ប្រទេសថៃ ទទួលភ្ញៀវទេសចរបរទេស១២០១នាក់ក្នុងខែតុលា ដែលជាចំនួនច្រើនគួរសម ចាប់តាំងពីដាក់បម្រាមជើងហោះហើរទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក្នុងខែមេសាមក។ ការងើបឡើងវិញនេះ គឺក្រោយប្រទេសនេះចាប់ផ្ដើមបើកទទួលជាបណ្តើរៗភ្ញៀវទេសចរបរទេសមួយចំនួន ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួនដែលពឹងផ្អែកមួយផ្នែកធំលើវិស័យទេសចរណ៍។
សេដ្ឋកិច្ចថៃ ដែលធំលំដាប់ថ្នាក់លេខ២នៅតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះ ៦,៤ភាគរយក្នុងត្រីមាសទី បើធៀបនឹងឆ្នាំមុន ក្រោយត្រីមាសទី២ធ្លាក់ចុះរហូតដល់ ១២,២ភាគរយ។ សន្ទុះឡើងវិញនៃសេដ្ឋកិច្ចថៃក្នុងត្រីមាសទី៣ គឺបណ្ដាលមកពីការរឹតត្បិតកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ។ យ៉ាងណាមិញ អវត្តមានរបស់ភ្ញៀវទេសចរ នៅតែបង្អាក់ល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញ។
ភ្ញៀវទេសចរបរទេសទាំង ១២០១ នាក់ ក្នុងខែតុលានេះ គឺជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានរហូតដល់ ៣,០៧លាននាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ បង្ហាញថា អ្នកទេសចរបរទេសទាំងនេះ គឹមានដូចជា ៤៧១នាក់មកពីចិន, ២៣១នាក់ មកពីប្រទេសជិតខាងកម្ពុជា, ១៧៨មកពីបណ្ដាប្រទេសមជ្ឈិមបូព៌ា និង១១៦នាក់មកពីអឺរ៉ុប។ អ្នកទាំងអស់នេះ ធ្វើដំណើរដោយប្រើប្រាស់ទិដ្ឋាការពិសេស ៩០ថ្ងៃ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក២សប្ដាហ៍។
រដ្ឋាភិបាលថៃ ក៏គ្រោងបើកកិច្ចពិភាក្សាឡើងវិញជាមួយចិនជុំវិញការបើកជើងហោះហើរជាថ្មី ដើម្បីជំរុញសេដ្ឋកិច្ចដែលរដ្ឋាភិបាលព្យាករថានឹងធ្លាក់ចុះ៦ភាគរយក្នុងឆ្នាំនេះ។ តែកិច្ចចរចាលើកមុនមិនសូវមានផ្លែផ្កា ហើយត្រូវបោះបង់ចោលក្នុងខែសីហា ក្រោយករណីឆ្លងក្នុងតំបន់អាស៊ីបន្តហក់ឡើង។
តាមពិតទៅ ការរឹតត្បិតលើការចូលទៅកាន់ប្រទេសថៃ បានជួយឲ្យប្រទេសនេះទប់ស្កាត់ករណីឆ្លងកូវីដ-១៩ក្រោម ៤០០០ករណី។ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា មនុស្ស៣៧៨៨នាក់ ជាសះស្បើយ ខណៈ៦០នាក់ស្លាប់។
យ៉ាងណាមិញ ពីខែមករាដល់ខែតុលា ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃ ធ្លាក់ចុះពី៧៩,៥ភាគរយ មកត្រឹម ៦,៦៩លាននាក់ ក្នុងនោះពីខែមេសាដល់កញ្ញា ថៃគ្មានទទួលភ្ញៀវទេសចរបរទេសសូម្បីតែម្នាក់សោះ។
ទីភ្នាក់ងាររៀបចំផែនការរដ្ឋរបស់ថៃ បានព្យាករចំនួនទេសចរបរទេស ៦,៧លាននាក់ក្នុងឆ្នាំនេះ។ កាលពីឆ្នាំ២០១៩ ថៃទទួលភ្ញៀវទេសចរបរទេសរហូតដល់ ៣៩,៩លាននាក់ ដែលចាយលុយជាង៦៣ពាន់លានដុល្លារ ឬស្មើ ១១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)៕