កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Bayern Munich និង Man City ទៅ​វគ្គ​បន្ត ឯ Inter ប្រឈម​នឹង​ធ្លាក់​
26, Nov 2020 , 3:19 pm        
រូបភាព
Bayern Munich និង Manchester City ជា​ក្រុមទី​៦ ដែល​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League បន្ទាប់ពី Chelsea, Juventus, Barcelona និង Sevilla​។ Inter Milan ប្រឈម​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​នេះ ក្រោយ​ចាញ់ Real Madrid ២-០ សម្រាប់​ការប្រកួត​លើក​ទី​៤ នៅ​រាត្រី​ថ្ងៃទី​២៥ ខែវិច្ឆិកា​។​


​បន្ទាប់ពី​យកឈ្នះ Salzburg​ ៣-១ ដែលជា​ជ័យជម្នះ​លើក​ទី​៤ ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A បាន​នាំ​ឲ្យ Bayern Munich មាន​ពិន្ទុ​នាំមុខ​ដាច់​ចំនួន​១២​ពិន្ទុ​ពេញ និង​ទទួលបាន​សិទ្ធិ​ទៅកាន់​វគ្គ​បន្ត​។ 
 
​បី​ក្រុម​ទៀត​ក្នុង​ពូ​ល​នេះ​ដែល​រួមមាន Atletico Madrid ដែល​ឈរ​លេខ​២ ប្រកួត​ស្មើ Lokomotiv Moscow នៅ​លេខ​បី​ក្នុង​លទ្ធផល ០-០ និង Salzburg សុទ្ធតែ​នៅមាន​ឱកាស​ប្រជែង​យក​លេខ​២ ដើម្បី​បាន​មួយ​កៅអី​ទៅកាន់​វគ្គ​បន្ត​។ Atletico Madrid រកបាន​៥​ពិន្ទុ ឯ Lokomotiv មាន​៣​ពិន្ទុ និង Salzburg មាន​១​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​២​លើក​ទៀត​។ ក្រុម​លេខ​៣​បាន​ទៅលេង Europa League​។​
 
​នៅក្នុង​ពូ​ល C វិញ ក្រុម Man City ក៏​រកបាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ទៅកាន់​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ​ដែរ ក្រោយ​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម Olympiacos ១-០​។ ឆ្លងកាត់​ការប្រកួត​៤​លើក ក្រុម​មេឃ​ខៀវ​ឈ្នះ​ទាំង​៤​មាន​១២​ពិន្ទុ​ពេញ​។​
 
FC Porto តាមរយៈ​ការយក​ឈ្នះ Marseille ២-០ ក៏មាន​ឱកាស​ច្រើន​ដើម្បី​ឈានទៅ​វគ្គ​បន្ត​ផងដែរ​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​នេះ រកបាន​៩​ពិន្ទុ​ឈរ​លេខ​២​ពូ​ល C ដោយ​នាំមុខ​ក្រុម​លេខ​៣ Olympiacos ៦​ពិន្ទុ​។ Olympiacos នៅតែ​មានឱកាស​ប្រជែង​យក​លេខ​២​ពី Porto ដ្បិត​នៅសល់​២​ប្រកួត​ទៀត​។ ក្រុម​បារ​រាំង Marseille ដែល​មិនទាន់មាន​ពិន្ទុ​រាប់ នៅសល់តែ​ឱកាស​ដណ្តើម​កៅអី Europa League ប៉ុណ្ណោះ​។​
 
Real Madrid ដែល​បាន​យកឈ្នះ Inter Milan ២-០ ក្នុងការ​ប្រកួត​លើក​ទី​៤​ពូ​ល B បាន​បង្កើន​ឱកាស​របស់ខ្លួន​ក្នុង​ប្រជែង​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ផងដែរ​។ ផ្ទុយទៅវិញ Inter មាន​ភាគរយ​ទាប​ក្នុងការ​ឈានទៅ​វគ្គ​បន្ត ក្រោយ​ប្រកួត​៤​លើក​ស្មើ​២ ចាញ់​២ មិនដែល​ឈ្នះ​សោះ​។​
 
​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​រកបាន​៧​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន ចាញ់​ក្រុម​កំពូល​តារាង Borussia Moenchengladbach ១​ពិន្ទុ​។ Moenchengladbach ដែល​យកឈ្នះ Shakhtar Donetsk ៤-០ រកបាន​៨​ពិន្ទុ​ពី​ការប្រកួត​៤​លើក​។ Shakhtar នៅ​លេខ​រៀង​ទី​៣​មាន ៤​ពិន្ទុ ខណៈ Inter Milan នៅ​បាត​តារាង​ដោយ​រកបាន​២​ពិន្ទុ​។ យ៉ាងណា​ក្រុម​ទាំង​នៅមាន​ឱកាស​ដណ្តើមយក​លេខ​១ និង​លេខ​២​រៀងៗ​ខ្លួន​។​
 
​ដោយឡែក​ពូ​ល D វិញ Liverpool បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​កំពុង​ឡើ​ជើង Atalanta ដោយ​លទ្ធផល ២-០ ស្របពេល Ajax ឈ្នះ FC Midtjylland ៣-១​។ បើ​ទោះ​ចាញ់​នៅ​ជំនួប​លើក​ទី​៤​ក្តី​ប៉ុន្តែ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​នៅតែ​ឈរ​កំពូល​តារាង​ពូ​ល D ដដែល ដ្បិត​ពួកគេ​ឈ្នះ​៣​ប្រកួត​ដំបូង​ដោយ​ទទួលបាន​៩​ពិន្ទុ​។ Ajax នៅ​លេខ​រៀង​ទី​២ រកបាន​៧​ពិន្ទុ ស្មើគ្នា​ជាមួយ Atalanta ដែល​នៅ​លេខ​៣ ព្រោះ​មាន​សំណល់​គ្រាប់​បាល់​តិចជាង​។ Midtjylland​អស់​ឱកាស​ប្រជែង​ទៅ​វគ្គ​បន្ត​ក្របខណ្ឌ​កំពូល​អឺរ៉ុប និង Europa League ដ្បិត​គ្មាន​ពិន្ទុ​រាប់​នៅឡើយ​៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com