ជាតិ
សុខភាព
ស្វែងយល់ពីមធ្យោបាយពន្យារកំណើត!
09, May 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ការពន្យារកំណើត គឺជាការពន្យារនៃកំណើតកូនពីមួយទៅកូនមួយ យ៉ាងតិចឱ្យបានបីឆ្នាំ ហើយការពន្យារកំណើតនេះ ជួយឱ្យស្រ្តីមានពេលថែសុខភាពបានល្អ។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ បានឱ្យដឹងថា មធ្យោបាយពន្យារកំណើត មានដូចជា ការប្រើប្រតិទិន,ការបំបៅដោះកូន, ថ្នាំចាក់,ថ្នាំលេប ,ដាក់កងក្រោមស្បូន-ស្បែក និងការប្រើស្រោមអនាម័យជាដើម។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងតាមដានបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖


 
បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី ការប្រើមធ្យោបាយពន្យារកំណើតមានផលរំខានតិចតួចដល់ស្រ្តី ដូចជា ឡើងគីឡូ ក្ដៅខ្លួន និងវិលមុខជាដើម ប៉ុន្តែផលរំខានទាំងនេះ នឹងបាត់ទៅវិញក្នុងរយៈពេល១-២សប្ដាហ៍។ ដោយឡែក សម្រាប់អត្ថប្រយោជន៍វិញ មធ្យោបាយពន្យារកំណើតមួយចំនួន ជួយឱ្យស្រ្តីបាត់មុន និងជួយរក្សាទម្ងន់ស្រ្តី។  
 
ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ វេជ្ជបណ្ឌិត ប៉ិច សុធី បានណែនាំឱ្យ ស្រ្តីនិងដៃគូ មុននឹងប្រើមធ្យោបាយពន្យារកំណើត ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យសមស្របជាមួយសុខភាពរបស់ស្រ្តី។ លោកវេជ្ជបណ្ឌិត បានពន្យល់ដូច្នេះថា៖ «នៅពេលស្រ្តីគាត់មកទទួលការពិគ្រោះ គ្រូពេទ្យនឹងពិនិត្យសុខភាពរបស់គាត់ ថាគាត់អាចទទួលមធ្យោបាយមួយណា។ បើគាត់ចង់ពន្យាររយៈពេលឆាប់ យើងអាចឱ្យគាត់ប្រើមធ្យោបាយប្រតិទិន ថ្នាំគ្រាប់ជាដើម។ បើរយៈពេលយូរយើងមានកងដាក់ស្បូន ថ្នាំចាក់ ឬការបញ្ឈប់កំណើតទាំងស្រុងតែម្ដង។ អីចឹងយើងពន្យល់ពីជម្រើសមធ្យោបាយពន្យារកំណើត ផលរំខានហើយស្រ្តីជាអ្នកជ្រើសរើសថាគាត់ចង់បានការពន្យារកំណើតមួយណាដើម្បីឱ្យគាត់ទទួលបានការពន្យារកំណើតមួយដែលសមស្របនឹងសុខភាព»៕ 
 
 
 
 

Tag:
 ពន្យារកំណើត
  សុខភាព
 ប៉ិច សុធី
© រក្សាសិទ្ធិដោយ thmeythmey.com