ជាតិ
សង្គមជាតិ
ប្រទេស​កាតា​ផ្តល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​សម្រាប់​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​
25, Nov 2020 , 8:29 pm        
រូបភាព
កុមារា និងកុមារីនៅខេត្ត​មណ្ឌលគីរី កំពុងតែ​ធ្វើដំណើរ​ទៅ​សាលារៀនដើម្បី​សិក្សា​ រូបភាពពីសហការី កញ្ញា ញឹក ស្រីល័ក្ខ
កុមារា និងកុមារីនៅខេត្ត​មណ្ឌលគីរី កំពុងតែ​ធ្វើដំណើរ​ទៅ​សាលារៀនដើម្បី​សិក្សា​ រូបភាពពីសហការី កញ្ញា ញឹក ស្រីល័ក្ខ
ដោយ:
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កាតា​បានផ្តល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឲ្យ​មក​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​គាំទ្រ​ដល់​កុមារ ដែល​ងាយ​បោះបង់ចោល​ការសិក្សា ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ការរៀនសូត្រ​ពេញ​មួយជីវិត​។ ជំនួយ​ថវិកា​នេះ​ត្រូវ​បានលើកឡើង​ដោយ​អគ្គនាយក​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​នៃ ប្រទេស​កាតា​លោក Khalifa Bin Jassim AL-Kuwari នៅក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​Conference ចំពោះមុខ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​។

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា  ក្រសួង​អប់រំ នឹង​យក​ថវិកា​នេះ​ទៅ​ពង្រឹង​វិស័យ​អប់រំ ដោយ​យកចិត្តទុកដាក់​លើ​កុមារ​ដែល​នៅក្រៅ​សាលា និង​ងាយ​បោះបង់​ការសិក្សា ឬ​មិនអាច​បញ្ចប់​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ។ បើតាម​លោក សុ​វាចា ថវិកា​នេះ​នឹង​អនុវត្ត​ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​២០៣០ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ 
 
«​គោលបំណង​នៃ​គម្រោង​គឺ​បន្ត​ជួយ​កុមារ​ងាយ​បោះបង់​ការសិក្សា ចូលរួម​ធានា ឱ្យបាន​នូវ​ការអប់រំ​ប្រកបដោយ​សមធម៌ គ្រប់​ជ្រុងជ្រោយ ហើយ​ចូលរួម​លើកកម្ពស់​ឱកាស​ការសិក្សា​រៀនសូត្រ ពេញ​មួយជីវិត​សម្រាប់​មនុស្ស​គ្រប់រូប​»​។ នេះ​ជាការ​លើកឡើង​របស់លោក រស់ សុ​វាចា​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​លើកឡើងថា ថវិកា​ទាំងនោះ​នឹង​រួមចំណែក​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​កំណែទម្រង់​ការគ្រប់គ្រង​អប់រំ យុវជន និង​កីឡា​ផងដែរ​៕ 
 
 

Tag:
 ថវិកា​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com