សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រធានាធិបតី​តៃវ៉ាន់ ប្តេ​ជាការ​ពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ជាមួយ​នាវាមុជទឹក​ថ្មី​
24, Nov 2020 , 9:59 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ថ្លែងសុន្ទរកថា​នៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹក នៅក្នុងក្រុង Kaohsiung នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ថ្លែងសុន្ទរកថា​នៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹក នៅក្នុងក្រុង Kaohsiung នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
​តៃវ៉ាន់ សន្យាថា ការពារ​ទឹកដី និង​ដែន​អធិបតេយ្យ​របស់ខ្លួន ជាមួយ​នាវាមុជទឹក​ថ្មី​របស់ខ្លួន​។ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ការប្រកាស​របស់​ប្រធានាធិបតី​តៃវ៉ាន់ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើកសម្ពោធ​ការសាងសង់​នាវាមុជទឹក​ថ្មី ស្របពេល​ដែន​កោះ​មួយ​នេះ កំពុងមាន​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​។

 
​តៃវ៉ាន់ បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​កែលម្អ​កម្លាំង​នាវាមុជទឹក​របស់ខ្លួន ដែល​នាវាមុជទឹក​ខ្លះ សល់​តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​ម្លេះ​។ នាវាមុជទឹក​ចាស់ៗ​បែបនេះ មិនអាច​យកទៅ​ធៀប ឬ​ការពារ​ពី​ការវាយប្រហារ​របស់​ចិន ដែលមាន​នាវាមុជទឹក​ទំនើបៗ​បានឡើយ​។ នាវាមុជទឹក​ចិន​ខ្លះ ថែមទាំង​អាចមាន​សមត្ថភាព​បាញ់​អាវុធ​នុយក្លេអ៊ែរ​បាន​ថែមទៀត​។ កត្តា​នេះ បានទាមទារ​ឲ្យ​តៃវ៉ាន់ ត្រូវតែ​ធ្វើ​ទំនើបកម្ម​នាវាមុជទឹក​របស់ខ្លួន ដើម្បី​ការពារ​ពី​ការវាយប្រហារ​ណាមួយ​។ 
 
​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ការសាងសង់​នាវាមុជទឹក​នៅក្នុង​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង Kaohsiung ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានចាត់ទុក​ពិធី​សម្ពោធ​នេះ​ជា ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​តៃវ៉ាន់ ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ប្រទេស ស្របពេល​កំពុងមាន​ប​ញ្ហា​ច​ម្រោ​ង​ចម្រាស និង​ភាពមិនប្រាកដប្រជា​ជាច្រើន​ជាមួយ​ចិន​។​
 
«​ការសាងសង់​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ដ៏​ខ្លាំង​របស់​តៃវ៉ាន់​ទៅកាន់​ពិភពលោក ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​»​។ លោកស្រី​Tsai បានលើកឡើង​បែបនេះ នៅ​ចំពោះមុខ​អ្នកចូលរួម និង​លោក Brent Christensen ប្រធាន​វិទ្យាស្ថាន​អាមេរិក​នៅ​តៃវ៉ាន់ ដែល​ទូត​មិន​ផ្លូវការ​របស់​អាមេរិក​ប្រចាំ​តៃវ៉ាន់​។ ទន្ទឹមគ្នានេះ ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ បាន​បន្តទៀតថា នាវាមុជទឹក គឺ​សំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់​កងទ័ព​ជើង​ទឹក​តៃវ៉ាន់ ក៏ដូចជា​ការពារ​តៃវ៉ាន់​ពី​ការហ៊ុមព័ទ្ធ​របស់​សត្រូវ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការសាងសង់​នាវាមុជទឹក​នេះ មាន​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល​អាមេរិក​។ នៅក្នុង​ឆ្នាំ​២០១៨ អាមេរិក បានផ្តល់​ភ្លើង​បៃតង ដល់​ក្រុមហ៊ុន​របស់ខ្លួន ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​សាងសង់​នាវាមុជទឹក​របស់​តៃវ៉ាន់​។ ប៉ុន្តែ​មកទល់ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ក្រុមហ៊ុន​អាមេរិក​មួយណា បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ 
 
​ការ​សាង​សាង់​នាវាមុជទឹក​នេះ ត្រូវបាន​ទទួលបន្ទុក​ដោយ​ក្រុមហ៊ុន  CSBC ដែលមាន​ការគាំទ្រ​រប​ស់​រដ្ឋាភិបាល​តៃវ៉ាន់​។ តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​CSBC នាវាមុជទឹក ១​គ្រឿង ក្នុងចំណោម​៨​គ្រឿង​ដែល​គ្រោង​ផលិត អាច​នឹង​ប្រគល់​ឲ្យ​រដ្ឋាភិបាល​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០២៥​ខាងមុខ​។ ទន្ទឹមគ្នានេះ ដំណើរការ​នៃ​ការសាងសង់​នាវាមុជទឹក​នេះ ក៏​ប្រឈម​នៅ​បញ្ហា​មួយចំនួន​ផងដែរ ដូចជា​ការផ្គត់ផ្គង់​ផ្នែក​នៃ​នាវាមុជទឹក និង​ការ​គំរាម​ពី​កម្លាំង​បរទេស​ខ្លះ​ជាដើម​៕

Tag:
 ​តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com