COVID-19
ជាតិ
សង្គមជាតិ
សម្ដេច សាយ ឈុំ ប្រាប់បក្សនយោបាយអាស៊ីអាគ្នេយ៍និងចិន៖ ប្រទេសខ្លះយកកូវីដ-១៩ ធ្វើនយោបាយ សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងតាមវីដេអូទៅកាន់កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិន និងបក្សនាយោបាយអាស៊ីអាគ្នេយ៍។
× កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយអាស៊ីអាគ្នេយ៍ ត្រូវបានរៀបចំនៅថ្ងៃទី២៦ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។ តំណាងបក្សនយោបាយនៅអាស៊ីគ្នេយ៍ជាច្រើននាក់បានចូលរួមក្នុងកិច្ចសន្ទនានេះ ហើយសម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏មានវត្តមានដែរ។ ក្នុងសុន្ទរកថាគន្លឹះ សម្ដេច សាយ ឈុំ ប្រាប់តំណាងបក្សនយោបាយទាំងអស់ថា ខណៈពិភពលោកជួបបញ្ហាលំបាកដោយសារកូវីដ-១៩ មានប្រទេសខ្លះធ្វើនយោបាយលើរឿងនេះទៅវិញ។
ដោយសារការរាតត្បាតជំងឺ COVID-19 កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិននិងបក្សនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២០ ត្រូវធ្វើឡើងពីចម្ងាយ។ តំណាងបក្សកុម្មុយនីស្តចិន គឺលោក សុង ថាវ រដ្ឋមន្ត្រីនៃគណៈទាក់ទងបរទេសគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ដេច សាយ ឈុំ អនុប្រធានគណបក្ស ជាតំណាងគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាតំណាងបក្សនយោបាយនានាមកពីប្រទេសអាស៊ីគ្នេយ៍។
ក្នុងសុន្ទរកថា សម្ដេច សាយ ឈុំ បានលើកឡើងថា កិច្ចសន្ទនានេះ នឹងជួយជំរុញភាពជាដៃគូអាស៊ាន-ចិន ជាវេទិការកដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងចិន។ សម្ដេច សាយ ឈុំ ក៏ឆ្លៀតលើកពីការកេងចំណេញផ្នែកនយោបាយ និងការរុញកំហុសរបស់ប្រទេសមួយចំនួនលើប្រទេសខ្លះ ទាំងដែលជំងឺកូវីដ-១៩ កំពុងបង្កផលប៉ះពាល់ពេញពិភពលោកទៅហើយនោះ។
អ្នកចូលរួមតាមប្រព័ន្ធវីដេអូនាកិច្ចសន្ទនាដែលរៀបចំតាមប្រព័ន្ធវីដេអូ
«ខ្ញុំ សោកស្ដាយដែលប្រទេសខ្លះធ្វើនយោបាយលើវីរុស និងព្យាយាមចោទប្រទេសផ្សេងដោយមិនខ្វល់ពីគោលការណ៍អន្តរជាតិ។» សម្ដេច សាយ ឈុំ លើកឡើងបែបនេះ ហើយបន្តថា សកម្មភាពបែបនេះ មិនបានជួយដោះស្រាយបញ្ហាឡើយ ហើយបែរជាធ្វើស្ថានភាពកាន់តែអាក្រក់។ សម្ដេចលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជម្នះវិបត្តិនេះ។
ក្នុងនាមបក្សប្រជាជនកម្ពុជា សម្ដេច សាយ ឈុំ ស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលសន្យាផ្ដល់វ៉ាក់សាំងដល់ប្រទេសអាស៊ីអាគ្នេយ៍ និងធ្វើឲ្យវ៉ាក់សាំងក្លាយជាផលិតផលសាធារណៈសាកល។ លើសពីនោះ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏ស្វាគមន៍ការប្រកាសផ្អាកការទូទាត់បំណុលរបស់ប្រទេសកំពុងអភិវឌ្ឍផងដែរ សំដៅជួយប្រទេសក្រីក្រក្នុងការកាត់បន្ថយការលំបាក។
ថ្លែងក្នុងពិធីបើកកិច្ចសន្ទនានេះ លោក សុង ថាវ និយាយថា បក្សនយោបាយមានតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងអាស៊ាន-ចិន ដែលមានបញ្ហាប្រឈមដូចជាការកើនឡើងគំនិតគាំពារនិយម និងឯកតោភាគីនិយមជាដើម។ លោកសង្កត់ធ្ងន់ថា បក្សកុម្មុយនីស្តចិន ត្រៀមខ្លួនសហការជាមួយបក្សនយោបាយនានានៅអាស៊ីអាគ្នេយ៍ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់៕
Tag:
សម្ដេច សាយ ឈុំ
ចិន
អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com