ជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖ មាន​មេធាវី និង​NGO​ខ្លះ ញុះញង់​ពលរដ្ឋ​ឲ្យ​ធ្វើបាតុកម្ម​
25, Nov 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន អះអាងថា ពលរដ្ឋ​ដែល​នាំគ្នា​បាតុកម្ម​កន្លងមក ដោយសារ​មាន​ក្រុម​មេធាវី និង​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ ដើរ​ញុះញង់​ឲ្យ​ពួកគេ​ឡើង​តវ៉ា​។ នាយករដ្ឋមន្ត្រី ថ្លែង​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​នេះ​។​








​សម្ដេច ហ៊ុន សែន អះអាងថា ខ្លួន​មិន​សប្បាយចិត្ត​ឡើយ នៅពេលដែល​សង្គម​ស៊ីវិល និង​មេធាវី ធ្វើ​សកម្មភាព​ញុះញង់​ពលរដ្ឋ​ឲ្យ​ដើរ​តវ៉ា​បែបនេះ​។ ប្រមុខ​រដ្ឋាភិបាល ដែល​បានដឹង​ព័ត៌មាន​នេះ បាន​និយាយថា សម្ដេច​លើកទឹកចិត្ត​ឲ្យ​សង្គម​ស៊ីវិល និង​មេធាវី ផ្ដល់ជំនួយ​ផ្លូវច្បាប់ និង​ការពារ​ក្តី​ជូន​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​មិន​លើកទឹកចិត្ត​ឲ្យ​ដើរ​រុញ​ពលរដ្ឋ​ធ្វើបាតុកម្ម​ឡើយ​។​
 
​ថ្លែង​ចំពោះមុខ​មេធាវី​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​មាន​អង្គការ​មួយចំនួន និង​មេធាវី​ខ្លះ ក៏​ឆ្លៀតឱកាស​រុញ​ឲ្យ​បាតុកម្ម​ផ្ទុះ​ឡើយ មិនមែន​យើង​ជា​រដ្ឋាភិបាល​មិនដឹង​រឿង​នោះទេ​»​។​
 
​បើតាម​សម្ដេច ហ៊ុន សែន មាន​ករណី​បាតុកម្ម​តវ៉ា​របស់​ពល​រដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ កោះកុង និង​ក្រចេះ​ជាដើម សុទ្ធតែ​កើតចេញពី​ការ​ញុះញង់​។ ដូច្នេះ​សម្ដេច ក៏​ស្នើ​ឲ្យ​ក្រុម​អង្គការ និង​មេធាវី​ទាំងនោះ បញ្ឈប់​សកម្មភាព​ខ្លួន​នេះដែរ​៕

Tag:
 ហ៊ុន សែន​
  NGO
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com