ក្រសួង​អប់រំ នឹង​ពង្រាយ​មន្ត្រី​ជាង​៣​ពាន់​នាក់ សម្រាប់​ឃ្លាំមើល​ការប្រឡង​បាក់​ឌុប​
ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ នឹង​ពង្រាយ​មន្ត្រី​ជាង​៣​ពាន់​នាក់ សម្រាប់​ឃ្លាំមើល​ការប្រឡង​បាក់​ឌុប​
26, Nov 2020 , 5:00 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា បានរៀបចំ​និង​ត្រៀម​ពង្រាយ​គណៈមេប្រយោគ​ទូទាំង​រាជធានី​-​ខេត្ត មន្ត្រី​អប្បមាទ និង ជំនួយការ​អប្បមាទ ដែល​សរុប​មាន​ជាង​៣​ពាន់​នាក់ សម្រាប់​ឃ្លាំមើល​និង​ត្រួតពិនិត្យ​លើ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​។

 
​លោក រស់ សុ​វាចា បញ្ជាក់ថា គណៈមេប្រយោគ​ទូទាំង​រាជធានី​-​ខេត្ត នឹងមាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ដឹកនាំ​គណៈកម្មការ​អប្បមាទ ជំនួយការ​អប្បមាទ​ទូទាំងប្រទេស និង គណៈកម្មការ​ត្រួតពិនិត្យ​តាម​អគារ​ប្រចាំ​មណ្ឌល​ប្រឡង​នីមួយៗ​។ លោក បន្តថា គណៈមេប្រយោគ ក៏មាន​តួនាទី​រៀបចំ​និង​គ្រប់គ្រង​ដំណើរការ​សំណេរ រួមទាំង​ទទួលខុសត្រូវ​ចំពោះមុខ​ក្រសួង​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ បន្ថែមថា ចំពោះ​មន្ត្រី​អប្បមាទ និង​ជំនួយការ​អប្បមាទ​វិញ មាន​តួនាទី​ជា​សេនាធិការ​ឲ្យ​ប្រធាន​អប្បមាទ​ទូទាំងប្រទេស​ប្រចាំ​មណ្ឌល​ប្រឡង លើ​ការត្រួត​ពិនិត្យមើល​ស្ថានភាព​ជុំវិញ​មណ្ឌល​ប្រឡង ច្រកចេញចូល​មណ្ឌល ត្រួតពិនិត្យ​លើ​អនុរក្ស​ដែល​កំពុង​ហៅ​ឈ្មោះ​បេក្ខជន​ប្រឡង​ចូលក្នុង​បន្ទប់​ប្រឡង និង​សង្កេត​ដំណើរការ​ប្រឡង​ប្រចាំ​មណ្ឌល​ប្រឡង​។  
 
​លោក មានប្រសាសន៍ថា​៖«​ជំនួយការ​អប្បមាទ ត្រូវ​ជ្រើសរើស​ចេញពី​គរុ​សិស្ស និង​គរុ​និស្សិត​ដែលមាន​ភាព​ហ្មត់ចត់ ស្មោះត្រង់ សុចរិត​ភាព ស្នាដៃ​ល្អ និង​មាន​សា្មរ​តី​ទទួលខុសត្រូវ​»​។ 
 
​បើតាម​អ្នកនាំពាក្យ​ខាងលើ​ដដែល ដើម្បី​ឲ្យ​ដំណើការ​ប្រឡង​បាក់​ឌុប​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល​ទទួលយកបាន ក្រសួង​អប់រំ​នឹង​បន្ត​កិច្ចសហការ​ជាមួយ​បណ្តា​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​។ អ្នកនាំពាក្យ បាន​ឲ្យ​ដឹងថា ក្នុងនោះ​ក៏មាន​ក្រសួងសុខាភិបាល​ដែរ ដែល​នឹងត្រូវ​ពង្រាយ​មន្ត្រី​ក្នុងការ​ត្រួតពិនិត្យ និង​តាមដាន​សុខភាព​បេក្ខជន​ប្រឡង​។ 
 
​លោក ថ្លែងថា​៖«​ក្រសួង​អប់រំ រៀបចំ​បន្ទប់​សុខភាព​បំពាក់​សម្ភារ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម ដោយ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល និង​រៀបចំ​បន្ទប់​បម្រុង​ដោយឡែក​សម្រាប់​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព ដូចជា មាន​កម្តៅ​លើសពី ៣៧,៥ អង្សា ជាដើម​»​។ 
 
​ជាមួយគ្នានេះ លោក និយាយទៀតថា ក្រសួង​អប់រំ នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​សម្រាប់​ពង្រាយ​អាជ្ញាធរ​មូលដ្ឋាន​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ដំណើរការ​ប្រឡង​បាក់​ឌុប ហើយ​មន្ត្រី​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​នៅតែ​ត្រូវដាក់​តា​មណ្ឌល​ប្រឡង ដូច​រាល់​ឆ្នាំ​ដដែល​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​រូបនេះ លើកឡើង​ទៀតថា មុន​ការប្រឡង​បាក់​ឌុប​មកដល់ ក្រសួង​អប់រំ ក៏បាន​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្រាប់​បង្រៀន​បំប៉នបន្ថែម​ដល់​សិស្សានុសិស្ស​នៅតាម​មូលដ្ឋាន​មួយចំនួន​ផងដែរ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​ចំណេះដឹង​សម្រាប់​ត្រៀមប្រឡង​បាក់​ឌុប​។ 
 
​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​ជាង​១២​ម៉ឺន​នាក់ ក្នុងនោះ​ស្រី​ជាង​៦,៣​ម៉ឺន​នាក់ និង​មាន​មណ្ឌល​ប្រឡង​២១០​មណ្ឌល​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺមាន​ការកើនឡើង​ជា​ង​៤​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ជាង​១១,៥​ម៉ឺន​នាក់​៕ 
 
 
 

Tag:
 
 ​ប្រឡង​
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com