អន្តរជាតិ
រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ​ឥណ្ឌូណេស៊ី ត្រូវ​ចាប់ខ្លួន​ពីបទ​ចោទ​អំពើពុករលួយ​
25, Nov 2020 , 2:40 pm        
រូបភាព
លោក Edhy Prabowo រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទ។ រូបភាព៖ KP
លោក Edhy Prabowo រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទ។ រូបភាព៖ KP
​ទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា បាន​អះអាងថា រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ និង​នេសាទ លោក Edhy Prabowo ត្រូវបាន​ចាប់ខ្លួន​ពីបទ​ទាក់ទិន​នឹង​អំពើពុករលួយ​។

 
​អនុប្រធាន​ទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ លោក Nawawi Pomolango បាន​បញ្ជាក់ថា មនុស្ស​មួយចំនួន ត្រូវបាន​ឃុំ​ខ្លួប​ណ្តោះ​អាសន្ន នៅ​យប់​ថ្ងៃទី ២៤ និង​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ ចំណែក​រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ និង​នេសាទ លោក​Edhy Prabowo ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ទើប​មកពី​បរទេស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហ្សា​ការ​តា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ 
 
​យ៉ាងណាក៏ដោយ អនុប្រធាន​ទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ​រូបនេះ បាន​បដិសេធ​បញ្ចេញ​ព័ត៌មាន​លម្អិត​ផ្សេងៗ ដោយ​សំអាងថា ត្រូវ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​បឋម​សិន​។ តាម​ការចុះផ្សាយ​របស់​កាសែត Jakarta Globe លោក​រដ្ឋមន្ត្រី Edhy ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការនាំចេញ​កូន​បង្កង​ខុសច្បាប់​។​
 
​លោក Edhy ជា​អ្នកនយោបាយ​របស់​បក្ស​ចលនា​ឥណ្ឌូណេស៊ី និង​បាន​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ និង​នេសាទ នៅក្នុង​ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ​។ ប្រសិនបើ​លោក ត្រូវបាន​តុលាការ​រកឃើញថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​មែន​នោះ លោក នឹង​ក្លាយជា​រដ្ឋមន្ត្រី​ទី​៣ ក្នុងគណៈ​រដ្ឋមន្ត្រី​លោក ចូ​កូ វី​ដូ​ដូ ដែល​ត្រូវ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ 
 
​នៅក្នុង​ខែមិថុនា​កន្លងមក អតីតរដ្ឋមន្ត្រី​កីឡា​ឥណ្ឌូណេស៊ី លោក Imam Nahrawi ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ ពិន័យ​ជា​ប្រាក់ ១,៣​លាន​ដុល្លារ និង​ហាម​ឈរឈ្មោះ​ជាម​ន្ត្រី​សាធារណៈ​រយៈពេល ៤​ឆ្នាំ ពីបទ​លួច​លុយ​សាធារណៈ​ប្រមាណ ៨០​ម៉ឺន​ដុល្លារ​។ នៅក្នុង​ឆ្នាំ​២០១៩ អតីតរដ្ឋមន្ត្រី​សង្គម លោក Idrus Marham ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពីបទ​ទទួល​សំណូក​៕ 

Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com