ជាតិ
ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រមូល​ផល​ស្រូវវស្សា​បាន ៧០​ភាគរយ ខណៈ​ខេត្ត​ដទៃ កំពុង​មមាញឹក​ស្ដារ​ដំណាំ​ស្រូវ​
25, Nov 2020 , 7:59 am        
រូបភាព
សកម្មភាពកសិករប្រមូលផលស្រូវរបស់ខ្លួន (រូបភាពពីក្រសួងកសិកម្ម)
សកម្មភាពកសិករប្រមូលផលស្រូវរបស់ខ្លួន (រូបភាពពីក្រសួងកសិកម្ម)
ដោយ:
​គិត​ត្រឹម​ថ្ងៃទី ២៣ វិច្ឆិកា ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រមូល​ផល​ស្រូវវស្សា​បាន​ប្រមាណ ៧០​ភាគរយ និង​ត្រៀម​បន្ត​ក្នុង​ការប្រមូល​ផល​ដំឡូង​មី​វិញ​ម្ដង ខណៈ​ខេត្ត​ដទៃ​កំពុង​មមាញឹក​ក្នុង​ការស្ដារ​ដំណាំ​ស្រូវ​។ នេះ​បើតាម​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា​នេះ​។​

 
​ទោះ​ស្ថិតក្នុង​រាជធានី​-​ខេត្ត​ទាំង​២០ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ តែ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនបាន​ខូចខាត​ដល់​ដំណាំ​កសិកម្ម​ច្រើន​នោះទេ​។ ជាមួយគ្នានេះ កសិករ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​មមាញឹក​ប្រមូល​ផល​ស្រូវវស្សា ខណៈ​ខេត្ត​ដទៃ កំពុង​ស្ដារ​ដំណាំ​ស្រូវ​ឡើងវិញ​។  លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម បាន​ប្រាប់​ThmeyThmey25 ថា​៖«​បច្ចុប្បន្ន​យើង​បាន​ប្រមូល​ផល​ស្រូវវស្សា​បាន ៧០​ភាគរយ និង​ត្រៀម​ប្រមូល​ផល​ដំឡូង​មី​បន្ទាប់​»​។ 
 
​លោក​ប្រធាន​មន្ទីរ​រូបនេះ បាន​ពន្យល់ថា ដោយសារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​ផល​ស្រូវវស្សា​មុន​ខេត្ត​ដទៃ ទើប​ស្រូវ​ក្នុង​ខេត្ត​នេះ តែងមាន​តម្លៃ​ខ្ពស់ ម្យ៉ាងទៀត​ពលរដ្ឋ​ភាគច្រើន​មិនសូវ​ប្រើប្រាស់​ថ្នាំ​គីមី​លើ​ដំណាំ​នោះទេ​។ លោក សូត្រ ស៊ី​សុខ​ឃាង បន្តថា​៖ «​ឆ្នាំនេះ​ទិន្នផល​ស្រូវ​កើនឡើង ការ​ច្រូត​យូរ​ជាង​មុន ហើយ​តម្លៃ​ក៏​ខ្ពស់ជាង​ខេត្ត​ផ្សេង និង​មាន​លក្ខណៈ​ប្លែក​ពី​គេ​ដោយសារ​ស្រូវ​ក្នុង​ខេត្ត​នេះ​ទុំ​មុន​ខេត្ត​ដទៃ​»​។ 
 
​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ  ពលរដ្ឋ​ប្រមាណ ៨០-៩០​ភាគរយ​ធ្វើ​ស្រូវ​ប្រភេទ​ផ្ការំដួល​។ សម្រាប់​តម្លៃ​ស្រូវ​ផ្ការំដួល​លេខ​មួយ​មានតម្លៃ ១,០៩០​រៀល​,​ប្រភេទ​លេខ​២ ១,០៤០​រៀល និង​ប្រភេទ​លេខ​៣ តម្លៃ ៩៩០​រៀល​ក្នុង​មួយ​គីឡូ​។ ផ្ទៃដី​ធ្វើ​ស្រូវវស្សា​ទូទាំង​ខេត្ត​មាន ៩​ម៉ឺន​ហិកតា ជា​មធ្យម​ទិន្នផល​ទទួលបាន ២.៧​តោន​ក្នុង​មួយ​ហិកតា​។​
 
​ដ្បិត​ខេត្ត​នេះ បាន​ប្រមូល​ស្រូវវស្សា​ប្រមាណ ៧០​ភាគរយ​ក្ដី តែ​ក៏​ជួប​ផល​ប្រឈម​ខ្លះៗ​ដែរ ដោយ​ខ្វះ​ម៉ាស៊ីន​ច្រូតកាត់​។ ការខ្វះ​ម៉ាស៊ីន​ច្រូត​នេះ ក៏​អាចមាន​ផលប៉ះពាល់​បន្តិចបន្តួច​ដល់​គុណភាព​ស្រូវ​នៅក្នុង​ស្រែ ព្រោះ​អាច​ទុំ​ជ្រុល​។ នេះ​បើតាម​ការពន្យល់​របស់​លោក សូត្រ ស៊ី​សុខ​ឃាង​។​
 
​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បច្ចុប្បន្ន​មាន​សេដ្ឋ​ក​កិច្ច​ល្អប្រសើរ ដោយសារ​ខេត្ត​នេះ​មាន​អំណោយផល​លើ​ដំណាំ​កសិកម្ម ពិសេស​ដំណាំ​ស្រូវ និង​ដំឡូង​មី​។ បន្ទាប់ពី​ការបញ្ចប់​ការងារ​ប្រមូល​ផល​ស្រូវវស្សា​នាពេល​ដ៏​ខ្លី​ខាងមុខ ពលរដ្ឋ​នឹង​បន្ត​ការប្រមូល​ផល​ដំឡូង​មី បន្ទាប់​ទៀត​។ ដោយឡែក​ទីផ្សារ​ដំឡូង​មី ឆ្នាំនេះ​មានតម្លៃ​ជា​ជិត ១​ពាន់​រៀល​ក្នុង​មួយ​គីឡូ សម្រាប់​ដំឡូង​មី​សើម​៕ 

Tag:
 ​កសិកម្ម​
 ​ស្រូវ​
 ​ដំឡូង​មី
© រក្សាសិទ្ធិដោយ thmeythmey.com