ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖«ចាប់ពី៥នាក់ឡើងទៅ មានមនុស្ស ហ៊ុន សែន ហើយ»
25, Nov 2020 , 1:55 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់សម្តេច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់សម្តេច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនិងជាប្រធានគណបក្សកាន់អំណាច ប្រាប់ជាសាធារណៈថា បណ្តុំមនុស្ស ដែលមានចំនួនចាប់ពី៥នាក់ឡើងទៅ គឺអាចមានគ្នារបស់សម្តេចក្នុងនោះហើយ។

 


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាំបាច់ត្រូវបកស្រាយ ចំពោះការចោទសម្តេច ថាលួចថតសំឡេងរបស់លោក ហូរ វ៉ាន់ ថ្នាក់ដឹកនាំម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ហើយយកទៅចាក់ជាសាធារណៈឲ្យគេបានឮ ដែលខុសនឹងរដ្ឋធម្មនុញ្ញ។ អ្នកចោទនោះ គឺជាមេធាវីម្នាក់ ដែលសម្តេច ចង់សំដៅដល់ តែមិនបញ្ចេញឈ្មោះ។

តាមរយៈសំឡេង ដែលសម្តេច ហ៊ុន សែន ចាក់ជាសាធារណៈ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីតំបន់កោះពេជ្រទៅក្រុងរណបកោះនរា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គេ ឮលោក ហូរ វ៉ាន់ ណែនាំទៅកាន់មនុស្សមួយក្រុម អំពីផែនការនាំគ្នាទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់សម្តេច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេច អះអាងថា លោក ហូរ វ៉ាន់ បានផ្ញើសារជាសំឡេងតាមប្រអប់សារហ្វេសប៊ុក (Group Chat) ពីអាមេរិក ទៅកាន់ក្រុមមនុស្សរបស់លោកនៅកម្ពុជា អំពីផែនការធ្វើបាតុកម្មនៅមុខស្ថានទូតចិន។

សម្តេចនាយករដ្ឋមន្រ្តី បង្ហើបថា ក្នុងក្រុមឆ្លងឆ្លើយតាមប្រអប់សារហ្វេសប៊ុក ដែលលោក ហូរ វ៉ាន់ និយាយនោះ ក៏មានមនុស្សរបស់សម្តេចដែរ។ សម្តេច បន្តថា មនុស្សរបស់សម្តេច នៅក្នុងក្រុមឆ្លងឆ្លើយតាមប្រអប់សារហ្វេសប៊ុកនោះហើយ ដែលបានយកសំឡេងរបស់លោក ហូរ វ៉ាន់ ផ្ញើទៅសម្តេច។ សម្តេច ចង់បញ្ជាក់ថា សម្តេច ពុំបានលួចថតសំឡេងរបស់លោក ហូរ វ៉ាន់ ឡើយ។

ប្រមុខរដ្ឋាភិបាលនិងជាប្រធានគណបក្សកាន់អំណាចរូបនេះ ថ្លែងដូច្នេះថា៖«...មនុស្សឲ្យតែចាប់ពី៥នាក់ឡើងទៅ វា មានមនុស្សហ៊ុន សែន នៅក្នុងនុ៎ងហើយ កុំឆ្ងល់ពេក។ អ៊ីចឹង វា មានអីជាអាថ៌កំបាំង ព្រោះអ្នកនៅក្នុងក្រុមនុ៎ង មានរាប់សិបនាក់ឯណោះ ហើយអ្នកនុ៎ង គេបញ្ចេញមកឲ្យយើង។ អ្នកឯង ចងក្រុមទៀតទៅ ហើយគេចូលមើលតាមជាមួយអ៊ីចឹង ក្រុមតេឡេក្រាម ក្រុមស៊ូម [Zoom]  ក្រុមហ្វេសប៊ុក អាហ្នឹងមានទាស់អី...»។

សម្តេច ហ៊ុន សែន និយាយរឿងបញ្ចេញសំឡេងរបស់លោក ហូរ វ៉ាន់ ដ្បិតចង់ណែនាំឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ដឹងឲ្យច្បាស់ពីអង្គហេតុជាមុនសិន មុននឹងឈានដល់សន្និដ្ឋានពីអង្គច្បាប់។ សម្តេច ហ៊ុន សែន ដែលជាមេធាវីដែរនោះ តែមិនប្រកបវិជ្ជាជីវៈ បានប្រាប់មេធាវីស្ម័គ្រចិត្តរបស់ខ្លួនថា ក្នុងឋានៈជាមេធាវី ដំបូង គឺត្រូវក្តាប់ឲ្យបានពីអង្គហេតុរបស់កូនក្តី មុនឈានទៅដល់សន្និដ្ឋានពីអង្គច្បាប់។ សម្តេច បន្ថែមថា មិនមែនតែមេធាវីទេ សូម្បីតែព្រះរាជអាជ្ញានិងចៅក្រម ក៏ត្រូវក្តាប់អង្គហេតុឲ្យបានច្បាស់លាស់ជាមុនដែរ។

ចំពោះការសន្មតរបស់មេធាវីម្នាក់ថា សម្តេច ហ៊ុន សែន លួចថតសំឡេងរបស់លោក ហូរ វ៉ាន់ ហើយវិនិច្ឆ័យថាសម្តេច ធ្វើខុសរដ្ឋធម្មនុញ្ញ ត្រូវបានសម្តេច ហៅថា «ជាភាពល្ងង់ខ្លៅ» របស់មេធាវីរូបនោះ ដ្បិតមេធាវីរូបនោះ ពុំទាន់បានដឹងអង្គហេតុច្បាស់លាស់ជាមុនថា សម្តេច បានសំឡេងរបស់លោក ហូរ វ៉ាន់ ពីអ្នកណាឬពីមធ្យោបាយណាមួយ។ សម្តេច អាចនឹងចាត់ទុកថាមានភាពឈ្លាសវៃ បើមេធាវីរូបនោះ ប្រើភាសាថា បើសម្តេច លួចថតសំឡេងរបស់លោក ហូរ វ៉ាន់ គឺសម្តេច ធ្វើខុសនឹងរដ្ឋធម្មនុញ។

សម្តេចនាយករដ្ឋមន្រ្តី បង្ហាញការហួសចិត្តខ្លាំងនិងស្មានមិនដល់ថា មេធាវីរូបនោះ មានភាពខ្វះចន្លោះអំពីអង្គហេតុ ហើយបែរជាហ៊ានសន្និដ្ឋានលើអង្គច្បាប់។ សម្តេច បានក្រើនរម្លឹកមេធាវីស្ម័គ្រចិត្តរបស់សម្តេច មិនឲ្យធ្វើតាមមេធាវីរូបនោះ។ សម្តេច មានប្រសាសន៍ថា៖«អ្នក ស្តាប់ក៏ស្តាប់ មិនស្តាប់ក៏ហី តែខ្ញុំ អះអាងថា អ្នកឯងធ្វើខុស ហើយខ្ញុំណែនាំមេធាវីរបស់ខ្ញុំ កុំឲ្យធ្វើតាម»។

មាត្រា៤០នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា៖«...ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និង តាមទូរស័ព្ទ ត្រូវបានធានា»។

ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋាភិបាល លើកឡើងថា នៅកម្ពុជា មានច្បាប់ពីរ គឺច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ប្រឆាំងអំពើភេរវកម្ម បានអនុញ្ញាតឲ្យមានការចាប់សំឡេង។ សម្តេច បញ្ជាក់ថា បើស្ថិតក្នុងក្របខណ្ឌនៃច្បាប់ទាំងពីរនេះ ព្រះរាជអាជ្ញា អាចបញ្ជាទៅកម្លាំងនគរបាលឲ្យស៊ើបជាសម្ងាត់ ដើម្បីយកការទាក់ទងរបស់ជនល្មើស ដោយមិនខុសច្បាប់ឡើយ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិតជាមានមនុស្សមួយក្រុម នាំគ្នាទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិន តាមការរៀបចំរបស់លោក ហូរ វ៉ាន់ មែន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក៏ដើម្បីបង្ហាញការប្រឆាំងនឹងវត្តមានរបស់កងទ័ពចិនដែរ ដ្បិតពួកគេ នៅតែសង្ស័យថា មានមូលដ្ឋានកងទ័ពចិន នៅកំពង់ផែរាមខេត្តព្រះសីហនុ។ យ៉ាងណា រដ្ឋាភិបាល ប្រកាសម្តងហើយម្តងទៀតថា គ្មានកងទ័ពចិនឬកងទ័ពបរទេសណា នៅលើទឹកដីកម្ពុជានោះទេ។ 

ក្រៅពីទៅធ្វើបាតុកម្មនៅមុខស្ថានទូតចិន ក្រុមមនុស្សដែលស្តាប់តាមការចង្អុលបង្ហាញរបស់លោក ហូរ វ៉ាន់ ក៏បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតអាមេរិកនិងស្ថានទូតបារាំងផងដែរ ដើម្បីសុំឲ្យរដ្ឋាភិបាលប្រទេសធំៗទាំងពីរនេះ ជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្នុងញត្តិនោះ ពួកគេ ថែមទាំងសុំឲ្យរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលបារាំង ជួយធ្វើអន្តរាគមន៍លើកងទ័ពចិន ដែលពួកគេសង្ស័យថា មានវត្តមាននៅកំពង់ផែរាម ថ្វីបើរដ្ឋាភិបាលកម្ពុជា ប្រកាសដដែលៗថាគ្មានក៏ដោយ។

ក្នុងការធ្វើបាតុកម្មនៅមុខស្ថានទូតចិន ព្រមទាំងការយកញត្តិទៅដាក់នៅមុខស្ថានទូតអាមេរិក និងស្ថានទូតបារាំង មានមនុស្ស៤នាក់ ត្រូវចាប់ខ្លួនពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ បច្ចុប្បន្ន ពួកគេ កំពុងជាប់ឃុំបណ្តោះអាសន្ន។

អាមេរិក បារាំង និង ចិន ស្ថិតក្នុងចំណោមប្រទេសទាំង១៨ ដែលចូលរួមធ្វើជាហត្ថលេខីក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com