ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូតស៊ុយអែតនឹងរើការិយាល័យពីភ្នំពេញទៅបាងកកនៅចុងឆ្នាំ២០២១
27, Nov 2020 , 8:58 am        
រូបភាព
លោកស្រី Ann Linde រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត។ រូបថត AFP
លោកស្រី Ann Linde រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត។ រូបថត AFP
ដោយ: រួបរួម
រដ្ឋាភិបាលពីស៊ុយអែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានប្រកាសពីការសម្រេចបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា នាចុងឆ្នាំ២០២១ ដោយប្តូរទៅក្រុងបាងកក ប្រទេសថៃវិញ។ សេចក្តីប្រកាសព័ត៌មានដែលចេញដោយលោកស្រី Ann Linde រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អ ប៉ុន្តែនឹងបន្តសហប្រតិបត្តិការតាមផ្លូវថ្មីមួយទៀត។



ការរុះរើទីតាំងស្ថានទូតនេះ មានន័យថា ស៊ុយអែតនឹងមានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងថៃ ដោយមាននិវេសនដ្ឋាននៅក្រុងបាងកក។ រាល់សកម្មភាពរបស់ក្រសួងការបរទេស ក៏នឹងត្រូវផ្ទេរទៅកាន់ស្ថានទូតប្រចាំក្រុងបាងកក ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានដដែល នៅពេលដែលស្ថានទូតបិទ ក្រសួងការបរទេសស៊ុយអែត នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្ត ដោយទីភ្នាក់ងារអភិវឌ្ឃន៍អន្តរជាតិស៊ុយអែត (Sida)។

ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការសម្របខ្លួនប្រចាំរបស់ស្ថាប័ននៅបរទេសរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី»។ នេះបើតាមក្រសួងការបរទេសស៊ុយអែត ដោយបន្ថែមថា នេះជាដំណើរការផ្លាស់ប្តូរជាប្រចាំដែលពេលខ្លះស៊ុយអែតត្រូវបើក ឬបិទ ស្ថានទូត និងកុងស៊ុលរបស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com