលធម៌​ឯករាជ្យ​បាន​បើក​ការស៊ើបអង្កេត ហើយ​រកឃើញថា​លោក Ahmad មាន​កំហុស​ក្នុង​ការផ្តល់ និង​ទទួលយក​អំណោយ និង​អត្ថប្រយោជន៍​ផ្សេងទៀត​រួមទាំង​ការប្រើ​ថវិកា​មិន​ត្រឹមត្រូវ​ផង​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ បានដាក់​ទណ្ឌកម្ម​លើ​បុរស​សញ្ជាតិ​ម៉ា​d​ដា​កា​ស្កា​រូបនេះ នឹង​ការហាមឃាត់​រាល់​សកម្ម​ភាព​ដែល​ទាក់ទង​នឹង​បាល់ទាត់ (​ទាំង​រដ្ឋបាល​កីឡា​) ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​រយៈពេល​៥​ឆ្នាំ​។​
 
​លើសពីនេះទៅទៀត​នោះ លោក Ahmad វ័យ​៦០​ឆ្នាំ​ក៏បាន​ពិន័យ​ជា​ប្រាក់ ២​សែន ដុល្លារ​អាមេរិក​ផងដែរ​។ ជុំវិញ​ការដាក់ពិន័យ​ខាងលើ អតីត​អ្នកនយោបាយ​រូបនេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​អតីត​អគ្គលេខាធិការ CAF លោក Amr Fahmy ដែល​ទទួលមរណភាព​កាលពីដើមឆ្នាំ ២០២០ ដោយសារ​ជំងឺមហារីក ត្រូវបាន​បណ្តេញ​ចេញពី​តំណែង បន្ទាប់ពី​លោក​បាន​ចោទប្រកាន់​លោក Ahmad ពីបទ​ពុករលួយ​កាលពី​ឆ្នាំមុន​តាមរយៈ​ឯកសារ​មួយ​ដែល​បាន​ផ្ញើ​ទៅ FIFA​។​
 
​ឯកសារ​ដែល​បាន​បញ្ជូនទៅ FIFA នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០១៩ បាន​ចោទប្រកាន់​លោក Ahmad ថា បានធ្វើ​ឲ្យ CAF ត្រូវ​ចំណាយ​ប្រាក់​៨៣​ម៉ឺន​ដុល្លារ​បន្ថែមទៀត​លើ​ការបញ្ជាទិញ​គ្រឿង​បរិក្ខារ​តាមរយៈ​ក្រុមហ៊ុន​បារាំង​មួយ​ឈ្មោះថា Tactical Steel​។ លោក Ahmad ក៏ត្រូវ​បាន​ចោទ​ពីបទ​បៀតបៀន​បុគ្គលិក​ស្រី​៤​នាក់​ផង និង​ការ​កិបកេង​ប្រាក់​មួយចំនួន​ដើម្បី​ទិញ​រថយន្ត​ទំនើបៗ​ប្រើប្រាស​ជា​លក្ខណ​បុគ្គលិក​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប និង ម៉ា​ឡា​កា​៕
 

Tag:
 FIFA
  CAF
  Ahmad Ahmad
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com