២នាក់ស្លាប់ និង៩នាក់សម្រាកព្យាបាល ក្រោយផឹកទឹកអណ្តូងដែលមានអ្នកយកថ្នាំពុលទៅលាង
ជាតិ
សង្គមជាតិ
២នាក់ស្លាប់ និង៩នាក់សម្រាកព្យាបាល ក្រោយផឹកទឹកអណ្តូងដែលមានអ្នកយកថ្នាំពុលទៅលាង
27, Nov 2020 , 3:19 pm        
រូបភាព
យ៉ាងហោចមានមនុស្ស ២នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានករណីពុលទឹកអណ្ដូងមួយ ដែលបានកើតឡើង កាលពីថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

 
ករណីនេះបានកើតឡើង នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ២៧ ខែវិច្ឆិកានេះថា៖«មានពលរដ្ឋ ១២នាក់ដែលបានពុលទឹកអណ្ដូងនេះ និងមានពលរដ្ឋ ២នាក់បានស្លាប់ (ស្រី) ហើយ៩នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ 
 
បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង ពលរដ្ឋប្រមាណ២០នាក់ បានទៅច្រូតកាត់ស្រូវវស្សាអំឡុងពេលស្រូវពួកគាត់ទុំ។ ក្រោយមកដោយសារពួកគាត់ស្រេកទឹក ហើយនៅក្បែរនោះមានអណ្ដូងជីកមួយ ទើបសម្រេចផឹកទឹកអណ្ដូងនោះ ដោយមិនដឹងថាមានអ្នកយកធុងថ្នាំពុលទៅលាងនៅទីនោះឡើយ។ បន្ទាប់មកពួកគាត់ក៏មានអាការៈពុល អាជ្ញាធរមូលដ្ឋានក៏បានបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកទឹកផុសភ្លាមៗ តែអកុសល ធ្វើឲ្យមនុស្ស ២នាក់ ក្នុងចំណោម ១២នាក់ស្លាប់។
 
ដោយឡែកសមត្ថកិច្ចបានសន្និដ្ឋានថាមូលហេតុដែលពុលនេះ គឺមកពីមានអ្នកយកធុងដែលប្រើប្រាស់ថ្នាំពុលកសិកម្ម ទៅលាងនៅមាត់អណ្ដូង ហើយហូរចូលក្នុងអណ្ដូង ទើបពេលកសិករទាំងនោះទទួលទានទឹក ធ្វើឲ្យពួកគាត់ពុល។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្ត។
 
អភិបាលខេត្តរូបនេះបានបន្ថែមថា ដ្បិតអ្នកជំងឺទាំង ៩ នាក់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត តែអាជ្ញាធរនៅតែបន្តតាមដានពីស្ថានភាពអ្នកជំងឺ។ បច្ចុប្បន្នអណ្ដូងទឹកនេះត្រូវបានបិទ ដើម្បីយកទឹកទៅធ្វើពិសោធ។ ដោយឡែកសមត្ថកិច្ច ក៏កំពុងស្វែងរកមុខអ្នកដែលបង្ក ដើម្បីយកមកសួរនាំផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com