ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​ការជួសជុល ព្រះពុទ្ធ​បដិមា​មួយអង្គ នៅ​កំពូល​ប្រាសាទអង្គរវត្ត​
26, Nov 2020 , 8:29 am        
រូបភាព
រូបបដិមាព្រះពុទ្ធជួសជុលរួចរាល់ ២៥ ១១
រូបបដិមាព្រះពុទ្ធជួសជុលរួចរាល់ ២៥ ១១
ដោយ​៖ ស៊ុ​ល រ៉​វី​

​ព្រះពុទ្ធ​បដិមា​មួយ​ព្រះអង្គ​នៅ​ទិស​ខាងត្បូង​នៃ​កំពូល​ប្រាសាទអង្គរវត្ត ដែលមាន​សភាព​ចុះខ្សោយ​នេះ ត្រូវបាន​អ្នកជំនាញ​អភិរក្ស​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ​។​



​កន្លងមក​ព្រះពុទ្ធ​បដិមា​អង្គ​នេះ​មាន​បញ្ហា​មួយចំនួន នៅត្រង់​ព្រះ​កេស ព្រះ​ភក្ដ្រ ជើង​ផ្នែក​ខាងក្រោម និង​ជើង​ទម្រ​ទប់​លំនឹង​គុណភាព​ចុះខ្សោយ បណ្ដាល​ឲ្យ​ទម្ងន់​រូប សង្កត់ធ្ងន់​លើ​បាតជើង​ក្រោម ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជើង​ក្រោម​ប្រេះ​បាក់បែក​ដោយ​ទ្រ​ទម្ងន់​ធ្ងន់​។ នេះ​បើតាម លោក សយ សុភា​រិន្ទ ជា​មន្ត្រី​ជំនាញ​អភិរក្ស​ចម្លាក់​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​។​
 
​លោក សយ សុភា​រិន្ទ បន្តទៀតថា ដើម្បី​ជួយ​ដល់​បដិមា​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ ក្រុម​អភិរក្ស​របស់លោក បាន​អង្កេត​មើល​ពី​ស្ថានភាព​ខូចខាត​ជាប្រចាំ ហើយ​សិក្សា​ស្រាវជ្រាវ​ចងក្រង និង​ជួសជុល​ទាន់ពេលវេលា មុន​បង្ករ​ការខូចខាត​ដល់​រូប​បដិមា​ទាំងមូល​។ ហើយ​ព្រះកាយ​បដិមា ត្រូវបាន​ក្រុមការងារ​របស់លោក​បាន​សម្អាត​តាម​វិធី​ស្ងួត ដោយ​ប្រើ​ច្រាស់​នឹង​ជក់​ទន់ៗ​បោស​ធូលី ក្ដាំង​ធូលី សំបុក​ពីងពាង​ជាដើម និង​ប្រើប្រាស់​ការសម្អាត​សើម ដោយ​សម្អាត​លើ​ស្នឹម​ខ្មៅ​ដោយសារ​ផ្សែង​ធូប ទៀន ក្លាយជា​កំណក​ក្ដាំង​អំបិល​លើ​ព្រះកាយ ព្រះ​ភក្ដ្រ និង​ព្រះ​កេស ក៏ដូចជា​វិភាគ​ពី​សារធាតុ​ដែល​យកមក​សម្អាត ដើម្បី​ពង្រឹង​កន្លែង​ពុកផុយ ហើយ​រក្សា​ពណ៌​ដើម​បាន​ផងដែរ​។​
 
​យ៉ាងណាមិញ ព្រះពុទ្ធ​បដិមា​អង្គ​នេះ​ពីមុន​ជាប់​នឹង​ជញ្ជាំង​សន្ធប់​ទ្វារ​បន្ទប់​នៅ​រួត​បាកាណ តែ​ត្រូវបាន​ដាប់​ចេញពី​ជញ្ជាំង​នៅ​ក្នង​សម័យ​អាណានិគម​បារាំង​ប្រហែល​ឆ្នាំ ១៩៤៣ ក្នុង​គោលបំណង​ជីក​កំណាយ​អណ្ដូង​កណ្ដាល​តួ​បាកាណ​ចុះទៅ​ក្រោម​របស់​អ្នកស្រាវជ្រាវ​បុរាណ​៕
 

Tag:
 ​ថ្មីៗ​25
  សៀមរាប​
  ព្រះពុទ្ធ​បដិមា​
  អាជ្ញាធរ​ជាតិ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com