ជាតិ
សង្គមជាតិ
អ្នកនាំពាក្យរដ្ឋាភិបាល៖«យើង អត់មានប៉ះទង្គិចអីជាមួយ [ស៊ុយអែត] ទេ»
27, Nov 2020 , 4:35 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា ការដែលរដ្ឋាភិបាលស៊ុយអែត រើស្ថានទូតខ្លួន ចេញពីរាជធានីភ្នំពេញ ទៅទីក្រុងបាងកក ប្រទេសថៃ គឺជារឿងផ្ទៃក្នុងរបស់រដ្ឋាភិបាលស៊ុយអែត។ តែ លោក បញ្ជាក់ថា ការដកស្ថានទូតចេញនេះ មិនមែនដោយសារតែកម្ពុជានិងស៊ុយអែត មានបញ្ហាអ្វីជាមួយគ្នានោះទេ។

 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន ថ្លែងដូច្នេះថា៖«យើងអត់មានប៉ះទង្គិចអី [ជាមួយស៊ុយអែត] ទេ។ យើង នៅតែពង្រឹងកិច្ចសហប្រតិតប្តិការ»។
 
អ្នកនាំពាក្យរដ្ឋាភិបាល បន្តថា គ្មានប្រទេសណាមួយ ដែលជាសត្រូវរបស់កម្ពុជាឡើយ ហើយក៏គ្មានប្រទេសណាមួយ ដែលកម្ពុជា ចាត់ទុកជាសត្រូវដែរ។ លោក បន្ថែមថា ប្រទេសទាំងអស់ ជាមិត្តរបស់កម្ពុជា។  
 
លោក មើលឃើញថា ការរើស្ថានទូតចេញពីកម្ពុជា មិនបង្កជាឧបសគ្គដល់ចំណងមេត្រីភាព និងមិនបង្កការលំបាកដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងស៊ុយអែតឡើយ។ លោក មានប្រសាសន៍ថា ប្រទេសខ្លះ ក៏គ្មានស្ថានទូតនៅកម្ពុជាដែរ តែនៅតែអាចមានកិច្ចសហប្រត្តិការជាមួយគ្នាបាន។    
 
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេសស៊ុយអែត ប្រកាសថា ស្ថានទូតខ្លួននៅភ្នំពេញ នឹងត្រូវបិទនៅចុងឆ្នាំ២០២១ ហើយនឹងរើទៅបាំងកកវិញ។ ក្រោយរើស្ថានទូតពីកម្ពុជា ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា គឺនៅតែមានដដែល ប៉ុន្តែ ស្ថានទូតនិងនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតស៊ុយអែត ស្ថិតនៅក្នុងប្រទេសថៃ។  
 
ក្រសួងការបរទេសស៊ុយអែត សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ស៊ុយអែត មានទំនាក់ទំនងល្អជាមួយកម្ពុជា។ [តែ] ទំនាក់ទំនងនេះ នឹងបន្តតាមផ្លូវថ្មីវិញ»។

សូមរម្លឹកថា កម្ពុជានិងស៊ុយអែត បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៦១មក ដែលមកដល់ឆ្នាំ២០២០នេះ មានរយៈពេល៥៩ឆ្នាំមកហើយ។ ស៊ុយអែត ត្រូវបានចាត់ទុកជាប្រទេសម្ចាស់ជំនួយធំមួយ ដែលតែងផ្តល់ជំនួយលើការអភិវឌ្ឍវិស័យនានានៅកម្ពុជា៕ 
 

Tag:
 ស៊ុយអែត
  ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com