ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​លើផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវដែក
26, Nov 2020 , 12:35 pm        
រូបភាព
រដ្ឋ​ម​ន្រី្ត​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​នៅ​ព្រំដែន កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ២០២០ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​
រដ្ឋ​ម​ន្រី្ត​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​នៅ​ព្រំដែន កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ២០២០ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​
​ភ្នំពេញ​៖ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​នៅ​ច្រកទ្វារព្រំដែន​បាវិត​-​ម៉ុក​បៃ កម្ពុជា​-​វៀតណាម​សម្រេច​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​លើ​កា​ដឹកជញ្ជូន​លើផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវដែក​បន្ថែមទៀត​។ រដ្ឋ​ម​ន្រី្ត​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​នៅ​ព្រំដែន កាលពី​ថ្ងៃទី​២៥​វិច្ឆិកា តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។​

 
​រដ្ឋ​ម​ន្រី្ត​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ដឹកជញ្ជូន មិន​ត្រឹមតែ​បម្រើឱ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បម្រើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ជិតខាង រួមទាំង​អាស៊ាន​ទាំងមូល​ផងដែរ​។ 
 
​បច្ចុប្បន្ន​កម្ពុជា​កំពុង​សាងសង់ និង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​ទៅកាន់​ច្រកទ្វារព្រំដែន ដូចជា​ផ្លូវជាតិ​លេខ​១ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ជាដើម ដើម្បី​ធានា​ខ្សែ​ច្រ​វ៉ា​ក់​ដឹកជញ្ជូន​កាន់តែ​មាន​ប្រសិទ្ធភាព​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល ដោយបាន​បញ្ជាក់ថា ភាគី​វៀតណាម​នឹង​ព​ន្លឿ​ន​គម្រោង​ត​ភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ក្រុង​ហូជីមិញ ឲ្យ​ចេញ​ជា​រូបរាង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ 
 
​ដោយឡែក​ភាគី​វៀតណាម បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់ខ្លួន និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​កាន់​តែមាន​សន្ទុះ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ «​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ច្រកទ្វារព្រំដែន​បាវិត​-​ម៉ុក​បៃ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច និង​អនុ​ក្រុមការងារ​ចំពោះ​កិច្ច​ទៅតាម​វិស័យ ទាំង​ការដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បី​សហការ​ដោះស្រាយ​បញ្ហា​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដោយ​ក្រុមការងារ​ចំពោះ​កិច្ច​របស់​ប្រទេស​ទាំងពីរ ត្រូវ​ជួបប្រជុំ​ពិភាក្សា​ជា​ទៀងទាត់ និង​ធ្វើ​របាយការណ៍​ប្រចាំខែ​ជូន​នាយករដ្ឋមន្ត្រី​ន​រៀងៗ​ខ្លួន​ផងដែរ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ 
 
​សូមជម្រាបថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​សម្រេចបាន​ជាង ៧៣២​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ កើនឡើង​១៥,២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កន្លងមក​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​សន្យាថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​៕ 

Tag:
 ផ្លូវ​
  ដឹកជញ្ជូន​
  កម្ពុជា​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com