សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ ត្រៀម​ប៉ូលិស ៦​ពាន់​នាក់​សម្រាប់​ទប់​នឹង​បាតុកម្ម​នៅមុខ​ការិយាល័យ​ទ្រព្យសម្បត្តិ​មហាក្សត្រ​
24, Nov 2020 , 4:59 pm        
រូបភាព
បាតុករនិស្សិត និងយុវជនថៃនៅវិមានប្រជាធិបតេយ្យ។រូបភាព៖AFP
បាតុករនិស្សិត និងយុវជនថៃនៅវិមានប្រជាធិបតេយ្យ។រូបភាព៖AFP
ដោយ:
​ថៃ​នឹងដាក់​ពង្រាយ​ប៉ូលិស​ចំនួន​៦​ពាន់​នាក់ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ដើម្បី​ត្រៀម​ទប់​នឹង​បាតុកម្ម​របស់​និស្សិត និង​យុវជន​ដែល​ទាមទារ​ឲ្យ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បោះបង់​ការកាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយចំនួន​។ ចំណែក​បាតុករ​គាំទ្រ​របបរាជានិយម ក៏​ត្រៀម​ធ្វើបាតុកម្ម​ការពារ​មហា​ក្សត្រ​ផងដែរ​។​

 
​ប៉ូលិស​ថៃ អះអាង​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា បាតុករ​ទាំង​២​ក្រុម ត្រូវ​រក្សា​គម្លាត​យ៉ាងហោចណាស់​១៥០​ម៉ែត្រ​ពី​ការិយាល័យ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ​។ ក្រុមបាតុករ​និស្សិត​ដែល​ទាមទារ​កំណែទម្រង់ និង​អ្នកគាំទ្រ​របបរាជានិយម គ្រោង​ធ្វើបាតុកម្ម​នៅ​ជិតគ្នា ប៉ុន្តែ​ប៉ូលិស​ថៃ​សង្កត់ធ្ងន់ថា បាតុករ​ទាំង​២​ក្រុម​នឹងត្រូវ​ដាក់​ឲ្យ​ធ្វើបាតុកម្ម​ដោយឡែក​ពីគ្នា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រៅពី​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចុះ​ចេញពី​តំណែង មាន​រដ្ឋធម្មនុញ្ញ​ថ្មី ក៏ដូចជា​កាត់បន្ថយ​អំណាច​មហាក្សត្រ បាតុករ​វ័យក្មេង ក៏​ទាមទារ​ឲ្យ​មហាក្សត្រ​ឈប់​កាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ​ដែលមាន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ដែរ​។​
 
​ក្រុមបាតុករ​ដែលមាន​ឈ្មោះ Free Youth បង្ហោះ​សំណេរ​ក្នុង​បណ្តាញ​សង្គម Twitter ថា ពួកគេ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ដើម្បី​ទាមទារ​មកវិញ​ទ្រព្យសម្បត្តិ​ដែលជា​កម្មសិទ្ធិ​របស់​ប្រជាជន​។ ការប៉ាន់ស្មាន​របស់ Reuters បង្ហាញថា មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ពី​៣០ ទៅ​៤០​ពាន់​លាន​ដុល្លារ​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​ថៃ ក៏​ចំណាយ​ប្រាក់​១​ពាន់​លាន​ដុល្លារ​សម្រាប់​រាល់​ចំណាយ​របស់​ព្រះអង្គ​។​
 
​ក្រុមបាតុករ​ដែល​ការពារ​មហាក្សត្រ​វិញ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ថា នឹងធ្វើ​បាតុកម្ម​សងសឹក​នៅ​ថ្ងៃទី​២៥ និង​២៦​វិច្ឆិកា ដើម្បី​រំខាន​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​។ ក្រុមបាតុករ​ការពារ​ព្រះមហាក្សត្រ​សង្កត់ធ្ងន់ថា ពួកគេ​នឹងមិន​អត់អោន​ដល់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រូប​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ​។​
 
​ទាក់ទង​នឹង​បាតុកម្ម​នេះ លោក ប្រា​យុទ្ធ ធ្លាប់​អះអាងថា  នឹង​ប្រើ​គ្រប់​ច្បាប់ និង​មាត្រា​ដើម្បី​តបត​ទៅនឹង​បាតុករ​ដែល​បំពាន​ច្បាប់​។ យ៉ាងណាក្តី​លោក ប្រា​យុទ្ធ ធានាថា លោក​នឹង​បង្ការ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ និង​អនុវត្ត​ច្បាប់​ដូចៗ​គ្នា​ទៅលើ​បាតុករ​ទាំង​២​ក្រុម​។ លោក​ក៏​ធានាថា រដ្ឋាភិបាល​នឹងមិន​ប្រើ​ច្បាប់អាជ្ញាសឹក ដើម្បី​ទប់ស្កាត់​បាតុកម្ម​នេះ ឬ​បាតុកម្ម​នាពេលខាងមុខ​ឡើយ​។ បន្ថែម​ពីនេះ លោក​អះអាង​ជាថ្មី​ថា នឹង​មិនមាន​រដ្ឋប្រហា​រ​យោធា​អ្វី​ឡើយ​។​
 
​ក្នុង​បាតុកម្ម​កាលពី​សប្តាហ៍​មុន បាតុករ​ចំនួន​៥៥​នាក់​រងរបួស និង​មួយចំនួនទៀត​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយ​រង​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​គ្រា​ដែល​យុវជន និង​និស្សិត​ផ្តុំគ្នា​ធ្វើបាតុកម្ម​ក្រោយ​សភា​ថៃ បដិសេធ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​។ ប៉ូលិស​ថៃ អះអាងថា ខ្លួន​បាន​ស៊ើបអង្កេត​ចំនួន​១០៧​សំណុំរឿង​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម និង​បញ្ជូន​២៤​សំណុំរឿង​ទៅ​អយ្យការ ចំណែក​សំណុំរឿង​ដែល​នៅ​សេសសល់​នឹងត្រូវ​ធ្វើការ​ស៊ើបអង្កេត​បន្ត​៕
 
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com