លោក ត្រាំ ថា នឹង​ដើរ​ចេញពី​សេត​វិមាន បើ​ប្រតិភូ​បោះឆ្នោត​បោះ​ឲ្យ​លោក បៃ​ឌិន ធ្វើ​ប្រធានាធិបតី​
អន្តរជាតិ
លោក ត្រាំ ថា នឹង​ដើរ​ចេញពី​សេត​វិមាន បើ​ប្រតិភូ​បោះឆ្នោត​បោះ​ឲ្យ​លោក បៃ​ឌិន ធ្វើ​ប្រធានាធិបតី​
27, Nov 2020 , 10:21 am        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃទី ២៦ ខែវិច្ឆិកា នៅសេតវិមាន ។ រូបភាព៖ AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃទី ២៦ ខែវិច្ឆិកា នៅសេតវិមាន ។ រូបភាព៖ AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ថា លោក​នឹង​ចាក​ចេញពី​សេត​វិមាន បើ​ប្រតិភូ​បោះឆ្នោត (Electoral College) គាំទ្រ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ។ ទោះជា​ប្រកាស​បែបនេះ​ក្ដី លោក ត្រាំ នៅតែ​មិន​ព្រម​ទទួលស្គាល់ថា ចាញ់ឆ្នោត ហើយ​ថែមទាំង​បន្ត​ចោទប្រកាន់​គ្មាន​ភស្តុតាង​ថា ការបោះឆ្នោត​មាន​ការលួចបន្លំ​។​

 
​ថ្លែង​ទៅកាន់​អ្នកកាសែត​នៅ​ថ្ងៃបុណ្យ Thanksgiving លោក ដូ​ណា​ល់ ត្រាំ និយាយថា ប្រសិន​លោក ចូ បៃ​ឌិន ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​បោះឆ្នោត​បញ្ជាក់​ផ្លូវការ​ថា ជា​អ្នកឈ្នះឆ្នោត​ពី​សំណាក់​ប្រតិភូ​បោះឆ្នោត លោក​នឹង​ដើរ​ចេញពី​សេត​វិមាន​។ ប៉ុន្តែ លោក ត្រាំ ទទួលស្គាល់ថា លោក​ពិបាក​នឹង​ព្រម​ចុះចាញ់​ក្រោម​កាលៈទេសៈ​បច្ចុប្បន្ននេះ ហើយ​លោក​ក៏​បដិសេធ​បញ្ជាក់ថា នឹងចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក បៃ​ឌិន ឬ​អត់​ផងដែរ​។ 
 
​ទោះជា​កាលពីដើម​សប្ដាហ៍​នេះ លោក ត្រាំ បាន​យល់ព្រម​ឲ្យ​លោក​បៃ​ឌិន​ដំណើរការ​នីតិវិធី​ផ្ទេរអំណាច​ផ្លូវការ​ក៏ដោយ មកទល់ពេលនេះ លោក ត្រាំ បាន​បន្ត​បដិសេធ​ទទួលស្គាល់​ពេញលេញ​បរាជ័យ​របស់លោក​។ 
 
​ពេល​ត្រូវ​សួរថា តើ​លោក​នឹង​ចាក​ចេញពី​សេត​វិមាន ប្រសិនបើ​ប្រតិភូ​បោះឆ្នោត បោះ​ឲ្យ​លោក​បៃ​ឌិន​ក្លាយជា​ប្រធានាធិបតី លោក ត្រាំ និយាយ​ខ្លី​ដូច្នេះ​ថា​៖«​ច្បាស់​ណាស់ ខ្ញុំ​នឹង​ចេញ​»​។  យ៉ាងណាមិញ សម្រាប់​លោក​ត្រាំ វា​នឹង​មានរឿង​ច្រើន​កើតឡើង​ចន្លោះ​ពី​ឥឡូវនេះ និង​ថ្ងៃទី​២០ ខែមករា​។   «​ការលួចបន្លំ​ទ្រង់ទ្រាយ​ធំ ត្រូវបាន​រកឃើញ​។ យើង​គឺ​ដូច​ប្រទេស​តតិយលោក​»​។ លោក​សង្កត់ធ្ងន់​បែបនេះ​ខណៈ​បន្ត​មិន​ផ្ដល់​ភស្តុតាង​ទាក់ទិន​នឹង​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ 
 
​លោក បៃ​ឌិន បានឈ្នះ​ការបោះឆ្នោត​ជាមួយ​ចំនួន​ប្រតិភូ​បោះឆ្នោត​សរុប​៣០៦ ទល់នឹង​របស់លោក​ត្រាំ ២៣២​។ ដើម្បី​ក្លាយជា​ម្ចាស់​សេត​វិមាន​អាមេរិក បេក្ខជន​ប្រធាន​ធិបតី ត្រូវការ​សំឡេងគាំទ្រ​ពី​អង្គ​បោះឆ្នោត​យ៉ាងតិច ២៧០ ។ ប្រតិភូ​ទាំងអស់ នឹង​ជួបគ្នា​នា​ថ្ងៃទី ១៤ ខែធ្នូ ដើម្បី​កំណត់​លទ្ធផល​ផ្លូវការ​។ លោក បៃ​ឌិន ក៏​នាំមុខ​លោក​ត្រាំ​ជាង​៦​លាន​សន្លឹកឆ្នោត​។​
 
​កិច្ចប្រឹងប្រែង​របស់លោក ត្រាំ និង​ទីប្រឹក្សា​លោក​ក្នុង​បដិសេធ​លទ្ធផល​ឆ្នោត​ក្នុង​រដ្ឋ​គន្លឹះៗ ទាំង​ដោយ​ការប្ដឹងតវ៉ា ឬ​ដោយ​ការដាក់​សម្ពាធ​លើ​សមាជិកសភា​រដ្ឋ​នោះ សុទ្ធតែ​មិន​ទទួលបាន​ជោគជ័យ ហើយ​ឥឡូវនេះ លោក​ក៏ដូចជា​អស់​មធ្យោបាយ​ហើយ​។ 
 
 
 
​នៅ​រដ្ឋ​អាមេរិក បេក្ខជន​តំណាង​បក្សនយោបាយ អាច​ក្លាយ​ប្រធានាធិបតី តាមរយៈ​ការទទួលបាន​ប្រតិភូ​បោះឆ្នោត​ភាគច្រើន ហើយ​ចំនួន​ប្រតិភូ​នេះ ទទួលបាន​តាម​យៈ​ការ​ឈ្នះ​សំឡេង​បោះឆ្នោត​ភាគច្រើន​ពី​ប្រជាជន​នៅតាម​នីមួយៗ​។ ប្រតិភូ​បោះឆ្នោត ដែល​ត្រូវ​បែងចែក​ក្នុង​រដ្ឋ​ទាំង​៥០ បូក​នឹង​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវបាន​កំណត់ដោយ​ផ្អែកលើ​សមាមាត្រ​នៃ​ប្រជាជន​ក្នុង​រដ្ឋ​។ ប្រតិភូ​បោះឆ្នោត ក៏​ជា​អ្នក​ស្មោះស្ម័គ្រ​របស់​បក្ស ដែល​សន្យា​បោះឆ្នោត​គាំទ្រ​បេក្ខជន ដែល​ឈ្នះឆ្នោត​ពី​ប្រជាជន​ក្នុង​រដ្ឋ​ពួកគេ​ផងដែរ​៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com