អន្តរជាតិ
អូស្ត្រាលី បញ្ចប់​ការងារ​ទាហាន​យ៉ាងតិច​១០​នាក់​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋ​នក​ម្ម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​
26, Nov 2020 , 4:26 pm        
រូបភាព
ទាហានអូស្ត្រាលី។ រូបភាព៖ ក្រសួងការពារជាតិអូស្ត្រាលី
ទាហានអូស្ត្រាលី។ រូបភាព៖ ក្រសួងការពារជាតិអូស្ត្រាលី
ដោយ:
​ក្រសួងការពារជាតិ​អូស្ត្រាលី នៅ​ថ្ងៃទី​២៦ វិច្ឆិកា​នេះ បានចេញ​បញ្ជា​បណ្តេញ​ចេញពី​ការងារ​ទៅ​កងកម្លាំង​ពិសេស​យ៉ាងហោចណាស់​១០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ក្នុង​របាយការណ៍​ស្តីពី​ការសម្លាប់​មនុស្ស​ដោយ​ខុសច្បាប់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។

 
​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រសួងការពារជាតិ​អូស្ត្រាលី​ថ្ងៃទី​១៩ ខែវិច្ឆិកា បង្ហាញថា  ទ័ព​ពិសេស​អូស្ត្រាលី​១៩​នាក់​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុងការ​សង្ស័យ​សម្លាប់​ម​នុស្ស​ដោយ​ខុសច្បាប់​ចំនួន​៣៩​នាក់​ដែល​ក្នុងនោះ​រួមមាន​ជន​ស៊ីវិល និង​អ្នកទោស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ របាយការណ៍​ខាងលើនេះ​ចំណាយពេល​៤​ឆ្នាំ​ក្នុងការ​ស៊ើបអង្កេត​។​
 
«​ក្រសួងការពារជាតិ អាច​បញ្ជាក់ថា ខ្លួន​បានចាប់ផ្តើម​កិច្ចការរដ្ឋបាល ទល់នឹង​កងកម្លាំង​អូស្ត្រាលី ដោយ​អនុលោម​តាមច្បាប់ និង​គោលនយោបាយ​ការពារជាតិ​»​។ នេះ​ជាការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អូស្ត្រាលី ABC ។​
 
​ទាហាន​ប្រមាណ​១០​រូប​ខាងលើនេះ មិន​ស្ថិត​ក្នុងចំណោម​ទាហាន​១៩​រូប​ឡើយ តែ​ជា​អ្នក​ជួយ ឬ​ជា​សាក្សី​នៅពេល​ហេតុការណ៍​កើតឡើង​។ ក្រសួងការពារជាតិ​បន្ថែមថា ទាហាន​ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ​នេះ មកពី​កងពលធំ​ទី​២ ដែល​ត្រូវបាន​រំសាយ​។ ទាហាន​ជាច្រើនរូប​ទៀត នឹង​ទទួល​ការព្រមាន​ជា​ផ្លូវការ ខណៈ​អគ្គមេបញ្ជាការ​កងទ័ព​អូស្ត្រាលី ឧ​ត្ត​ម​សេនីយ៍ Angus Campbell ក៏​ធ្លាប់​បានលើកឡើង​ពី​ការដកហូត​មេដាយ​ពី​ទាហាន​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ​ផងដែរ​។​
 
​យោងតាម​គោលការណ៍​ឯកជន​ភាព ទាហាន​ដែល​ទទួលបាន​បញ្ជា​បណ្តេញ​ចេញ​នោះ នឹងមិន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ឡើយ​។ ក្រសួងការពារជាតិ​អូស្ត្រាលី អះអាងថា ទាហាន​ដែល​ទទួលបាន​បញ្ជា​ខាងលើ មាន​រយៈពេល​១៤​ថ្ងៃ​ក្នុងការ​ឆ្លើយតប​។ ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា ខ្លួន​នឹង​តាមដាន​នីតិវិធី​រដ្ឋបាល និង​តុលាការ​ឲ្យ​បាន​ហ្មត់ចត់​។​
 
​ជា​សរុប កងកម្លាំង​ពិសេស​ស​អូស្ត្រាលី​ចំនួន​២៥​នាក់​ជាប់​សង្ស័យ​ក្នុង​ហេតុការណ៍​ចំនួន​២៣ ដែល​នាំ​ឲ្យ​អាប់អោន​ដល់​កងទ័ព និង​អូស្ត្រាលី ហើយក៏​អាចជា​អំពើ​ខុសច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែរ​។ ការសង្ស័យ​នោះ​រួមមាន ការបង្ខំ​ឲ្យ​ទាហាន​ថ្មី​បាញ់សម្លាប់​អ្នកទោស​ដែលជា​ផ្នែក​មួយ​នៃ​ការហ្វឹកហាត់ ការសម្លាប់​កុមារ ការឆែកឆេរ​ផ្ទះសម្បែង និង​ការសម្លាប់​អ្នកទោស​ដែល​គ្មាន​កន្លែង​អង្គុយ​លើ​ឧទ្ធម្ភាគចក្រ​។​
 
​ប្រមុខ​កងទ័ព​អូស្ត្រាលី​អះអាង ទាហាន​ចំនួន​១៩ ក្នុងចំណោម​២៥​នាក់  នឹងត្រូវ​បញ្ជូនទៅ​កាត់ទោស​ដោយ​រាជអាជ្ញា​ពិសេស​។ ក្រោយ​អំពើ​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០០១ អូស្ត្រាលី​បាន​បញ្ជូន​កងទ័ព​២​ម៉ឺន​៦​ពាន់​នាក់​ទៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ចូលរួម​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​តា​លី​បង់ និង​អាល់​កៃ​ដា​៕
 
 
 

Tag:
 អូស្ត្រាលី​
  អា​ហ្វ​ហ្កា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com