ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម បង្កើតក្រុមការងារដោះស្រាយបញ្ហាដឹកជញ្ជូនលើផ្លូវគោក ផ្លូវទឹក និងផ្លូវដែក រដ្ឋមន្រី្តសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានពិភាក្សាជាមួយភាគីវៀតណាមពីបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅព្រំដែន កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២០ តាមប្រព័ន្ធវីដេអូពីចម្ងាយ
× ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដឹកជញ្ជូនទំនិញនៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ កម្ពុជា-វៀតណាមសម្រេចបង្កើតក្រុមការងារដោះស្រាយបញ្ហាលើកាដឹកជញ្ជូនលើផ្លូវគោក ផ្លូវទឹក និងផ្លូវដែកបន្ថែមទៀត។ រដ្ឋមន្រី្តសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានពិភាក្សាជាមួយភាគីវៀតណាមពីបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅព្រំដែន កាលពីថ្ងៃទី២៥វិច្ឆិកា តាមប្រព័ន្ធវីដេអូពីចម្ងាយ។
រដ្ឋមន្រី្តសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់ជិតខាង រួមទាំងអាស៊ានទាំងមូលផងដែរ។
បច្ចុប្បន្នកម្ពុជាកំពុងសាងសង់ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗទៅកាន់ច្រកទ្វារព្រំដែន ដូចជាផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ និងផ្លូវក្នុងក្រុងព្រះសីហនុជាដើម ដើម្បីធានាខ្សែច្រវ៉ាក់ដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដោយបានបញ្ជាក់ថា ភាគីវៀតណាមនឹងពន្លឿនគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ឲ្យចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ។
ដោយឡែកភាគីវៀតណាម បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួន និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ «ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរ ត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីនរៀងៗខ្លួនផងដែរ»។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមសម្រេចបានជាង ៧៣២លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ កើនឡើង១៥,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កន្លងមករដ្ឋាភិបាលប្រទេសទាំងពីរសន្យាថា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៥ពាន់លានដុល្លារក្នុងឆ្នាំនេះ៕
Tag:
ផ្លូវ
ដឹកជញ្ជូន
កម្ពុជា
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com