ភ្នំពេញ៖ ពលរដ្ឋកម្ពុជាភាគច្រើន ហាក់ពេញចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះបើតាមរបាយការណ៍មួយដែលចុះផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (TI) នៅថ្ងៃទី ២៤ ខែវិច្ឆិកា។ ក្នុងទ្វីបអាស៊ី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសដែលមានពលរដ្ឋពេញចិត្តនឹងសកម្មភាពរបស់រដ្ឋាភិបាលពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
របាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយសកល (Global Corruption Barometer) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី បានរកឃើញថា ពលរដ្ឋកម្ពុជាប្រមាណ ៧៩ ភាគរយ យល់ឃើញថា រដ្ឋាភិបាលមានចំណាត់ការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើរលួយ ខណៈ១៨ភាគរយទៀត យល់ឃើញថា មិនល្អ។
បើធៀបនឹងប្រទេស១៦ផ្សេងទៀតក្នុងតំបន់អាស៊ីដែលមានឈ្មោះក្នុងរបាយការណ៍នេះ មីយ៉ាន់ម៉ា មានពលរដ្ឋរហូតដល់ ៩៣ភាគរយ ដែលពេញចិត្តវិធានការរដ្ឋាភិបាលប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយវាជាតួលេខខ្ពស់បំផុត។ ដោយឡែក ពលរដ្ឋជប៉ុនតែ២៤ភាគរយប៉ុណ្ណោះ ពេញចិត្តចំណាត់ការរដ្ឋាភិបាលប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលវាជាអត្រាទាបបំផុតក្នុងតំបន់។
ឈរនៅលើកម្ពុជា គឺមាន មីយ៉ាន់ម៉ា បង់ក្លាដែស, ហ្វីលីពីន និង ចិន ដែលមានពលរដ្ឋយល់ឃើញថា រដ្ឋាភិបាលមានចំណាត់ការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើរលួយ។ នេះយោងតាមរបាយការណ៍ដដែល។
នៅកម្ពុជា ការស្ទង់មតិ បានធ្វើឡើងចន្លោះពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមផ្ដល់បទសម្ភាសតាមទូរសព្ទ១០០០នាក់ ហើយមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ លទ្ធផលក្នុងរបាយការណ៍ឆ្នាំ២០២០នេះ បង្ហាញទៀតថា ការយល់ឃើញរបស់ពលរដ្ឋកម្ពុជាពាក់ព័ន្ធអំពើពុករលួយមានភាពប្រសើរឡើង បើធៀបនឹងរបាយការណ៍កាលពីឆ្នាំ២០១៦។
ជាក់ស្តែង កាលពីឆ្នាំ២០១៦ ពលរដ្ឋកម្ពុជាត្រឹមតែ២៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការថយចុះ ខណៈប្រមាណ៦៦ភាគរយ យល់ឃើញថា អំពើពុករលួយនៅតែមាន និងបន្តកើនឡើងដដែល។ ចំណែក នៅឆ្នាំ២០២០វិញ លទ្ធផលបង្ហាញថា ពលរដ្ឋ៥៥ភាគរយ យល់ឃើញថា អំពើពុករលួយនៅកម្ពុជាថមថយ ខណៈ៤១ភាគរយផ្សេងទៀត យលឃើញថា អំពើពុករលួយនៅតែមាន និងបន្តកើនឡើងដដែល។
ទោះជាការយល់ឃើញជារួមរបស់ពលរដ្ឋលើទិដ្ឋភាពអំពើពុករលួយនៅកម្ពុជា មានភាពប្រសើរឡើងក្តី លទ្ធផលនៃការស្ទង់មតិនេះ រកឃើញថា ស្ថាប័នតុលាការ នរគបាល និងរដ្ឋាភិបាល នៅតែស្ថាប័ន ដែលពលរដ្ឋជឿថា មានអំពើពុករលួយជាងគេ។ ជាឧទាហរណ៍ ៨៨ភាគរយនៃអ្នកផ្ដល់បទសម្ភាស គិតថា អំពើពុករលួយ មាននៅក្នុងចំណោមមន្ត្រីប៉ូលិស, ៧២ភាគរយ យល់ថាមានអំពើពុករលួយក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ហើយ ៧២ភាគរយ គិតថាមានអំពើពុករលួយក្នុងវិស័យតុលាការ។
ក្នុងសន្និសីទព័ត៌មានតាមប្រព័ន្ធវីដេអូ លោក ប៊ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា គូសបញ្ជាក់ថា៖«អំពើពុករលួយនៅតែបន្តយាយី ដល់នីតិរដ្ឋ ការទទួលបានយុត្តិធម៌ និងជាឧបសគ្គចម្បងក្នុងការធ្វើអាជីវកម្មនៅកម្ពុជា»។
ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា អំឡុងពេលដែលកម្ពុជាកំពុងប្រឈមវិបត្តិផ្ទួនៗ ដែលកើតចេញផលប៉ះពាល់អវិជ្ជមានបង្កដោយកូវីដ-១៩ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងការដាំក្បាលចុះនៃសេដ្ឋកិច្ច ការកាត់បន្ថយអំពើពុករលួយក្នុងវិស័យសាធារណៈ គឺចាំបាច់បំផុតដើម្បីឲ្យកម្ពុជាអាចបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាកម្មដល់ពលរដ្ឋ វិស័យឯកជន និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងការទទួលបានយុត្តិធម៌សង្គម។
សូមបញ្ជាក់ថា របាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយសកល របស់អង្គការតម្លាភាពអន្តរជាតិ គឺជាការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រស្ថិតិ ដោយស្ទង់មតិសាធារណជនដើម្បីឆ្លុះបញ្ចាំងអំពើទស្សនៈ និងបទពិសោធរបស់ពលរដ្ឋនៅទូទាំងពិភពលោកទាក់ទិនអំពើពុករលួយ។
ចំណែក របាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយសកលសម្រាប់ទ្វីបអាស៊ីឆ្នាំ២០២០នេះ បានសិក្សាស្ទង់មតិជាមួយពលរដ្ឋប្រមាណ ២ម៉ឺននាក់ នៅបណ្ដាប្រទេស១៧ ចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែកញ្ញាឆ្នាំ២០២០។
និយាយពីទិដ្ឋភាពរួមក្នុងតំបន់អាស៊ី ពលរដ្ឋប្រមាណ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងពេល១ឆ្នាំចុងក្រោយ ខណៈ៣ភាគ៤នៃដែលអ្នកចូលរួមផ្ដល់បទសម្ភាស នៅតែជឿថា អំពើពុករលួយក្នុងជួររដ្ឋាភិបាល ជាបញ្ហាធំមួយសម្រាប់ប្រទេសពួកគេ។ ហើយមានមនុស្សម្នាក់ក្នុងចំណោម៥នាក់ ឆ្លើយថាបានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈកាលពីឆ្នាំមុន ឬស្មើ ៨៣៦លាននាក់ក្នុងប្រទេសទាំង១៧ នៅតំបន់អាស៊ី៕