ជាតិ
តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ​ដដែល
25, Nov 2020 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដោយ​មិន​យល់ព្រម​តាម​សំណើសុំ​ឲ្យ​នៅក្រៅ​ឃុំ​ឡើយ​។



​លោក អែម ប៊ុន​ណា​រិ​ទ្ធ សហការី​របស់ លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​នេះ គឺពាក់ព័ន្ធ​បណ្ដឹង​ជំទាស់​ការឃាត់ខ្លួន​លោក រ៉ុង ឈុន ទាំងយប់ និង​ការស្នើសុំ​នៅក្រៅ​ឃុំ​។ «​តុលាការ​កំពូល​សម្រេច​ប្រកាស​តម្កល់​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ មានន័យថា​គេ​នៅតែ​រក្សា​នៅ​ដដែល គឺ​បន្ត​ឃុំខ្លួន​លោក រ៉ុ​ន ឈុន ដដែល​»​។ នេះ​បើតាម​លើកឡើង​របស់លោក ប៊ុន​ណា​រិ​ទ្ធ ដោយ​បញ្ជាក់​បន្ថែមថា លោក​បាន​ដំណឹង​ពី​មេធាវី​ថា នៅ​ថ្ងៃទី​២​ខែធ្នូ តុលាការ​នឹង​បើក​ជំនុំជម្រះ លើ​ករណី​បទ​ចោទ​ញុះញង់​។ 
 
​សូមជម្រាបថា លោក រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១​កក្កដា ឆ្នាំ​២០២០ ក្រោយ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ ។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១​សីហា ក៏​បានចេញ​ដីកាឃុំខ្លួន​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​
 
​លោក រ៉ុង ឈុន ជាប់ចោទ​ពីបទ «​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​»៕ 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com