ជាតិ
និស្សិត​កសិកម្ម ១៩៨​នាក់ ទៅ​ហាត់​ការ​នៅ​អ៊ីស្រាអែល​
27, Nov 2020 , 9:29 am        
រូបភាព
ដោយ:
​និស្សិត​កសិកម្ម​កម្ពុជា ១៩៨​នាក់ ទៅ​ហាត់​ការ​នៅ​អ៊ីស្រាអែល លើ​ជំនាញ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល​រយៈពេល ១១​ខែ ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១​។​នេះ​បើតាម​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កសិកម្ម​។​

 
​និស្សិត​ទាំង​១៩៨​នក់​នេះ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម សាកលវិទ្យាល័យ​ហេង សំរិន ត្បូងឃ្មុំ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ស្វាយរៀង ។​
 
​បើតាម​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កសិកម្ម នៅត្រឹម​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​បញ្ជូន​និស្សិត​កសិកម្ម ជាង​១​ពាន់​នាក់​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​ភាគច្រើន​ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ គិត​ចាប់ពី​ឆ្នាំ​២០០៨ មក​កម្ពុជា​បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​និង​ធ្វើការ​នៅ​អ៊ីស្រាអែល​រាល់​ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​លើ​ផ្នែក​កសិកម្ម​។ 


និស្សិតកសិកម្មកំពុងចាំជើងហោះហើរទៅប្រទេសអ៊ីស្រាអែល 
​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ​ក្រោម​ការសម្របសម្រួល​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ក្នុងការ​បញ្ជូន​និស្សិត​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល តាមរយៈ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កសិកម្ម (Agrostudies)​។ វា​គឺជា​កម្មវិធី​មួយ​ដែល​អាច​ផ្តល់​ឲ្យ​និស្សិត​នូវ​ចំណេះ​ជំនាញ បច្ចេកទេស​កសិកម្ម​ថ្មីៗ និង​ទំនើប ពី​ប្រទេស​អ៊ីស្រាអែល យកមក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​
 
​គួរ​បញ្ជាក់ថា និស្សិត​កម្ពុជា​ចំនួន ១២៨​នាក់​ផ្សេងទៀត ដែល​ទើប​បញ្ចប់​ការសិក្សា​ជំនាញ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល រយៈពេល ១១​ខែ ទើបតែ​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា ក្រោយ​ជាប់គាំង​រយៈពេល ៣​ខែ ដោយសារ​កូ​វីដ​-១៩ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ៕
 


និស្សិតស្រីកសិកម្មត្រៀមទៅសិក្សានៅប្រទេសអ៊ីស្រាអែល​

© រក្សាសិទ្ធិដោយ thmeythmey.com