ជាតិ
អត្ថបទពាណិជ្ជកម្ម
ភ្នាក់ងារ វីង រួមគ្នាទប់ស្កាត់អំពើឆបោក
27, Nov 2020 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
ល្បិចឆបោកតាមហ្វេកបុក ឬតេតាមទូរសព្ទឲ្យផ្ញើប្រាក់ដើម្បីទទួលបានរង្វាន់ ឬជាថ្នូរដូរយកកាដូ ឬទំនិញជាដើម ជារើយៗត្រូវបានភ្នាក់ងារវីងជួយអន្តរាគមន៍ទាន់ពេល មុនពេលជនរងគ្រោះធ្វើការផ្ទេរប្រាក់ទៅឲ្យជនឆបោកតាមរយៈវីង។
 
ជាក់ស្តែងកាលពីសប្តាហ៍មុន នៃខែវិច្ឆិកានេះ អតិថិជនម្នាក់បានមកភ្នាក់ងារវីង នៅក្រុងតាខ្មៅដើម្បីផ្ញើប្រាក់ចំនួន ៨០០ដុល្លារ ឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយនៅខេត្តសៀមរាប ជាថ្នូរបង់ពន្ធ និងថ្លៃដឹកជញ្ជូនមុនទទួលកាដូដែលមានតម្លៃជាង ២ម៉ឺនដុល្លារ ដែលជនល្មើសអះអាងថាបានផ្ញើមកពីបរទេស។
 
«មកដល់ភ្លាមគាត់ប្រាប់ខ្ញុំថា គាត់ត្រូវការបង់ថ្លៃដឹកជញ្ជូនឲ្យក្រុមហ៊ុន។ ពេលនោះខ្ញុំក៏សួររកវិក្កយបត្រ និងឯកសារផ្សេងទៀតរបស់ក្រុមហ៊ុន គាត់ក៏ហុចលេខបុគ្គលធម្មតា ដែលមិនមែនជាលេខក្រុមហ៊ុនទៅវិញ»។ នេះបើតាមឲ្យដឹងពី អ្នកស្រី សុផា ស្រីអូន ដែលជាភ្នាក់ងារវីង ស្លាកយ៊ីហោ ភួង សារ៉ាក់។ ក្រោយពីដឹងថាវាជាករណីឆបោក អ្នកស្រីបានប្រាប់អតិថិជនរបស់ខ្លួនឲ្យទុកប្រាក់វិញភ្លាម។ 


 
អ្នកស្រីបាននិយាយថា៖ «ក្នុងនាមជាអ្នកផ្តល់សេវាវីង ការធានាសុវត្តិភាព និងផ្តល់សេវាល្អដល់អតិថិជន វាជាតួនាទីរបស់ខ្ញុំ»។ អ្នកស្រីបានបន្តថា  គាត់តែងតែយកចិត្តទុកដាក់តាមដានព័ត៌មានទាំងឡាយដែលក្រុមហ៊ុន វីង បានចែករំលែក និងបានប្រកាន់ខ្ជាប់ខ្ជួនពីនីតិវិធីរបស់ក្រុមហ៊ុន ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។
 
ថ្មីៗនេះមានអំពើឆបោកស្រដៀងគ្នាមួយចំនួនបានកើតឡើង តែដោយសារមានកិច្ចសហការល្អរវាងភ្នាក់ងារវីង និងបុគ្គលិកវីង អំពើឆបោកទាំងនោះត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ភ្នាក់ងារវីង និងបុគ្គលិកវីង បានកំពុងធ្វើការរួមគ្នាយ៉ាងស្អិតរមួតដើម្បីធានាពីសុវត្ថិភាពជូនដល់អតិថិជន។
 
ជាចុងក្រោយ អ្នកស្រីសំណូមពរដល់អតិថិជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលផ្ទេរប្រាក់ទៅអ្នកទទួលដែលយើងមិនស្គាល់អត្តសញ្ញាណច្បាស់លាស់៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com