អន្តរជាតិ
លោក ត្រាំ លើកលែងទោស​ឲ្យ​អតីត​ទីប្រឹក្សា​សន្តិសុខ​ពាក់ព័ន្ធ​សំណុំរឿង​រុស្ស៊ី​
26, Nov 2020 , 11:48 am        
រូបភាព
អតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលលោក ដូណាល់ ត្រាំ លើកលែងទោស។ រូបភាព AFP
អតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលលោក ដូណាល់ ត្រាំ លើកលែងទោស។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា បានប្រកាសថា លោក​បាន​លើកលែងទោស​ឲ្យ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Michael Flynn ពាក់ព័ន្ធ​សំណុំរឿង​ជាមួយ​រុស្ស៊ី​។ បើតាម​សេត​វិមាន ការលើកលែងទោស​នេះ ជាការ​បញ្ចប់​សកម្មភាព​របស់​បក្ស​ប្រជាធិបតេយ្យ​លើ​អ្នក​ស្អាតស្អំ​ម្នាក់​។ បក្ស​ប្រជាធិបតេយ្យ បាន​ប្រតិកម្ម​ខ្លាំង​នឹង​ការលើកលែងទោស​នេះ ដោយ​ចោទ​លោក ត្រាំ ថា បំពាន​អំណាច និង​ពុករលួយ​។​

 
«​ខ្ញុំ​មាន​មហា​កិ​ត្ត​យស​ក្រៃលែង​ដើម្បី​ប្រកាសថា ឧ​ត្ត​ម​សេនីយ៍ Michael Flynn ត្រូវបាន​លើកលែងទោស​ពេញលេញ​។​» លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សរសេរ​បែបនេះ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ ការលើកលែងទោស ជា​រឿង​ដែល​គេ​រំពឹងទុក​ទៅហើយ ខណៈពេល​វេលា​លោក ត្រាំ ជា​ប្រធានាធិបតី​នៅ​មិន​ច្រើន​ទៀតឡើយ ដែល​ការណ៍​នេះ​លោក​អាច​ប្រើប្រាស់​សិទ្ធិ​ប្រធានាធិបតី​លើកលែងទោស​មនុស្ស​ជំនិត​ឯទៀត​បាន​។​
 
​លោក Flynn ដែលជា​ឧ​ត្ត​ម​សេនីយ៍​ទ័ពជើងគោក​ចូលនិវត្តន៍ ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ដំបូង​គេ​របស់លោក ត្រាំ ។ កាន់តំណែង​មិនបាន​មួយខែ​ផង លោក Flynn បង្ខំចិត្ត​លាលែង​ពី​តំណែង​វិញ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​លោក​ក្លាយជា​មុខសញ្ញា​របស់​ទី​ភ្នា​ក់​ស៊ើបអង្កេត​សហព័ន្ធ (FBI) ដែល​បើក​ការស៊ើបអង្កេត​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូលក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ លោក​ស្ថិតក្រោម​ស៊ើបអង្កេត​ទាក់ទង​ការជជែក​តាម​ទូរ​សព្ទ​ជាសម្ងាត់​ជាមួយ​អគ្គរដ្ឋទូត​រុស្ស៊ី​ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​កិច្ចសន្ទនា​នោះ លោក Flynn បាន​ជជែក​ពី​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី និង​ការបណ្ដេញ​មន្ត្រីការទូត​រុស្ស៊ី​ដែល​ប្រកាស​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។ ក្រៅពី​រឿងនេះ ឧ​ត្ត​ម​សេនីយ៍ Flynn ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួលប្រាក់​ពី​ក្រុមហ៊ុន​រុស្ស៊ី​តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​ចំនួន​ពីរ ដែល​ក្នុង​កម្មវិធី​មួយ លោក​អង្គុយ​ជាប់​ប្រធានាធិបតី វ៉ា្ល​ឌី​មៀ ពូ​ទីន ទៅទៀត​។ 
 
​លោក ត្រាំ ព្យាយាម​ការពារ​លោក Flynn យ៉ាងខ្លាំង រហូត​ឈានដល់​ការបង្កើត​រដ្ឋអាជ្ញា​ពិសេស​ដើម្បី​ស៊ើបអង្កេត​ករណី​លូកដៃ​របស់​រុស្ស៊ី​នេះ​។ នៅ​ចុងឆ្នាំ​២០១៧ លោក Flynn បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​អ្នកស៊ើប​អង្កេត និង​សារភាពថា លោក​បាន​កុហក FBI ពី​រឿង​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​មន្ត្រី​រុស្ស៊ី​ដើម្បី​ចៀស​ផុតពី​ការ​ជាប់ទោស​ធ្ងន់ធ្ងរ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន សេត​វិមាន​លើកឡើងថា ការលើកលែងទោស​នេះ ជាការ​បញ្ចប់​ការ​តាម​ចាប់​ឥត​ស្រាកស្រាន្ត​របស់​បក្សនយោបាយ​លើ​ជន​ស្មោះត្រង់​ម្នាក់​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ការស៊ើបអង្កេត​លើ​លោក Flynn ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​ធ្វើ​ឲ្យ​អាប់អោន​ដល់​លទ្ធផល​ការបោះឆ្នោត​ឆ្នាំ​២០១៦ និង​ធ្វើ​ឲ្យ​រដ្ឋបាល​លោក ត្រាំ បាក់មុខ​គ្រប់​ជំហាន​។​
 
​បក្ស​ប្រជាធិបតេយ្យ​វិញ បាន​រិះគន់​ការលើកលែងទោស​នេះ​។ ប្រធាន​គណៈកម្មាធិការ​ចារកិច្ច​សភា​តំណាង លោក Adam Schiff និយាយថា ជាថ្មី​ម្ដងទៀត លោក​បាន​បំពាន​អំណាច​លើកលែងទោស​ដើម្បី​លើកលែង​ឲ្យ​លោក Flynn ។ មន្ត្រីជាន់ខ្ពស់​ប្រជាធិបតេយ្យ​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​រូបនេះ​បន្តថា ការលើកលែងទោស​នេះ មិនអាច​លុបបំបាត់​ការពិត​បានឡើយ​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Michael Flynn
© រក្សាសិទ្ធិដោយ thmeythmey.com