COVID-19
អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីល ប្រកាសថា អត់ចាក់វ៉ាក់សាំងកូវីដ-១៩ ឡើយ
27, Nov 2020 , 2:57 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) ។ រូបភាព៖ AFP
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) ។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃទី ២៦ ខែវិច្ឆិកា បានបញ្ជាក់ថា លោកនឹងមិនចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ឡើយ។ នេះជាការលើកឡើងចុងក្រោយដែលបង្ហាញការមិនទុកចិត្តចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ទោះជាករណីឆ្លងក្នុងប្រទេសនៅតែកើនឡើង។ លោកក៏ធ្លាប់និយាយលេងសើចថា នឹងយកវ៉ាក់សាំងទៅចាក់ឲ្យឆ្កែខ្លួន។

 
បច្ចុប្បន្ន ប្រេស៊ីល មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខ្ពស់លំដាប់លេខ២លើពិភពលោក ហើយលោកប្រធានាធិបតី បុលសូណារ៉ូ នៅតែបន្តមើលស្រាលភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកលកូវីដ-១៩ បើទោះជាធ្លាប់ឆ្លងជំងឺនេះកាលពីខែកក្កដាក៏ដោយក្តី។ 
 
«ខ្ញុំប្រាប់អ្នក ខ្ញុំនឹងអត់ចាក់វា[ថ្នាំវាក់សាំងកូវីដ-១៩]ឡើយ។ នេះជាសិទ្ធិខ្ញុំ»។ លោក បុលសូណារ៉ូ លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ លោកនិយាយបន្ថែមថា សភាប្រេស៊ីល ក៏ទំនងមិនតម្រូវឲ្យពលរដ្ឋប្រេស៊ីលចាក់ថ្នាំវ៉ាក់សាំងផងដែរ។ 
 
ទន្ទឹមនឹងនេះ លោក បុលសូណារ៉ូ ក៏បានបង្ហាញការមិនទុកចិត្តចំពោះប្រសិទ្ធភាពនៃការពាក់ម៉ាស់ ដោយអះអាងថា វាមានភស្តុតាងប្រាកដប្រជាតិចតួចណាស់ដែលបញ្ជាក់ពីប្រសិទ្ធភាពនៃការពាក់ម៉ាស់ ជួយបង្ការការចម្លងវីរុសកូរ៉ូណា។ 
 
លោកប្រធានាធិបតីប្រេស៊ីលរូបនេះ និយាយម្ដងហើយម្ដងទៀតថា ពលរដ្ឋប្រេស៊ីល នឹងមិនតម្រូវឲ្យចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ឡើយ នៅពេលវ៉ាក់សាំងកូវីដ-១៩ មានឲ្យប្រើប្រាស់ទូលំទូលាយនោះ។ កាលពីខែតុលា លោកក៏ធ្លាប់និយាយលេងសើចលើបណ្ដាញសង្គម Twitterលោកថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងតម្រូវឲ្យចាក់តែសម្រាប់សត្វឆ្កែលោកប៉ុណ្ណោះ។ 
 
គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា ប្រេស៊ីល មានករណីឆ្លងកូវីដ-១៩រហូតដល់ ៦,២លានករណី ក្នុងនោះជាសះស្បើយជាង៥,៥៣លាននាក់ ខណៈអ្នកស្លាប់មានជាង១៧,១ម៉ឺននាក់៕
 
 

Tag:
 ប្រេស៊ីល
  Jair Bolsonaro
  វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com