សង្គមអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោត បៃឌិន៖ អាមេរិក ត្រៀមដឹកនាំពិភពលោកជាថ្មី ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ថ្លែងអំឡុងព្រឹត្តិការណ៍ប្រកាសសមាជិកគណៈរដ្ឋមន្ត្រី នៅរដ្ឋ Delaware កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
× ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន នៅថ្ងៃទី ២៤ ខែវិច្ឆិកា បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រៀមខ្លួនដឹកនាំម្ដងទៀតលើឆាកអន្តរជាតិ ដោយទាត់ចោលគោលនយោបាយ «America First» របស់ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ។
បន្ទាប់ពីណែនាំក្រុមមន្ត្រីផ្នែកសន្តិសុខជាតិ និងគោលនយោបាយការបរទេស លោក ចូ បៃឌិន បានបង្ហាញជំហរថា ក្រោយឡើងកាន់អំណាច លោកនឹងកាច់ចង្កូតអាមេរិកចេញពីនិន្នាការជាតិនិយមលក្ខណៈឯកតោភាគី ដែលលោក ដូណាល់ ត្រាំ បានអនុវត្ត៤ឆ្នាំកន្លងមក។ លោក បៃឌិន និយាយថា អនាគតគណៈរដ្ឋមន្ត្រីលោក ដែលរួមមានលោក Antony Blinken ជាបេក្ខជនរដ្ឋមន្ត្រីការបរទេស នឹងងាកចេញពីអ្វីដែលលោកចាត់ទុកថា ជាគំនិតចាស់គំរឹល និងទម្លាប់ដែលមិនផ្លាស់ប្តូរក្នុងកិច្ចការការបរទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
«នេះជាក្រុមដែលឆ្លុះបញ្ចាំងការពិតថា អាមេរិកត្រលប់មកវិញ ត្រៀមលក្ខណៈដឹកនាំពិភពលោក ពុំមែនដកថយពីវាឡើយ» ។ លោក បៃឌិន បញ្ជាក់បែបនេះ នៅព្រឹត្តិការណ៍មួយនៅរដ្ឋ Delaware មុននឹងបន្ថែមថា ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិក ត្រៀមខ្លួនប្រឈមមុខនឹងសត្រូវ ហើយមិនទាត់ចោលសម្ព័ន្ធរបស់ខ្លួនឡើយ។
«ត្រៀមក្រោកឈរសម្រាប់គុណតម្លៃយើង»។ លោក សង្កត់ធ្ងន់បែបនេះ។
អាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ក្នុងពេល៤ឆ្នាំ បានបង្កភាពល្អក់កករជាមួយសម្ព័ន្ធមិត្តជាច្រើនក្នុងតំបន់អឺរ៉ុប និងប្រទេសផ្សេងទៀតក្នុងពិភពលោក ជាមួយការដាក់សម្ពាធលើសមាជិកអង្គការណាតូពាក់ព័ន្ធថ្លៃចំណាយការពារជាតិ និងការដំឡើងពន្ធជាដើម។ លោក ត្រាំ ក៏បានបោះបង់ចោលកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនចាប់ពីអាកាសធាតុ ពាណិជ្ជកម្ម អាវុធនុយក្លេអ៊ែរ និងសុខភាពសាធារណៈ ហើយបង្កើនភាពស្អិតល្មួតជាមួយមេដឹកនាំផ្ដាច់ការ ដែលផ្ទុយនឹងគុណតម្លៃលោកខាងលិច។
គោលនយោបាយការបរទេសក្រោមរដ្ឋបាលលោក បៃឌិន ទំនងជាឲ្យតម្លៃខ្ពស់លើគោលនយោបាយពហុភាគីនិយម ដែលមានគោលដៅផ្សះផ្សាទំនាក់ទំនងក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដូចជាដើរលើមាគ៌ាថ្មីលើបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះគឺស្តែងចេញពីការតែងតាំងលោក ចន ឃែរី អតីតរដ្ឋមន្ត្រីការបរទេស និងជាតួអង្គចម្បងមួយក្នុងការចចារបង្កើតកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ធ្វើជាប្រេសិតប្រធានាធិបតីពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុ ៕
Tag:
សហរដ្ឋអាមេរិក
ចូ បៃឌិន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com