ជាតិ
សម្ដេច ហ៊ុន សែន ឆ្ងល់រឿង គណៈមេធាវី ចាយលុយ៤០ម៉ឺនដុល្លារ បានត្រឹមតែ៦ខែ
× ភ្នំពេញ៖ គណៈមេធាវី ទទួលបានថវិកា១,៦០០លានរៀល (៤០ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំពីរដ្ឋាភិបាល។ ប៉ុន្តែថវិកាទាំងនេះ គណៈមេធាវី ចាយវាយត្រឹមតែ៦ខែប៉ុណ្ណោះ ពោលគឺប្រើប្រាស់ថវិកាមិនដល់មួយឆ្នាំឡើយ។ សម្ដេច ហ៊ុន សែន ចង់ដឹងមូលហេតុដែលគណៈមេធាវី ចាយវាយថវិកាលឿនបែបនេះ។
សម្ដេច ហ៊ុន សែន ឆ្ងល់ថា ហេតុអ្វីបានជាគណៈមេធាវី ចាយវាយថវិកាមិនស្របតាមផែនការ? តើថវិកាទាំងនោះ ចាយវាយលើអ្វីខ្លះ?
ក្រោយចោទជាសំនួរបែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឲ្យលោក លី ចាន់តុលា ដែលទើបជាប់ឆ្នោតជាប្រធានគណៈមេធាវី កាលពីពេលថ្មីៗ ធ្វើរបាយការណ៍សកម្មភាព និងចំណាយរបស់មេធាវីកន្លងមក ឲ្យសម្ដេចត្រួតពិនិត្យ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា នេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«កន្លងទៅ(ថវិកា)១,៦០០លានរៀល ចាយបានតែពាក់កណ្ដាលឆ្នាំ មិនដឹងជាចាយទៅលើអ្វីខ្លះទេ។ អ៊ីចឹងបានជាខ្ញុំចង់ធ្វើ Audit (សវនកម្ម, ត្រួតពិនិត្យបញ្ជីចំណាយ) ប៉ុន្តែឥឡូវខ្ញុំមិនទាន់ធ្វើ Audit ទេ គ្រាន់តែសុំរបាយការណ៍ប៉ុណ្ណឹង។ (ថវិកា)១,៦០០លានរៀល វាស្មើនឹង៤០ម៉ឺនដុល្លារ តែបែជាចាយបានតែពាក់កណ្ដាលឆ្នាំ វាអស់លុយ។ តើយកវាទៅធ្វើអី?»
មេធាវីរបស់គណៈមេធាវី ត្រូវការពារ និងដោះស្រាយសំណុំរឿងរបស់ជនក្រីក្រ ដោយមិនទទួលបានថវិកាឡើយ ហើយបើការពារជនក្រីក្រ ដើម្បីយកលុយនោះ គឺលែងមានន័យហើយ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលសង្ស័យថា មេធាវីនៃគណៈមេធាវី ការពារក្តីកន្លងមក ទំនងយកលុយរបស់រដ្ឋទៅចាយ។
ថ្លែងបែបនេះហើយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រាប់ឲ្យលោក លី ចាន់តុលា ប្រធានគណៈមេធាវី រៀបចំការចំណាយឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ថវិកាឲ្យចំគោលដៅពិតប្រាកដ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្រីក្រ។ «បើសិនជាអាចគួរតែធ្វើរបាយការណ៍មួយ ក្នុងប៉ុន្មានឆ្នាំដែលចាប់ផ្ដើមទទួលនូវថវិកាពីរដ្ឋាភិបាល ការពារក្តីបានប៉ុន្មាន? ផ្ដល់ការពិគ្រោះផ្លូវច្បាប់បានប៉ុន្មាន? អាចធ្វើរបាយការណ៍ហ្នឹងមួយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឲ្យក្រសួងយុត្តិធម៌ ត្រួតពិនិត្យលើការចំណាយរបស់គណៈមេធាវីនេះ។
តែយ៉ាងណារដ្ឋាភិបាល ក៏នឹងបន្ថែមថវិកាសម្រាប់គណៈមេធាវី ដល់២០០០លានរៀល នៅឆ្នាំក្រោយទៀតផង។ នេះបើតាមសម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com