អន្តរជាតិ
នាវាចម្បាំង​រុស្ស៊ី បណ្តេញ​នាវាចម្បាំង​អាមេរិក​ដែល​បើក​ចូល​ដែនទឹក​របស់ខ្លួន​
24, Nov 2020 , 10:59 pm        
រូបភាព
នាវាចម្បាំងអាមេរិកUSS John S. McCain។ រូបភាព៖AFP
នាវាចម្បាំងអាមេរិកUSS John S. McCain។ រូបភាព៖AFP
ដោយ:
​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃទី​២៤ វិច្ឆិកា​នេះ បាន​អះអាងថា​នាវាចម្បាំង​របស់ខ្លួន បាន​បណ្តេញ​នាវាចម្បាំង​ផ្ទុក​មី​ស៊ី​ល​ប្រដេញ ​USS John S. McCain ដែល​បើក​ប្រតិបត្តិការ​ខុសច្បាប់​ក្នុង​ដែនទឹក​របស់ខ្លួន ក្នុង​សមុទ្រ​ជប៉ុន​។​


​នាវាចម្បាំង​រុស្ស៊ី​Admiral Vinogradov បាន​ព្រមាន​នាវាចម្បាំង​អាមេរិក​ឲ្យ​ចាក​ចេញពី​ដែនទឹក​របស់ខ្លួន ដោយគំរាមថា​នឹង​បើក​បំ​បុក​។ នាវាចម្បាំង​អាមេរិក បន្ទាប់ពី​ទទួលបាន​ការ​គំរាម​ បាន​ចាក​ចេញទៅ​ដែនសមុទ្រ​អ​ព្យា​ក្រឹត្យ​ជាបន្ទាន់ដែរ​។ នេះ​បើយោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។​
 
​​រដ្ឋាភិបាល​រុស្ស៊ី​អះអាងថា​នាវាចម្បាំង​នេះ​បាន​បំពាន​ចូល​២​គីឡូម៉ែត្រ​ក្នុង​ដែនទឹក​រុស្ស៊ី​។ ​នេះបើ​យោងតាម​ទីភ្នាក់ងារព័ត៌មាន​Reuters​។​
 
​ឧបទ្ទវហេតុ​ខាងលើនេះ ជា​រឿង​កម្រ ប៉ុន្តែ​វា​បង្ហាញ​ពី​ទំនាក់​ទំ​នង់​ដុនដាប​រវាង​អាមេរិក និង​រុស្ស៊ី ទាំង​លើ​វិស័យ​ការទូត និង​វិស័យ​យោធា​។ ទំនាក់ទំនង​រវាង​មហាអំណាច​ពិភពលោក​ទាំង​២ ពុំ​សូវ​ជា​រីកចម្រើន​ប៉ុន្មាន​ឡើយ​តាំងតែ​ពី​ការបញ្ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់ និង​ជាពិសេស​ក្រោយ​រុស្ស៊ី​ផ្តាច់​យក​ទឹកដី​គ្រី​មេ​ពី​អ៊ុយ​ក្រែ​ន និង​គាំទ្រ​ក្រុម​ផ្តាច់ខ្លួន​ចាប់​តាំងពី​ឆ្នាំ​២០១៤​។​
 
​ក្រោយ​ហេតុការណ៍​នេះ កើតឡើង​នាវាចម្បាំង​អាមេរិក មិនបាន​ប៉ុនប៉ង​ចូលក្នុង​ដែនទឹក​រុស្ស៊ី​សារជាថ្មី​ឡើយ។ ចំណែកនាវាចម្បាំង​រុស្ស៊ី​Admiral Vinogradov បន្ត​ឃ្លាំមើល​ស្ថានការណ៍ និង​បន្ថែម​ដោយ​កូន​នាវា​មួយ​ផ្សេងទៀត​។​
 
 
​ចំណែក​អាមេរិក ពុំទាន់បានឆ្លើយតបត​យ៉ាងណា​ឡើយ​ចំពោះ​ហេតុការណ៍​ខាងលើនេះ​។​ ប៉ុន្តែ​គ្រា​មុន អាមេរិក និង​សម្ព័ន្ធមិត្ត​NATO ក៏បាន​អះអាង​ដែរ​ថា​យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​ស៊ើប​យកការណ៍​របស់រុស្ស៊ីចូលក្នុង​ដែនអាកាស​របស់ខ្លួន​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក និង​អា​ត្ល​ង់​ទិ​ក​។ ​ទោះជា​យ៉ាងណាក្តី ហេតុការណ៍​ទាំងអស់នោះ​ពុំដែល​បង្កជា​គ្រោះថ្នាក់​ឡើងទេ​។
 
សូមរំឭកថា កាលពី​ឆ្នាំ​២០១៨ នាវាចម្បាំង​អាមេរិក USS McCampbell ក៏បាន​បើក​ចូល​ដែនទឹក​រុស្ស៊ី​នៅត្រង់​សមុទ្រ​ជប៉ុន និង​តំបន់ Peter the Great Bay ក្រោម​ហេតុផល​ថា​ជាការ​អនុវត្ត​សេរីភាព​នាវាចរ និង​ប្រជែង​ទល់នឹង​ការកាន់កាប់​របស់​រុស្ស៊ី​ក្នុង​ដែនទឹក​នោះ។ អាមេរិកអះអាងថា ​ការទាមទារ​របស់​រុស្សី​ក្នុង​តំបន់ Peter the Great Bay ហួស​ពី​អ្វីដែល​កំណត់ដោយ​ច្បាប់​សមុទ្រ​អន្តរជាតិ​៕​

Tag:
 អាមេរិក​
 ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com