សហភាពអឺរ៉ុប (EU) បានសម្រេចកិច្ចព្រមព្រៀងទិញថ្នាំវ៉ាក់សាំងកូវីដ-១៩ រហូតដល់១៦០លានដូសពីក្រុមហ៊ុនឱសថអាមេរិក Moderna ។ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បញ្ជាក់បែបនេះ នៅថ្ងៃទី ២៤ ខែវិច្ឆិកា។
«ខ្ញុំរីករាយនឹងប្រកាសថា ស្អែក យើងនឹងអនុម័តកិច្ចសន្យាថ្មីមួយដើម្បីទិញវ៉ាក់សាំងកូវីដ-១៩មួយផ្សេងទៀត»។ អ្នកស្រី Ursula von der Leyen និយាយនៅថ្ងៃទី២៤ ខែវិច្ឆិកា មុនបន្ថែមថា កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យសហភាពអឺរ៉ុបទិញថ្នាំវ៉ាក់សាំងរហូតដល់ ១៦០លានដុល្លារ ដែលផលិតដោយក្រុមហ៊ុនឱសថ Moderna ។
កាលពីសប្ដាហ៍មុន ក្រុមហ៊ុនឱសថ Moderna បានប្រកាសថា បេក្ខភាពថ្នាំវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពរហូតដល់ ៩៤,៥ភាគរយ ក្នុងការបង្ការជំងឺកូវីដ-១៩។ ថ្នាំវ៉ាក់សាំងទាំង១៦០លានដូសនេះ នឹងគ្រប់គ្រាន់សម្រាប់ចាក់មនុស្ស៨០លាននាក់ ខណៈមនុស្សម្នាក់រំពឹងថាត្រូវចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩រហូតដល់២ដូស។
ការបញ្ជាទិញពិតប្រាកដ នឹងត្រូវធ្វើឡើងដោយបណ្ដារដ្ឋាភិបាលដែលជាសមាជិកសហភាពអឺរ៉ុប ប្រសិនបើវ៉ាក់សាំងនេះ ត្រូវបានអនុម័តដោយនិយតករឱសថរបស់ EU ។ ពេលវេលានៃការដឹកជញ្ជូន ពុំត្រូវបានកំណត់នៅឡើយ។
ក្នុងខែសីហា គណៈកម្មការ EU ដែលសហដឹកនាំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង តំណាងឲ្យរដ្ឋជាសមាជិករបស់ខ្លួន បានបញ្ជាក់ថា ខ្លួនបានរៀបចំកិច្ចពិភាក្សាបឋមជាមួយក្រុមហ៊ុន Moderna ជុំវិញកិច្ចព្រមព្រៀងមួយសម្រាប់ថ្នាំវ៉ាក់សាំង៨០លានដូស និងគម្រោងបន្ថែម៨០លានដូសទៀត។ យ៉ាងណាមិញ ព័ត៌មានលម្អិតរបស់កិច្ចសន្យានេះ ពុំត្រូវបានបង្ហាញជាសាធារណៈឡើយ។
មន្ត្រីសហភាពអឺរ៉ុបដែលចូលរួមក្នុងកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្ដាហ៍មុនថា EU ព្យាយាមចចារទិញថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ក្រោមតម្លៃ២៥ដុល្លារក្នុងមួយដូស។ ក៏ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បានបញ្ជាក់នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកាថា ក្រុមហ៊ុនលោក នឹងយកថ្លៃថ្នាំវ៉ាក់សាំងកូវីដ-១៩ ចន្លោះពី ២៥ដុល្លារ និង៣៧ដុល្លារក្នុងមួយដូស អាស្រ័យលើបរិមាណបញ្ជាទិញ។
ការសម្រេចកិច្ចសន្យាទិញថ្នាំវ៉ាក់សាំងពីក្រុមហ៊ុនឱសថអាមេរិក Moderna ជាកិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងទី៦ហើយ ដែលសហភាពអឺរ៉ុបបានចរចាជាមួយក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងកូវីដ-១៩។ បូកទាំងកិច្ចព្រមព្រៀងចុងក្រោយនេះ ការបង្កើនស្ដុកថ្នាំវ៉ាក់សាំងកូវីដ-១៩របស់ EU មានសរុបដល់ ១,៩៦ពាន់លានដូស សម្រាប់ប្រជាជនសរុបរបស់ EU មានប្រមាណ ៤៥០លាននាក់។
លើសពី Moderna សហភាពអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ជាមួយក្រុមហ៊ុនឱសថ straZeneca, Pfizer-BioNTech, Sanofi-GSK, Johnson & Johnson និង CureVac ។ បច្ចុប្បន្ន EU ក៏កំពុងចរចាទិញវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុនអាមេរិក Novavax ផងដែរ៕