ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​៖ អ្នកប្រឆាំង​ជិត​៥០​នាក់​ហើយ សម្រេច​ចូល​សវនាការ នៅ​ថ្ងៃ​២៦​វិច្ឆិកា​
24, Nov 2020 , 11:29 pm        
រូបភាព
លោក សំ សុគង់ ឡើងថ្លែងពីគោលនយោបាយរបស់លោក ក្នុងនាមជាបេក្ខជនប្រធានគណៈមេធាវីមួយរូប នៅក្នុងមហាសន្និបាតលើកទី២៥នៃគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
លោក សំ សុគង់ ឡើងថ្លែងពីគោលនយោបាយរបស់លោក ក្នុងនាមជាបេក្ខជនប្រធានគណៈមេធាវីមួយរូប នៅក្នុងមហាសន្និបាតលើកទី២៥នៃគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
លោក​មេធាវី សំ សុ​គង់ អះអាងថា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តុលាការ​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​ថ្នាក់ដឹកនាំ មន្ត្រី សកម្មជន និង អ្នកគាំទ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សរុប​ទាំងអស់​មាន​ដល់​ទៅ​ជាង​១៤០​នាក់​ឯណោះ​។ ជាទូទៅ ពួកគេ​ទាំង​១៤០​នោះ រង​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។   




ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ លោក សំ សុ​គង់ ដែល​តែង​ការពារ​ក្តី​ឲ្យ​ក្រុម​អ្នកប្រឆាំង បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស​ជាង​១៤០​នាក់ មាន​អ្នកខ្លះ កំពុង​រស់នៅ​ក្នុងប្រទេស ហើយ​មាន​អ្នកខ្លះ កំពុង​រស់​នៅឯ​ក្រៅប្រទេស​។ លោក បន្តថា គិត​ព្រឹក​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អ្នកប្រឆាំង​ជិត​៥០​នាក់​ហើយ ដែល​កំពុង​រស់នៅក្នុង​ប្រទេស បាន​ទៅ​ជួបលោក​និង​សុំ​ពឹងពាក់​លោក​ឲ្យ​ជួយ​ការពារ​ក្តី ហើយ​ប្រាប់​លោក​ថា ពួកគេ សម្រេចចិត្ត​ចូលរួម​សវនាការ នៅ​ថ្ងៃ​២៦​វិច្ឆិកា​។ 

យ៉ាងណា សំ សុ​គង់ ពុំទាន់​អាច​ដឹង​ច្បាស់​ឡើយ​ថា អ្នកចូលរួម​សវនាការ​ជាក់ស្តែង​នៅ​ថ្ងៃ​២៦​វិច្ឆិកា មាន​ចំនួន​ប៉ុន្មាន​នាក់ ដ្បិត​នៅ​ថ្ងៃ​២៤​វិច្ឆិកា​នេះ និង​ថ្ងៃ​២៥​វិច្ឆិកា​ស្អែក អាចមាន​មនុស្ស​ផ្សេងទៀត ទៅ​ពឹងពាក់​លោក​ឲ្យជួយ​ការពារ​ក្តី​និង​បង្ហាញ​ការស្ម័គ្រចិត្ត​ចូលរួម​សវនាការ​ដែរ​។ 

លោក​មេធាវី បន្ថែមថា ចំពោះ​អ្នក​នៅក្រៅ​ប្រទេស មាន​ប្រមាណ​២០​នាក់​ហើយ ដែល​ផ្ញើលិខិត​ទៅកាន់​លោក ដើម្បី​សុំ​ឲ្យ​លោក​ជួយ​ការពារ​ក្តី និង​បង្ហាញ​ឆន្ទៈ​ចង់​ចូលរួម​សវនាការ​។

គេ មិនទាន់​ដឹង​ដូចគ្នា​ថា អ្នក​ក្រៅប្រទេស​ទាំងនោះ អាចមក​កម្ពុជា ហើយ​បាន​ចូលរួម​សវនាការ​ដែរឬទេ ខណៈ​សវនាការ នៅសល់តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​មកដល់​។ ម្យ៉ាងទៀត ក្នុងចំណោម​អ្នក​នៅក្រៅ​ស្រុក​ទាំងនោះ មានអ្នក​ខ្លះ ត្រូវបាន​ក្រសួងការបរទេស លុប​សុពលភាព​លិខិតឆ្លងដែន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ មាន​ភាពលំបាក​ក្នុងការ​ធ្វើដំណើរ​មក​ក​ម្ពុ​ជា​។ 

លោក​មេធាវី លើកឡើងថា ដោយសារ​ជនជាប់ចោទ​ជា​កូនក្តី​របស់លោក មាន​ចំនួន​ច្រើន ហើយ​ត្រូវ​ជំនុំជម្រះ​ក្នុង​ថ្ងៃ​តែមួយ​ជាមួយគ្នា ដូច្នេះ លោក មិនទាន់​ដឹង​ឡើយ​ថា តុលាការ មាន​របៀបវារៈ​នៃ​ការរៀបចំ​សវនាការ​យ៉ាងម៉េច​។ លោក មានប្រសាសន៍ថា លោក អាច​នឹង​ជជែក​គ្នា​ជាមួយ​តុលាការ នៅ​ថ្ងៃ​២៦​វិច្ឆិកា អំពី​របៀប​នៃ​ការបើក​សវនាការ ក៏ដូចជា​កាលវិភាគ​នៃ​ការបើក​សវនាការ លើ​មនុស្ស​ជាង​១៤០​នាក់​នោះ​។ លោក ចោទ​ជា​សំណួរ​ជាមុន​ថា តើ​១​ថ្ងៃ អាច​ជំនុំជម្រះ​លើ​មនុ​ស្សបាន​ប៉ុន្មាន​នាក់​? ឬក៏​អាច​លើក​ទៅ​សប្តាហ៍​ក្រោយៗ​ទៀត​?  

លោក​មេធាវី បញ្ជាក់ថា​៖«​បើ​កាត់​ក្តីតែ១​ថ្ងៃ មាន​មនុស្ស​ច្រើន​អ៊ីចឹង ខ្ញុំ​គិតថា [​ទី​១] កាត់ក្តី​ទៅ​វា មិន​ត្រឹមត្រូវ មិនល្អ ទី​២ មិនអាច​ទទួលយកបាន ទី​៣ សិទ្ធិ​របស់​ជនជាប់ចោទ ដែល​ទទួលបាន​សវនាកា​រ​ដោយ​យុត្តិធម៌​ហ្នឹង ក៏ត្រូវ​បាន​រំលោភ​។ ហើយ​ការកាត់ក្តី​មនុស្ស​ច្រើន ក៏​មិន​ស្រប​នឹង​ច្បាប់​ដែរ​»​។ 

លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​រាជធានី​ភ្នំពេញ និយាយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា​៖«​គេ ដឹកនាំ​តាម​នីតិវិធី​។​... ក្រុមប្រឹក្សា​ជំនុំជម្រះ ចាត់ចែង​រួចហើយ​។ បង​ឯង ចាំ​មក​ឃើញ គេ ដឹកនាំ​តាម​នីតិវិធី បង មើលទៅ​ដឹង​ហើយ​បង​»​។ 

បើតាម​លោក​មេធាវី សំ សុ​គង់ មនុស្ស​ជាង​១៤០​នាក់​នោះ រង​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម គឺ​ដោយសារតែ​ពួកគេ ត្រូវបាន​រកឃើញថា បំផុសបំផុល​ឲ្យ​មានការ​គាំទ្រ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី និង​ប្រកាស​ឲ្យ​រួមគ្នា​ចូលរួម​ចាំ​ទទួល​លោក សម រង្ស៊ី មក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​ក្នុងចំណោម​មនុស្ស​ជាង​១៤០​នាក់​នោះ មាន​អ្នកខ្លះ ធ្លាប់​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​។ កាលនោះ លោក ទៅ​ម៉ាឡេស៊ី ដើម្បី​ជួប​អ្នកគាំទ្រ ហើយ​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិ​និវត្ត​របស់​លោក​។ 
 
​លោក​មេធាវី យល់ថា ការ​ទៅ​ជួប​លោក សម រង្ស៊ី គឺ​គ្រាន់តែ​បង្ហាញ​ពី​ការស្រឡាញ់ ការចូល​ចិត្ត​របស់​ពួកគេ ចំពោះ​លោក សម រង្ស៊ី ប៉ុណ្ណោះ ហើយក៏​ជា​សិទ្ធិ​របស់​ពួកគេ ក្នុងការ​ជួបជុំ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ លោក លើក​ហេតុផល​ទៀតថា ការសរសេរ​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​ដំណើរ​មាតុភូមិនិវត្ត​របស់លោក សម រង្ស៊ី គឺជា​សិទ្ធិ​បញ្ចេញមតិ​។ លោក ហៅ​សកម្មភាព​ទាំងអស់នេះ​របស់​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ថា​មិនមែន​ផ្ទុយ​នឹង​ផ្លូវច្បាប់​នោះទេ​។ 
 
​ជាមួយគ្នានេះ លោក មើលឃើញថា សំណុំ​រឿងនេះ គឺពាក់ព័ន្ធ​នឹង​នយោបាយ ច្រើនជាង​ផ្លូវច្បាប់ ដូច្នេះ គួរតែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​វិញ ទើប​ប្រសើរ​ជាង​។ 
 
​លោក សម រង្ស៊ី ពុំ​បានមក​កម្ពុជា តាម​គ្រោងទុក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឡើយ ដោយ​លោក ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ហាម​ក្រុមហ៊ុន​យន្តហោះ មិន​ឲ្យ​ដឹក​លោក ខណៈ​រដ្ឋាភិបាល បកស្រាយ​វិញ​ថា លោក មិន​ហ៊ាន​មក​ខ្លួនឯង​។ រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​គម្រោង​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ប្រឆាំង​នាពេលនោះ ថា​ដើម្បី​ធ្វើ​រដ្ឋប្រហារ​។ 
 
​លោក សម រង្ស៊ី ទើបនឹង​ប្រកាស​គម្រោង​លើក​ទី​២​ថា លោក នឹង​វិល​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។ សម្រាប់​គម្រោង​លើក​ទី​២​នេះ លោក មិនទាន់​ប្រកាស​កាលបរិច្ឆេទ​ជាក់លាក់​នោះទេ​ថា នឹង​មក​កម្ពុជា​នៅ​ថ្ងៃ ខែ ឆ្នាំ​ណា​។  
 
​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​របស់លោក ដូចជា អ្នកស្រី មួរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក តុ វ៉ាន់​ចាន់ លោក ឡុង រី លោក ហូរ វ៉ាន់ និង លោក ម៉ែន សុថា​វរិ​ន្ទ្រ ជាដើម សុទ្ធតែ​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាង​១៤០​នាក់​នោះ ដែល​ត្រូវ​ចូលរួម​សវនាការ នៅ​ថ្ងៃទី​២៦​វិច្ឆិកា​។ 
 
​លោក រង្ស៊ី និង ថ្នាក់ដឹកនាំ​ផ្សេងទៀត​របស់លោក ជាប់​ពីបទ​ឧបឃាត​ផង និង​ជាប់​ពីបទ​រួមគំនិត​ក្បត់ [ជាតិ] ផង​។ បទ​ឧបឃាត សំដៅលើ​ក្រុម​ណាមួយ ដែល​ផ្តើមគំនិត​និង​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​បទ​រួមគំនិត​ក្បត់ [​ជាតិ​] គឺ​សំដៅលើ​ជន ដែល​ចូលរួម​គាំទ្រ​ឬ​ចូលរួម​អនុវត្ត​គម្រោង​នោះ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​
 
​បទ​ឧបឃាត មានចែង​ក្នុង​មាត្រា​៤៥១​និង​មាត្រា​៤៥២​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ លើ​អ្នកប្រព្រឹត្ត ហើយ​បើ​អ្នកប្រព្រឹត្ត​ជា​អ្នករាជការ​សាធារណៈ ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត រីឯ បទ​រួមគំនិត​ក្បត់ [​ជាតិ​] មានចែង​ក្នុង​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ត្រូវ​ផ្តន្ទាទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ លើ​អ្នកប្រព្រឹត្ត ហើយ​បើ​អ្នកប្រព្រឹត្ត ជា​អ្នករាជការ​សាធារណៈ ត្រូវ​ជាប់ពន្ធនាគារ ពី​១០​ឆ្នាំ ទៅ ២០​ឆ្នាំ​។ 
 
​ដោយឡែក បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ឬ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម មានចែង​ក្នុង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ ២​ឆ្នាំ​៕

Tag:
 សំ សុ​គង់​
  CNRP
  តុលាការ​
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com