អន្តរជាតិ
លោក Elon Musk ផ្ដួល​លោក Bill Gates ឡើងជា​មហាសេដ្ឋី​លំដាប់​ទី​២​លើ​លោក​
25, Nov 2020 , 10:29 pm        
រូបភាព
ដោយ:
​សហគ្រិន​បច្ចេកវិទ្យា Elon Musk បាន​ផ្ដួល​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ក្លាយជា​មហាសេដ្ឋី​លំដាប់​លេខ​២​របស់​ពិភពលោក​។ នេះ​បើតាម​ស​ន្ទ​ស្សន៍​របស់​ទូរទស្សន៍​អាមេរិក Bloomberg នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ។ គម្លាត​លុយ​គឺ​ខុសគ្នា​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​ឯណោះ​។

 
​លុយ​លោក​មហាសេដ្ឋី​អាមេរិក Musk បាន​កើន​៧,២​ពាន់​លាន​ដុល្លារ​ក្នុងពេល​មួយរយៈ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​របស់លោក ហក់​ឡើងដល់ ១៣៦​ពាន់​លាន​ដុល្លារ​។ ការកើនឡើង​យ៉ាងគំហុក​នេះ គឺ​បន្ទាប់ពី​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​រថយន្ត Tesla កក់​កប​ខ្លាំង​។ 
 
​យោងតាម​ស​ន្ទ​ស្សន៍​ស្តីពី​មហាសេដ្ឋី​របស់​ទូរទស្សន៍ Bloomberg លោក Jeff Bezos ស្ថាប័ន​ក្រុមហ៊ុន Amazon បន្ត​ឈរ​នៅ​កំពូល​តារាង​ជា​មហាសេដ្ឋី​លំដាប់​លេខ​មួយ​របស់​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប ១៨៣​ពាន់​លាន​ដុល្លារ​។ ចំណែក លោក Bill Gates ដែល​ទើប​ត្រូវបាន​លោក Musk អូស​ទម្លាក់​ពី​តំណែង​លេខ ២ កាន់កាប់​ទ្រព្យសម្បត្តិ​សរុប ១២៩​ពាន់​លាន​ដុល្លារ​។
​សហ​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក Mark Zuckerberg ដែលជា​សហគ្រិន​បច្ចេក​វិទ្យា​ម្នាក់​ដែរនោះ ឈរ​នៅ​លំដាប់​លេខ ៤ ក្នុង​តារាង​របស់ Bloomberg នេះ ជាមួយ​ទ្រព្យសម្បត្តិ ១០៥​ពាន់​លាន​ដុល្លារ ។ ចំណែក លោក Bernard Arnault ជនជាតិ​បារាំង​តែ​ម្នាក់​គត់​ដែល​ឈរ​នៅ​តារាង​កំពូល​មហាសេដ្ឋី​ទាំង ៥ បន្ទាប់ពី​លោក Zuckerberg មានទ្រព្យ​សម្បត្តិ​សរុប ១០៤​ពាន់​លាន​ដុល្លារ​។ លោក ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​គ្រឿង​ប្រណីត Moët Hennessy Louis Vuitton (LVMH) ។​
 
​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla បាន​ឡើង​លើស ៥០០​ពាន់​លាន​ដុល្លារ ក្រោយ​អ្នកវិនិយោគ​នាំគ្នា​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​។ ពោលគឺ​ក្រោយ​ពេលដែល​ភាគហ៊ុន​ថ្មី​របស់​ក្រុមហ៊ុន Tesla ត្រូវប៉ាន់​ខ្លាំង នៅពេល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ស​ន្ទ​ស្សន៍​S&P 500 ដែល​ជាស​ន្ទ​ស្សន៍​ដ៏​សំខាន់​មួយ​ក្នុង​ទីផ្សារ​ហ៊ុន​អាមេរិក​។​
 
​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla ហក់​ឡើង​ខ្ពស់​បែបនេះ មានន័យថា តម្លៃ​ភាគហ៊ុន​របស់លោក Musk កាន់កាប់​ក្នុង​អាជីវកម្ម​នេះ​ក៏​ឡើង​តាម​ហ្នឹង​ផងដែរ​។ ជាមួយ​តម្លៃ​ទីផ្សារ​រហូតដល់​៥០០​ពាន់​លាន​ដុល្លារ ក្រុមហ៊ុន Tesla បច្ចុប្បន្ន គ្រង​តំណែង​ជា​ក្រុមហ៊ុន​រថយន្ត​មានតម្លៃ​ផុត​គេ​ក្នុង​ពិភពលោក ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com