ជាតិ
អង្គការ WWF៖ រយៈពេល​១១​ខែ មាន​សត្វ​ផ្សោត​ចំនួន ៧​ក្បាល​បាន​ស្លាប់​
25, Nov 2020 , 8:59 am        
រូបភាព
ដោយ:
​រយៈពេល ១១​ខែ ក្នុង​ឆ្នាំ​២០២០​នេះ មាន​សត្វ​ផ្សោត​សរុប​ចំនួន ៧ ក្បាល​បាន​ស្លាប់ ក្នុងនោះ​មានកូន​ផ្សោត​ចំនួន ៥​ក្បាល និង​ផ្សោត​ពេញវ័យ​ចំនួន ២​ក្បាល​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ WWF ប្រចាំ​កម្ពុជា ដែល​សារព័ត៌មាន​ThmeyThmey25 ទទួលបាន​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 
​លោក ទេព អ​ស្នា​រិ​ទ្ធ ប្រធាន​កិច្ចការ​សាធារណៈ និង​គ្រប់គ្រង​ព័ត៌មាន នៃ​អង្គការ WWF ប្រចាំ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ទីជម្រក​ធម្មជាតិ​រប​ស់ស​ត្វ​ផ្សោត​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង និង​ល្បាក់ខោន​ត្រង់ចំណុច​ព្រំប្រទល់​កម្ពុជា​-​ឡាវ  ដែលមាន​ចម្ងាយ​សរុប ១៨០ គីឡូម៉ែត្រ​។ «​សាកសព​ផ្សោត​ត្រូវបាន​គេ​ប្រទះឃើញ​ភាគច្រើន​នៅក្នុង​តំបន់​ទីជម្រក​របស់​វា​នៅក្នុង​ខេត្តក្រចេះ ហើយ​កូន​ផ្សោត​ដែល​គេ​ប្រទះ​ស្លាប់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៤ វិច្ឆិកា កន្លង​មកជា​កូន​ផ្សោត​ទីមួយ​ដែល​ស្លាប់​ក្រៅ​ដែន​ជម្រក​របស់​វា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព អ​ស្នា​រិ​ទ្ធ​។​


កូនផ្សោតអាយុ ៧ថ្ងៃដែលស្លាប់នៅក្នុងខេត្តក្រចេះកាលពីថ្ងៃទី ១៤ វិច្ឆិកា (រូបភាព៖ WWF) 

​ការជាប់​នឹង​មង​នេសាទ និង​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ច្បាប់​ហាមឃាត់​សុទ្ធសឹង​ជា មូលហេតុ​ចំបងៗ​ដែល​បណ្តាល​ឲ្យ​សត្វ​ផ្សោត​ពេញវ័យ​ស្លាប់​។ ដោយឡែក មូលហេតុ​នៃ​ការ​សា្ល​ប់ របស់​កូន​សត្វ​ផ្សោត នៅ​មិនទាន់​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អាច​កំណត់​ឲ្យ​បានច្បាស់លាស់​នៅឡើយ ដែលជា​កត្តា​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​ការរស់រាន របស់​សត្វ​ផ្សោ​តទៅ​ថ្ងៃ​អនាគត​។​
 
​ការចុះ​ថយ​នៃ​ចំនួន​សត្វ​ផ្សោត ជាការ​ព្រួយបារម្ភ​ជា​សាកល​ដែល​ទាមទារ​ឲ្យ​អនុវត្ត​ជាបន្ទាន់​នូវ​វិធានការ​រួមគ្នា ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ឲ្យ​រួច​ផុតពី​ការបាត់បង់ ស្រប​ពេលដែល​លទ្ធផល​នៃ​ការធ្វើជំរឿន​ចុងក្រោយបង្អស់ បាន​បង្ហាញថា មាន​សត្វ​ផ្សោត​តែ​ចំនួន ៨៩ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​នៃ​កម្ពុជា​៕


ផ្សោតពេញវ័យអាយុ ២៧ឆ្នាំដែលស្លាប់នៅក្នុងខេត្តក្រចេះកាលពីថ្ងៃទី ៧ វិច្ឆិកា (រូបភាព៖ WWF)


Tag:
 ​ផ្សោត​
 ​មេគង្គ​
 ​ក្រចេះ​
 ​ស្ទឹងត្រែង​
 WWF
© រក្សាសិទ្ធិដោយ thmeythmey.com